ព្រឹតិ្តការណ៍ថ្មីៗ

លោក ហែម ដារិទ្ធិ ចុះសួរសុខទុក្ខ និងចែកអំណោយដល់គ្រួសារក្រីក្រ ចាស់ជរា ចំនួន៣០គ្រួសារទៀត សង្កាត់ឪឡោក

2 សប្តាហ៍ មុន 95 តូ សុផល

 

ភ្នំពេញ ៖ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌពោធិ៍សែនជ័យ នាព្រឹកថ្ងៃទី៣០ មិថុនា ២០១៨ បាននាំអំណោយជាគ្រឿងឧបភោគ បរិភោគ សម្ភារប្រើប្រាស់ និងថវិកាមួយចំនួនធំឧបត្ថម្ភដល់គ្រួសារក្រីក្រ ចាស់ជរា ចំនួន៣០គ្រួសារនៅក្នុងភូមិអង់ស្តុក សង្កាត់ឪឡោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ពិធីប្រគល់អំណោយនេះបានរៀបចំឡើងក្រោមអធិបតីភាព លោក ហែម ដារិទ្ធិ ប្រធានកិត្តិយស អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌពោធិ៍សែនជ័យ និងសមាជិក សមាជិកាសាខាកាកបាទក្រហមកម្ពុជា ខណ្ឌ-សង្កាត់ យ៉ាងច្រើនកុះករ។

អំណោយដែលនាំយកទៅឧបត្ថម្ភក្នុងឱកាសនោះ ក្នុងមួយគ្រួសារទទួលបានអង្ករ៣០គីឡូក្រាម គ្រឿងឧបភោគបរិភោគ និងថវិកាចំនួន៥ម៉ឺនរៀល ។

លោក ហែម ដារិទ្ធិ ប្រធានកិត្តិយស អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌពោធិ៍សែនជ័យ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលលោកជំទាវតែងយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋក្រីក្រ ចាស់ជរា អ្នកផ្ទុកមេរោគ អេដស៍ និងអ្នករងគ្រោះផ្សេងៗ និងចាត់ឱ្យមន្ត្រីគ្រប់ជាន់ថ្នាក់ចុះជួយដល់មូលដ្ឋាន ។

លោក ហែម ដារិទ្ធិ បានបន្តទៀតថា ដោយមានការណែនាំពីលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា និងសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌពោធិ៍សែនជ័យ បានយកចិត្តទុកដាក់យ៉ាងខ្លាំង ហើយបានណែនាំដល់មន្ត្រីកាកបាទក្រហមសង្កាត់ចុះស្រាវជ្រាវរកប្រជាពល រដ្ឋក្រីក្រ ចាស់ជរា គ្មានទីពឹងក្នុងមូលដ្ឋាននាំអំណោយ យកទៅជួយឧបត្ថម្ភជាបន្តបន្ទាប់ដោយមានការចូលរួមពីព្រះចៅអធិការតាមបណ្តាវត្តនានា។

លោក ហែម ដារិទ្ធិ បានណែនាំដល់បងប្អូនប្រជាពលរដ្ឋក្រីក្រ ចាស់ជរា ទាំងអស់សូមកុំអស់សង្ឃឹម ព្រោះបងប្អូន នៅមានកាកបាទក្រហមកម្ពុជាដែលមាន លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន តែងតែយកចិត្តទុកដាក់ និងនាំអំណោយឧបត្ថម្ភដល់បងប្អូន ដើម្បីជួយសម្រួលដល់ការលំបាកជានិច្ច។

ម្យ៉ាងទៀត សុំបងប្អូនទាំងអស់ ត្រូវយកចិត្តទុកដាក់ពីសុខភាព និងត្រូវទៅរកគ្រូពេទ្យនៅតាមមណ្ឌលសុខភាពក្នុងមូលដ្ឋាន ប្រសិន បើមានជម្ងឺដង្កាត់ផ្សេងៗ។

លោក ហែម ដារិទ្ធិ បានថ្លែងអំណរគុណផងដែរដល់ព្រះសង្ឃ ពុទ្ធបរិស័ទ និងសប្បុរសជននានាដែលតែងតែចូលរួមឧបត្ថម្ភតាមរយៈកាកបាទក្រហមកម្ពុជា ដើម្បីនាំអំណោយយកទៅចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ និងរងគ្រោះផ្សេងៗផងដែរ៕

កិច្ចបញ្ចប់នៃកម្មវិធី លោក ហែម ដារិទ្ធិ  សូមអោយបងប្អូនទាំងអស់ អញ្ជើញទៅបោះឆ្នោតអោយបានគ្រប់ៗគ្នា នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ដើម្បីបំពេញកាតព្វកិច្ច ជាពលរដ្ឋល្អ។

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ