ព្រឹតិ្តការណ៍ថ្មីៗ

កាត់ប្រាក់ខែមន្ត្រីនគរបាលជួយបក្ស ត្រូវ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ច្រានចោលទាំងស្រុង!

2 ខែ មុន 751 តូ សុផល

ភ្នំពេញ៖ អ្នកនាំពាក្យនគរជាតិបានថ្លែងកាលពីប៉ុន្មាននាទីមុននេះថា ការផ្សព្វផ្សាយព័ត៌មាន ករណីមានការកាត់ប្រាក់ខែរបស់មន្ត្រីនគរបាលដើម្បីបង់ចូលគណបក្សនោះគឺជាការមិនពិត និងមានចេតនាមួលបង្កាច់កិត្តយសនគរបាលជាតិ ។

ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរងនគរបាលជាតិ និង ជាអ្នកនាំពាក្យ បានមានប្រសាសន៍ប្រតិកម្មនេះក្រោយពេលគេហទំព័រមួយដែលមានមូលដ្ឋាននៅក្រៅប្រទេស និង បណ្តាញសង្គមបានធ្វើការផ្សព្វផ្សាយថាមានការកាត់ប្រាក់ខែចំនួន១០ម៉ឺនរៀលពីមន្ត្រីនគរបាលដើម្បីបង់ ឲ្យគណបក្សប្រជាជនកម្ពុជានៅក្នុងខែមិថុនានេះ ។

ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានបញ្ជាក់ថាព័ត៌មាននេះគ្មានមូលដ្ឋានពិតប្រាកដទេ ព្រោះជាទូទៅគ្មានគោលការណ៍ណា ឬ បទបញ្ជារបស់ថ្នាក់ដឹកនាំណាម្នាក់តម្រូវឲ្យមន្ត្រីនគរបាលធ្វើបែបនេះឡើយ ។ ឯកឧត្តមបានបន្ថែមថាជារឿយៗសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋម្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ឯកឧត្តម នេត សាវឿន អគ្គស្នងការនគរបាលជាតិ តែងតែបានលើកឡើងរាល់ពេលប្រជុំការងារ ដាស់តឿនដល់នគរបាលគ្រប់ផ្នែកមិនត្រូវប៉ះពាល់ដល់ប្រាក់បៀវត្សរបស់កងកម្លាំងនគរបាល កុំសូម្បីតែកាត់ប្រាក់ខែបង់ចូលគណបក្ស ទោះករណីណាក៏ដោយមិនអាចកាត់ប្រាក់ខែនេះដោយខុសច្បាប់ឡើយ ។ ឯកឧត្តម គៀត ច័ន្ទថារិទ្ធ បានឲ្យដឹងដែរថាក្នុងរយៈពេលកន្លងមក ក៏មានការដាក់ពិន័យនិង ដាក់ទោសនាយនគរបាលមួយចំនួនផងដែរដែលបានប្រព្រឹត្តល្មើសបែបនេះ ។

ទោះជាយ៉ាងណាក៏ដោយឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរងនគរបាលជាតិ និង ជាអ្នកនាំពាក្យ បានប្រកាសដល់មន្ត្រីនគរបាលទាំងអស់ប្រសិនបើជួបប្រទះបញ្ហានេះ ឬក៏ទទួលបានព័ត៌មានជាក់ច្បាស់ពីបញ្ហានេះ គឺសូមរាយការណ៍មកអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីចាត់វិធានការ តាមវិន័យរបស់កងកម្លាំង ក៏ដូចជាចាត់វិធានការតាមច្បាប់ជាធរមាន៕ ប្រភព៖ http://cambodiapolice.com

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ