ព្រឹតិ្តការណ៍ថ្មីៗ

អ្នកអភិរក្ស បក្សីកីឡា៥នាក់ ត្រូវសមត្ថកិច្ចខណ្ឌឬស្សីឃាត់ខ្លួន!

5 ខែ មុន 341 តូ សុផល

ភ្នំពេញ​៖​ កម្លាំងនគរបាលខណ្ឌឫស្សីកែវ​ បើកប្រតិបត្តិការ​ ឆ្មក់ចុះបង្ក្រាបទីតាំងជល់មាន់​ មួយកន្លែង​ ដែលលួចបើកលេងយ៉ាងអនាធិបតេយ្យដោយបានធ្វើការឃាត់ខ្លួនមនុស្សចំនួន ៥នាក់​ ព្រមទាំងដកហូតមាន់ជល់ចំនួន ៣ក្បាល​ និងម៉ូតូចំនួន ៧គ្រឿង។ ប្រតិបត្តិការ​នេះបានធ្វើឡើងកាលពីវេលាម៉ោង​ ១១និង១០នាទីព្រឹក​ ថ្ងៃទី២៤​ ខែមិថុនា​ ឆ្នាំ​២០១៨​ ដែលស្ថិតនៅក្នុងដីឡូតិ៍​ទុកចោលក្រោយដើមពុទ្រា ក្រុម១៣​ ភូមិបឹងឈូក​ សង្កាត់គីឡូម៉ែត្រលេខ៦​ ខណ្ឌឫស្សីកែវ​ រាជធានីភំ្នពេញ​។

លោក​ ទៀង​ ច័ន្ទសារ​ អធិការខណ្ឌឫស្សីកែវ​ បានប្រាប់ឲ្យដឹងថា​ នៅក្នុងការចុះប្រតិបត្តិការនេះ​ គឺធ្វើឡើងដោយមានការសហការជាមួយប្រជាពលរដ្ឋ​ ដែលរស់នៅទីនោះ​ បានរាយការណ៍មកសមត្ថកិច្ច​ ភ្លាមៗនោះ​ លោកអធិការខណ្ឌ​ បានបញ្ជាឲ្យកម្លាំងសមត្ថកិច្ចខណ្ឌ​ សហការជាមួយកម្លាំងប៉ុស្តិ៍ឫស្សីកែវ​ និង​កម្លាំងប៉ុស្តិ៍គីឡូម៉ែត្រលេខ៦​ ធ្វើការឆ្មក់ចុះបង្ក្រាបទីតាំងជល់មាន់ខាងលើ​ ដោយឃាត់ខ្លួនមនុស្សចំនួន​ ៥នាក់​ ព្រមទាំងដកហូតមាន់ជល់ចំនួន​ ៣ក្បាល​ និងម៉ូតូចំនួន​ ៧គ្រឿង​ ហើយកម្លាំងសមត្ថកិច្ចយើង​ បានបញ្ជូនខ្លួនមនុស្សទាំង​ ៥នាក់នោះមកកាន់អធិការខណ្ឌ​ ដើម្បីធ្វើការសាកសួរ។

លោក​ ទៀង​ ច័ន្ទសារ​ បានបន្តថា​ មនុស្សទាំង​ ៥នាក់ខាងលើ​ ដែលសមត្ថកិច្ចឃាត់ខ្លួននោះ​ ទី១-ឈ្មោះ​ សេង​ សុធី​ ភេទ​ប្រុស​ អាយុ​ ៣៩ឆ្នាំ​ មុខរបរ​ រត់ម៉ូតូ​ឌុប​,​ ទី២-ឈ្មោះ​ ម៉ម​ តុលា​ ភេទប្រុស​ អាយុ​ ៤០ឆ្នាំ​ មុខរបរ​ បើកបររថយន្ត​ បច្ចុប្បន្ន​អ្នកទាំង​ ២នាក់ស្នាក់នៅភូមិគ្រោលគោ​ សង្កាត់គីឡូម៉ែត្រ៦​,​ ទី៣-ឈ្មោះ​ វី​ អះម៉ាត់​ ភេទប្រុស​ អាយុ​ ២៧ឆ្នាំ​ មុខរបរ​ កាប់គោ​ ស្នាក់នៅសង្កាត់ច្រាំងចំរេះ២​ ខណ្ឌឫស្សីកែវ​,​ ទី៤-ឈ្មោះ​ ម៉េត​ សុភាព​ ភេទប្រុស​ អាយុ​ ២៣ឆ្នាំ​ មុខរបរ​ កម្មករសំណង់​ ស្នាក់នៅ​ភូមិគ្រោលគោ​ សង្កាត់គីឡូម៉ែត្រលេខ៦​ និងទី៥-ឈ្មោះ​ នួន​ សុផលភក្តី​ ភេទប្រុស​ អាយុ​ ២៧ឆ្នាំ​ មុខរបរ​ រត់ម៉ូតូ​ឌុប​ ស្នាក់នៅសង្កាត់ឃ្មួញ​ ខណ្ឌសែនសុខ​ រាជធានីភំ្នពេញ​។

បច្ចុប្បន្ន​មនុស្សទាំង​ ៥នាក់ខាងលើ​ រួចនឹងវត្ថុតាង​ ត្រូវសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការនគរបាលខណ្ឌឫស្សីកែវ​ ដើម្បីកសាងសំណុំរឿង​ បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ​ ចាត់ការបន្តតាមនីតិវិធីច្បាប់៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!