ព្រឹតិ្តការណ៍ថ្មីៗ

ឯកឧត្តម រ័ត្ន ស្រ៊ាង សម្ពោធ សាលាបុណ្យភូមិព្រែកថ្លឹង!

3 សប្តាហ៍ មុន 113 តូ សុផល

ភ្នំពេញ ៖ បុណ្យភូមិគឺជាប្រពៃណីមួយដែលត្រូវបានបណ្ដាប្រជានុរាស្ត្រអ្នកស្រុកស្រែចម្ការ តែងតែរៀបចំធ្វើឡើងជារៀងរាល់ឆ្នាំមិនដែលអាកខាន ក្រោយពេលប្រមូលផលស្រូវរួចរាល់ ក្នុងអំឡុងខែមករា កុម្ភៈ ឬខែមីនា ទៅតាមភូមិនីមួយៗដើម្បីរំឭកគុណដល់ ទឹក ដី និងអាកាសធាតុ សម្រាប់ការបង្កបង្កើនកសិកម្មមានដំណាំស្រូវជាដើម និង ដើម្បីបង្កើតនូវភាពសប្បាយរីករាយ ការជួបជុំ ជាពិសេស ការបង្ហាញនូវ«ផលស្រូវ» ដែលអ្នកភូមិទទួលបានក្នុងឆ្នាំនីមួយៗ។ ក្នុងបរិវេណពិធីបុណ្យ អ្នកភូមិតែងរួមសាមគ្គីជួយគ្នា រៀបចំចងរយាង រំលេចដោយភ្ញីផ្កា ក្បាច់ក្បូររចនា ដាក់ភ្លើងភ្លឺចិញ្ចាំងចញ្ជែង មនុស្សម្នាប្រុសស្រី ក្មេងចាស់ តែងខ្លូន លាបម្សៅ សិតសក់ ស្លៀកសំពត់អាវថ្មីៗ តាមបែបប្រពៃណីខ្មែរ ចូលរួមកម្មវិធី យ៉ាងត្រេកត្រអាល ព្រមទាំងមានការប្រគំភ្លេងតូរ្យតន្ដ្រីយ៉ាងពិរោះ ធ្វើអោយបរិយាកាស រិតតែគគ្រឹកគគ្រេង រស់រវើកសប្បាយក្រៃលែង ។ ពីធីបុណ្យនេះក៏មាននិមន្តព្រះសង្ឃសូត្រមន្តដើម្បី សូមសិរីសួស្ដីជូនដល់ពលរដ្ឋ ក៏ដូចជាសូមការបង្កបង្កើនស្រូវឱ្យបានផលច្រើនរាល់ឆ្នាំ និងក៏មានរាប់បាត្រឆ្លងដែរ។

នាព្រឹកថ្ងៃអាទិត្យ ទី២៤ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម រ័ត្ន ស្រ៊ាង អមដំណើរ ដោយអជ្ញាធរមូលដ្ឋាន រួមជាមួយក្រុមការងារ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ នូវសាលាបុណ្យភូមិមួយកន្លែង ស្ថិតក្នុងភូមិព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ សម្រាប់ជាចំណងដៃបំពេញនូវសេចក្តីចាំបាច់ របស់អ្នកភូមិព្រែកថ្លឹង ទុកជាកន្លែងរៀបចំប្រារព្ធពិធីបុណ្យភូមិរបស់ខ្លួន ឲ្យបានសមរម្យតាមទំនៀមទម្លាប់ប្រពៃណីប្រចាំឆ្នាំ។

ស្ថិតក្នុងបរិយាកាសជួបជុំដ៏អធឹកអធម ឯកឧត្តម រ័ត្ន ស្រ៊ាង បានបន្ថែមនូវមនោសញ្ចេតនាស្និតស្នាលជ្រាលជ្រៅ ដូចដែលឯកឧត្តមធ្លាប់ធ្វើ ជាប់ជាប្រចាំជាង១០ឆ្នាំមកហើយ នោះគឺគ្រប់ពេលឯកឧត្តមចុះជួបជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋានផ្ទាល់ ឯកឧត្តម តែងនាំយកអាហារសម្រន់ ទៅចូលរួមបរិភោគរួមគ្នាជាមួយប្រជាពលរដ្ឋប្រកបដោយឬកពារសាមញ្ញរុះរាយរាក់ទាក់បំផុត។ ប្រជាពលរដ្ឋអ្នកភូមិព្រែកថ្លឹងប្រមាណ៨៩៨នាក់ ដែលមកចូលរួមក្នុងកម្មវិធីថ្ងៃនេះ បានចូលរួមទទួលទាន ការ៉េម នំប៉័ង ទឹកសុទ្ធ ទឹកអំពៅ ជាមួយឯកឧត្តម រ័ត្ន ស្រ៊ាង និង ក្រុមការងារ លាយឡំជាមួយទឹកមុខញញឹមញញែមគ្រប់ៗគ្នា។

ថ្លែងក្នុងពិធីជួបជុំសម្ពោធសមិទ្ធផលថ្មីសម្រាប់អ្នកភូមិព្រែកថ្លឹងមួយនេះ ឯកឧត្តម រ័ត្ន ស្រ៊ាង បានលើកឡើងថា ការអភិវឌ្ឍន៍រីកចម្រើន ភូមិឋានយើងបន្តិចម្តងៗ រហូតរាប់លែងអស់ ដែលកំពុងកើតមានសព្វថ្ងៃនេះ ពុំមែនកើតឡើងដោយចៃដន្យទេ គឺវាកើតឡើងពី សុខសន្តិភាព ដែលរកបានមកដោយលំបាកនិងពុំធ្លាប់មានក្នុងប្រវត្តិសាស្ត្រខ្មែរជាង៥០០ឆ្នាំ ក្រោមនយោបាយឈ្នះឈ្នះ ដែលបង្កើតឡើងដោយសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ដូច្នេះសូមបងប្អូនទាំងអស់ចូលរួមថែរក្សាសន្តិភាពមួយនេះឲ្យបានល្អ និងបន្តការរួមសាមគ្គី ជួយគ្នាអភិវឌ្ឍន៍ប្រទេសជាតិយើងឲ្យកាន់តែរីកចម្រើនតទៅមុខ ហើយទន្ទឹមជាមួយគ្នានេះ បងប្អូនក៏ត្រូវប្រឹងប្រែង ថែរក្សាសុខភាពខ្លួនឯងឲ្យបានល្អ ដើម្បីបន្តរស់នៅឲ្យបានយូរអង្វែង បានឃើញការរីកចម្រើនថ្មីៗនៃប្រទេសជាតិយើងតទៅទៀត ជាពិសេស បងប្អូនត្រូវចេះធ្វើផែនការសេដ្ឋកិច្ចគ្រួសារ ធ្វើយ៉ាងណាឲ្យចំណាយតិចជាងចំណូល ដើម្បីឲ្យយើងរួចផុតពីហានិភ័យនៃភាពក្រីក្រ ។

ជាចុងក្រោយ ឯកឧត្តម រ័ត្ន ស្រ៊ាង បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋអ្នកភូមិព្រែកថ្លឹងទាំងអស់ សូមទៅចូលរួមបោះឆ្នោតទាំងអស់គ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ កុំបីខាន ដើម្បីបង្ហាញពីការរួមសាមគ្គី បង្រួបបង្រួមជាតិ ឯកភាពជាតិខ្មែរតែមួយ!

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ