ព្រឹតិ្តការណ៍ថ្មីៗ

ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក អញ្ជើញជាអធិបតីបើកសិក្ខាសាលាស្ដីពី “ហត្ថលេខាឌីជីថល បច្ចេកវិទ្យាហិរញ្ញវត្ថុ និងសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន” នៅសណ្ឋាគារ Raffle Le Royal

2 សប្តាហ៍ មុន 106 តូ សុផល

ភ្នំពេញ៖ ព្រឹកថ្ងៃសុក្រ ១០កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ សណ្ឋាគារ Raffle Le Royalឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញជាអធិតីភាព ក្នុងវេទិកាលើកទី៤ ស្តីអំពី “ហត្ថលេខាឌីជីថល បច្ចេកវិទ្យាហិរញ្ញវត្ថុ និងសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន” (Tech-Startup and MSMEs: Digital Signature, FinTech and Cybersecurity)។

ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថាខណៈដែលការតភ្ជាប់មានកាន់តែច្រើន ហានិភ័យក៏កាន់តែខ្ពស់ផងដែរ។ ការបាត់បង់ទំនុកចិត្ត និងភាពជឿជាក់ក្នុងការទំនាក់ទំនងតាមរយៈបញ្ហាសុវត្ថិភាពនិងសន្តិសុខនឹងជះឥទិ្ធពលទៅដល់វិស័យ ICTs ដែលជាកម្លាំង ចលករ ជំរុញការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចជាសកល។ ក្នុងខណៈពេលដែលសង្គមជាក់ស្តែង និងសង្គមនៅលើអ៊ិនធឺណិតវិវត្តស្របគ្នា វាតម្រូវឱ្យមានការជំរុញដល់ការរដោះស្រាយនូវបញ្ហាប្រឈមនានាដើម្បីធានាបាននូវសន្តិសុខក្នុងការប្រើប្រាស់, សិទ្ធិមនុស្ស នីតិរដ្ឋ អភិបាលកិច្ចល្អ និងការរីកលូតលាស់នៃសេដ្ឋកិច្ច។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្តមានប្រសាសន៍លើ០៣ (បី)ចំណុចគឺហត្ថលេខាឌីជីថល នវានុវត្តន៍នៃការទូទាត់ប្រាក់ និងធនធានមនុស្សដែលប្រកបដោយឆន្ទៈនិងជំនាញវិស័យសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន។ ទី១. ហត្ថលេខាឌីជីថល៖ ហត្ថលេខាឌីជីថលនឹងក្លាយជាធាតុផ្សំដ៏សំខាន់មួយរួមចំណែកក្នុងបញ្ហាសន្តិសុខនិងភាពទុកចិត្តបាននៃប្រតិបត្តិការតាមប្រព័ន្ធអ៊ីនធឺណិតទាំងក្នុងវិស័យសាធារណៈ វិស័យឯកជន និងអតិថិជន។ វត្តមាននៃហត្ថលេខាឌីជីថលក្នុងប្រតិបត្តិការតាមប្រព័ន្ធអ៊ីនធឺណិតនឹងផ្តល់នូវលទ្ធផលល្អប្រសើរតាមរយៈការកាត់បន្ថយការចំណាយ ការប្រកួតប្រជែងល្បឿនប្រតិបត្តិការ និងការធ្វើឱ្យអតិថិជនពេញចិត្ត។ ទី២. នវានុវត្តន៍នៃការទូទាត់ប្រាក់៖ នវានុវត្តន៍លើវិស័យបច្ចេកវិទ្យា-ហិរញ្ញវត្ថុ (Fintech) គឺជាផ្នែកមួយជំរុញឱ្យមានសេវាទូទាត់ដែលផ្តល់ជូនដោយពុំមានវត្តមានធនាគារ។ យើងសង្កេតឃើញថាមានការលេចចេញជាការទូទាត់ប្រាក់តាមបច្ចេកវិទ្យាហិរញ្ញវត្ថុដែលមានលំដាប់ពី Fintech Startup ទៅជាក្រុមហ៊ុនដែលមានទុនរាប់លានដុល្លារ ដែលក្រុមហ៊ុនទាំងនេះមានសមត្ថភាពគាំទ្រដល់ជំនួញនិងសេវាកម្មហិរញ្ញវត្ថុបាន ដូច្នេះក្រសួងនិងស្ថាប័នពាក់ព័ន្ធបាននិងកំពុងយកចិត្តទុកដាក់លើការជំរុញដល់ការវិវត្តរបស់Fintech ដោយចាប់ផ្តើមចេញពីការជំរុញលើនវានុវត្តន៍(Innovation)។ ៣. ធនធានមនុស្សដែលប្រកបដោយឆន្ទៈនិងជំនាញ៖ ធនធានមនុស្សនេះគឺជាគន្លឹះក្នុងការជំរុញដល់វិស័យសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ដូច្នេះដើម្បីទទួលបានធនធានមនុស្សទាំងនេះ ក្រសួងប.ទ. កំពុងសហការជាមួយវិស័យឯកជនដើម្បីបណ្តុះបណ្តាលជំនាញក្នុងវិស័យសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន។ ពាកព័ន្ធនឹងធនធានមនុស្សនេះផងដែរ ឯកឧត្តមបានជំរុញឱ្យអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងវិទ្យាសា្ថនជាតិ NIPTICT ខិតខំធ្វើការបន្ថែមជាមួយវិស័យឯកជនដើម្បីបង្កើនចំនួនអាហារូបករណ៍សិក្សាលើជំនាញសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានដោយប្រើប្រាស់មូលនិធិស.អ. (CBR&D Fund) និងប្រភពថវិការបស់ដៃគូអភិវឌ្ឍន៍ ដៃគូសន្ទនា ឬតាមរយៈការសហការជាមួយវិស័យឯកជន។

គួរបញ្ជាក់ផងដែរថាវេទិកាទី៤នៃTech Startup and MSMEs Forum 2018 បានផ្តោតស៊ីជម្រៅលើប្រធានបទសំខាន់ៗចំនួន០៤(បួន) ដែលត្រូវបានយកមកពិភាក្សាដោយវាគ្មិនមានបទពិសោធន៍មកពីបណ្តាល់ស្ថាប័នពាក់ព័ន្ធ ដែលប្រធានបទទាំងនោះមានដូចជា ១.ការជំរុញសុវត្ថិភាពប្រតិបត្តការតាមប្រព័ន្ធអ៊ីនធឺណិតតាមរយៈ អត្តសញ្ញាណឌីជីថល (Enhancing Online Transaction Security through Digital Identity) ២.ដំណោះស្រាយទូទាត់ប្រាក់ប្រកបដោយភាពច្នៃប្រឌិតក្នុងព្រះរាជាណាចក្រកម្ពុជា (Innovative Payment Solutions in Cambodia) ៣.បច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) និង៤.សន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានក្នុងព្រះរាជាណា-ចក្រកម្ពុជា (Cybersecurity Landscape in Cambodia)។ បទបង្ហាញជាច្រើនត្រូវបានលើកយកមកពិភាក្សា ចែករំលែក និងផ្លាស់ប្តូរការយល់ឃើញក្នុងគោលបំណងប្រមូលធាតុចូលកក្នុងការរៀបចំគោលនយោបាយ និងផែនការយុទ្ធសាស្ត្រពាក់ព័ន្ធនឹងរដ្ឋាភិបាលឌីជីថល បច្ចេកវិទ្យាហិរញ្ញវត្ថុព្រមទាំងសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានដែលជា សសរស្តម្ភគាំទ្រដ៏សំខាន់ក្នុងចំណោមសសរស្តម្ភទាំងឡាយក្នុងការជំរុញកម្ពុជាទៅកាន់សេដ្ឋកិច្ចឌីជីថល៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ