ព្រឹតិ្តការណ៍ថ្មីៗ

ឧកញ៉ាបណ្ឌិតទ្រីភាព អញ្ជើញសម្ភោធសមិទ្ធិផលនានាក្នុងវត្តអង្គកែវឧត្តម ស្រុកកណ្តាលស្ទឹង

4 ខែ មុន 70 តូ សុផល

កណ្តាល ៖ ឯកឧត្តម ឧកញ៉ា បណ្ឌិត ទ្រី ភាព ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា និងជាអនុប្រធានទី២ គណៈអចិន្ត្រៃយ៍ គណៈពង្រឹងមូលដ្ឋានស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធសមិទ្ធិផលនានា ក្នុងវត្តអង្គកែវឧត្តម ស្ថិតនៅឃុំថ្មី ស្រុកកណ្តាលស្ទឹង នាថ្ងៃអាទិត្យ ៤រោច បឋមាសាឍ ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨។

ក្នុងពិធីសម្ពោធឆ្លងសមិទ្ធិផលនានា ក្នុងវត្តអង្គកែវឧត្តម ឯកឧត្តម ឧកញ៉ា បណ្ឌិត បានថ្លែងថា រូបលោកនិងក្រុមការងារថ្ងៃនេះមាន សេចក្តីសោមនស្ស រីករាយជាខ្លាំង ដោយបានឃើញសមិទ្ធិផល នានាក្នុងវត្ត នេះមានភាពរីកចម្រើនផ្នែកវិស័យសាសនា ហើយបានដាក់សម្ពោធជាផ្លូវការជូនបងប្អូនប្រជាពលរដ្ឋ ឱ្យបានប្រើប្រាស់ដើម្បីជាប្រយោជន៍ទាំងអស់គ្នា។

លោកបានថ្លែងបញ្ជាក់ទៀតថា ប្រទេសជាតិបានធ្លាប់ ជួបប្រទះសង្គ្រាម និងតំណាក់កាលលំបាកៗជាច្រើន ហើយអ្វីដែលនៅសេសសល់ និងអាចរស់រានមានជីវិត គឺដោយសារការរំដោះថ្ងៃ៧មករា ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ។ ហើយចាប់តាំងពីពេលនោះមករាជរដ្ឋាភិបាលបានខិតខំ តស៊ូយ៉ាងលំបាក ដើម្បីដឹកនាំ និងក៏សាងប្រទេសឡើងវិញ រហូតប្រទេសជាតិមានការអភិវឌ្ឍន៍ ជឿនលឿន ស្ទើរគ្រប់វិស័យដូចបច្ចុប្បន្ន។

លោកឧកញ៉ា បានថ្លែងបានថ្លែងអំណរគុណដល់ អាជ្ញាធរគ្រប់លំដាប់ថ្នាក់និងមន្រ្តីរាជការ ដែលបានខិតខំ យកចិត្ត ទុកដាក់អនុវត្តគោលនយោយបាយ របស់រាជរដ្ឋាភិបាល ហើយបានបម្រើប្រជាពលរដ្ឋ ក្នុងមូលដ្នានបានល្អប្រសើរ ព្រមទាំងអរគុណដល់ព្រះសង្ឃ លោកតា លោកយាយ ដែលជាកំលាំងក្នុងការអប់រំតាមផ្លូវព្រះធម៍ អោយមនុស្ស ដើរទៅរកផ្លូវល្អ។

ខណៈការបោះឆ្នោតកាន់តែខិតជិតមកដល់ ហើយឆ្លៀត ក្នុងឱកាសនេះដែរ លោកឧកញ៉ា បណ្ឌិត បានអំពាវនាវ ឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបំពេញកាតព្វកិច្ច ជាពលរដ្ឋល្អ អញ្ជើញទៅបោះឆ្នោតឱ្យ បានគ្រប់ៗគ្នា និងបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជា ដែលមានលេខ រៀងទី២០ ដើម្បីគាំទ្រ សម្តេចតេជោ ជានាយករដ្ឋមន្រ្តី ក្នុងអាណត្តិទី៦នេះ និងអាណត្តិបន្តបន្ទាប់ទៀត។

ជាកិច្ចបញ្ចប់នៃពិធីសម្ពោធឆ្លងសមិទ្ធិផលនេះ លោកឧកញ៉ា បណ្ឌិត ក៏បានពាំនាំការសាកសួរសុខទុក្ខ និងនឹករលឹកជាខ្លាំង ពីសម្តេចតេជោ ជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងស្រុក កណ្តាលស្ទឹងទាំងមូល ព្រមទាំងពាំនាំអំណោយ របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មកចែកជូន បងប្អូននៅពេលនេះ រួមមាន៖ បច្ច័យចូលបុណ្យ ៤០ លានរៀល ឧបត្ថម្ភ គណបក្សស្រុក ថវិកា ៣លានរៀល សាលាស្រុក ថវិកា ២លានរៀល យាយជី តាជី ៥០នាក់ ក្នុងម្នាក់ៗថវិកា ២ម៉ឺនរៀល គ្រូបង្រៀន ១០៨ នាក់ ក្នុងម្នាក់ៗថវិកា ៣ម៉ឺនរៀល មន្រ្តី និងយុវជន៣០នាក់ ក្នុងម្នាក់ៗថវិកា ៣ម៉ឺនរៀល យុវជន កាយរិទ្ធិ កាកបាទក្រហម ស ស យ ក ១៥០នាក់ ក្នុងម្នាក់ៗថវិកា ២ម៉ឺនរៀល យុវជន យុវនារី ៧២នាក់ ក្នុងម្នាក់ៗថវិកា ២ម៉ឺនរៀល ប្រជាពលរដ្ឋ និងប្រជាការពារ ១.០៩៧ នាក់ ក្នុងម្នាក់ៗថវិកា ២ម៉ឺនរៀល ព្រមទាំងប្រគេនទៀនព្រះវស្សានិងទ័យទាន ដល់វត្តចំនួន៤ និងបច្ច័យក៏សាងដល់វត្តអង្គជុំភ្នំចចក ៤លានរៀល រាប់បាតព្រះសង្ឃ២០០អង្គ ក្នុងមួយអង្គបច្ច័យ២ម៉ឺនរៀល បូកនឹងចំណាយផ្សេងៗទៀត ក្នុងកម្មវិធី សរុបអស់ប្រមាណជាង ១៣៥លានរៀល ៕

បន្ថែមយោបល់របស់អ្នក

យោបល់