ព្រឹតិ្តការណ៍ថ្មីៗ

កម្ពុជា នឹងរៀបចំពិព័រណ៍ទេសចរណ៍ជាតិ ប្រចាំឆ្នាំ២០១៨ ចាប់ពីថ្ងៃទី២០-២២ កក្កដា នៅកោះពេជ្រ

2 សប្តាហ៍ មុន 45 តូ សុផល

ភ្នំពេញ៖ ក្រសួងទេសចរណ៍ សហការជាមួយ សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា និង ដៃគូរវិស័យឯកជន គ្រោងនឹងប្រារពធ្វើពិព័រណ៍ទេសចរណ៍ក្នុងស្រុករយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២០ដល់២២ខែកក្កដាខាងមុខនេះនៅមជ្ឈមណ្ឌលកោះពេជ្រ ដើម្បីជម្រុញចលនាទេសចរណ៍ក្នុងស្រុក ឱ្យកាន់តែមានសន្ទុះ ច្រើន ឡើងថែមទៀត។
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានលើកឡើងនៅក្នុងកិច្ចប្រជុំមួយដើម្បីរៀបចំពិព័រណ៍ទេសចរណ៍នេះ នារសៀលថ្ងៃទី០៣ខែកក្កដា នៅទីស្តីការក្រសួងថា ការរៀបចំឱ្យមានពិព័រណ៍ទេសចរណ៍ក្នុងស្រុក ប្រចាំនៅឆ្នាំ២០១៨ គឺដើម្បីជួយលើកស្ទួយប្រជាសហគមន៍ និងសហគមន៍តំបន់ទេសចរណ៍ក្នុងស្រុក ក៏ដូចជាប្រតិបត្តិករទេសចរណ៍ទាំងអស់ ឱ្យបានចូលរួមក្នុងកម្មវិធីពិព័រណ៍ជាតិ និងបានតាំងបង្ហាញនូវផលិតផល សកម្មភាពទេសចរណ៍ និងភាពទាក់ទាញរបស់សហគមន៍ខ្លួន ដែលកំពុងមានតម្រូវការ នូវការទទួលស្គាល់ពីភ្ញៀវទេចរណ៍ជាតិ និងអន្តរជាតិ ហើយអាចជាប្រយោជន៍ ដើម្បីថែរក្សា បង្កើនការយល់ដឹងអំពីផលិផលជាតិ និងតំបន់ទេសចរណ៍ក្នុងស្រុក ដើម្បីឱ្យមានការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។
លោកស្រីបន្តថា ក្រៅពីនេះជាបង្កើនការយល់ដឹង និងធ្វើឱ្យស្គាល់កាន់តែច្បាស់ អំពីផលិតផលជាតិ ដល់សាធារណៈជន ដើម្បីងាយស្រួល ក្នុងការពង្រីកកញ្ចប់ទស្សនកិច្ច និងពន្យាពេលស្នាក់នៅរបស់ភ្ញៀវទេសចរ។ មួយទៀតក៏ជាការផ្សព្វផ្សាយនូវតំបន់ទេសចរណ៍ថ្មីៗ នៅទូទាំងប្រទេសដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិបានស្គាល់ពិសេសការរៀបចំពិព័រណ៍ម្ហូបអាហារ ការជម្រុញការផ្សព្វផ្សាយអំពីម្ហូបអាហារជាតិ ដល់អ្នកចូលរួមទស្សនា បានស្គាល់និងមានភាពទូលំទូលាយពីអត្ថសញ្ញាណម្ហូបអាហារខ្មែរ ដែលសព្វថ្ងៃនេះការផ្សព្វផ្សាយនៅមានកម្រិត ត្រូវបង្កើតឱ្យមានសកម្មភាព ទេសចរណ៍កាន់តែច្រើន ដើម្បីពន្លឿនការអភិវឌ្ឍន៍ ដើរឱ្យទាន់សម័យកាលទំនើប ក្នុងសហគមន៍អាស៊ាន។
លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ក៏បានជម្រុញឱ្យប្រតិបត្តិករទេសចរណ៍ទាំងអស់យកចិត្តទុកដាក់បន្ថែមទៀត ទៅលើភ្ញៀវទេសចរក្នុងស្រុក ព្រោះទេសចរក្នុងស្រុក ពិតជាបានចូលរួមយ៉ាងសំខាន់ ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ចប្រទេស។
លោករដ្ឋមន្រ្តីបន្តថា ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ បានកាន់តែច្រើន ប្រតិបត្តិករ សហគមន៍ និងតំបន់ទេសចរណ៍ ទាំងអស់ ត្រូវពង្រីកហេដ្ឋារចនាសម្ព័ន្ធ ពង្រឹងយន្តការសេវាកម្មឱ្យបានកាន់តែល្អ ទាំងបរិស្ថាន អនាម័យ គុណភាព សោភណ្ឌភាព និងតម្លៃ ធ្វើយ៉ាងណាឱ្យភ្ញៀវទទួលយកបាន ទាំងកម្រិតទាប មធ្យម និងកម្រិតខ្ពស់។
លើសពីនេះ ត្រូវយកចិត្តទុកដាក់ខ្ពស់បំផុត លើសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ទាំងការស្នាក់នៅ ដំណើរទស្សនកិច្ច ធ្វើយ៉ាងណាត្រូវមានអ្នកជំនាញ និងសមត្ថកិច្ច តាមជាប់ជានិច្ច ដើម្បីឱ្យធានាបានថា ភ្ញៀវទសចរមានភាពកក់ក្តៅ និងច្បាស់លាស់ក្នុងចិត្ត ដែលជាការទាក់ទាញដ៏សំខាន់មួយ សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ នៅពេលក្រោយៗទៀត។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ