ព្រឹតិ្តការណ៍ថ្មីៗ

អាជ្ញាធរខណ្ឌមានជ័យ សម្ដែងការសោកស្តាយ​យ៉ាងខ្លាំង ចំពោះអគ្គិភ័យលក្ខណៈទ្រង់ទ្រាយធំ​ បំផ្លាញផ្ទះ២២ខ្នង កាលព្រឹកមិញនេះ!

5 ខែ មុន 346 តូ សុផល

រាជធានីភ្នំពេញ​ ៖ គ្រោះអគ្គិភ័យលក្ខណៈទ្រង់ទ្រាយធំមួយ បានឆាបឆេះផ្ទះប្រជាពលរដ្ឋ អស់ចំនួន២២ខ្នង ត្រឹមមួយប៉ប្រិចភ្នែកប៉ុណ្ណោះ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់បងប្អូនប្រជាពលរដ្ឋ កម្លាំងកងកម្លាំងចម្រុះ ក៏ដូចជាអាជ្ញាធរខណ្ឌមានជ័យ និងក្រុមពន្លត់អគ្គិភ័យបានចុះមកជួយអន្តរាគមន៍ជួយបាញ់ពន្លត់ ហើយបានសង្គ្រោះមនុស្សចាស់ជរា ដែលជាជនពិការកំពុងតែជាប់ក្នុងផ្ទះ ឲ្យរួចផុតពីគ្រោះថ្នាក់។

ហេតុការណ៍អគ្គិភ័យលក្ខណៈទ្រង់ទ្រាយធំនេះកើតឡើងតាំងពីវេលាម៉ោង៥ព្រឹក ថ្ងៃអាទិត្យ​ ទី២៤ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចសំណង់មិនរៀបរយ ផ្លូវ៦៥BT ក្រុមទី៥ ភូមិក្បាលទំនប់៣ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ហើយក៏ឃើញមាន​វត្តមាន​របស់លោក ពេជ្រ​ កែវមុនី​ អភិបាលខណ្ឌមានជ័យ​ និងអភិបាលរងខណ្ឌដ៏សកម្មទាំង២រូបគឺលោក​ ឌី​ រ័ត្នខេមរុណ​ និងលោក​ ឡុង​ ង៉ែត​ ចុះមកកន្លែងកើតហេតុផ្ទាល់ផងដែរ។

សូមបញ្ជាក់ថា​ នៅក្នុងករណីអគ្គិភ័យដ៏សន្ធោរសន្ធៅខាងលើនេះ បានឆាបឆេះបំផ្លាញផ្ទះប្រជាពលរដ្ឋចំនួន២២ខ្នងផ្ទះ ស្មើនឹង៣១គ្រួសារ ក្នុងនោះមានផ្ទះថ្មចំនួន៦ខ្នងផ្ទះ ដំបូលស័ង្កសី និងផ្ទះឈើ១៤ខ្នង ផ្ទះដំបូលស័ង្កសី និងផ្ទះតូច២ខ្នងទៀត តែករណីអគ្គិភ័យនេះ មិនបានបង្កឲ្យគ្រោះថ្នាក់ដល់មនុស្សនោះទេ។

លោកអភិបាលរងទាំង២រូបបានបន្តថា អាជ្ញាធរខណ្ឌ​មានជ័យសូមថ្លែងអំណរគុណ ដល់កម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ជាពិសេសក្រុមពន្លត់អគ្គិភ័យ ដែលមានលោក ព្រហ្ម​ យ៉ន​ នាយការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ដែលចុះដឹកនាំកម្លាំងផ្ទាល់ ក្នុងការអន្តរាគមន៍បាញ់ពន្លត់ ហើយជាលទ្ធផលបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ សរុបចំនួន២៨គ្រឿង រួមមាន រថយន្តអគ្គិភ័យអាវុធហត្ថរាជធានីភ្នំពេញចំនួន ០៥គ្រឿង, រថយន្តអគ្គស្នងការដ្ឋាននគរបាលជាតិចំនួន ១៣គ្រឿង, រថយន្តក្រសួងមហាផ្ទៃចំនួន ០៣គ្រឿង, រថយន្តស្រាបៀរកម្ពុជា​០១គ្រឿង, រថយន្តទីក្រុងកោះពេជ្រចំនួន២គ្រឿង និងរថយន្តជ្រោយចង្វារចំនួន៤គ្រឿង ទើបរលត់ទៅវិញ ១០០ភាគរយ នៅវេលាម៉ោង៦និង៣០នាទីថ្ងៃខែឆ្នាំដដែលនេះ ។

មិនតែប៉ុណ្ណោះក្នុងករណីអគ្គិភ័យនេះ គេឃើញកម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យ រួមទាំងប្រជាការពារខណ្ឌមានជ័យ បានសហការគ្នាធ្វើការអន្តរាគមន៍​ គាស់ទម្លុះចូលផ្ទះមួយកន្លែង ដែលកំពុងឆាបឆេះ មានជាប់ស្ត្រីចាស់ជរាជនពិការម្នាក់ នៅខាងក្នុង ដើម្បីជួយសង្គ្រោះនាំអ៊ុំស្រី ចេញមកខាងក្រៅឲ្យរួចផុតពីគ្រោះថ្នាក់ផងដែរ ។

ចំណែកមូលហេតុនោះ អាជ្ញាធរខណ្ឌមានជ័យ​ នៅមិនទាន់អាចបញ្ជាក់ឲ្យបានច្បាស់លាស់នៅឡើយទេ ដោយរង់ចាំសមត្ថកិច្ចជំនាញ ចុះធ្វើការស្រាវជ្រាវជាមុនសិន។

ចំណែកលោក​ ពេជ្រ​ កែវមុនី​ អភិបាលខណ្ឌមានជ័យ​ បានមានប្រសាសន៍ថា ក្នុងនាមលោកជាអាជ្ញាធរ និងជាអភិបាល​ខណ្ឌមានជ័យ​ លោកបានសូមចូលរួមសម្ដែងការសោកស្តាយយ៉ាងខ្លាំង ចំពោះករណីអគ្គិភ័យនេះ ដោយសារតែស្ថានភាពផ្លូវ​ នៅចំណុចកើតហេតុគឺពិតជាតូចចង្អៀតខ្លាំងពេក ទើបមិនអាចឲ្យរថយន្តពន្លត់អគ្គិភ័យ ចូលមកបាញ់ពន្លត់ឲ្យទាន់ពេលវេលានោះទេ ដូច្នេះជាក់ស្ដែងត្រូវធ្វើការបាញ់ទឹករំលងផ្ទះពលរដ្ឋជាច្រើនម៉ែត្រ ដើម្បីពន្លត់អណ្ដាតភ្លើងដ៏សន្ធោរសន្ធៅនោះ ។

ជាចុងក្រោយលោកអភិបាលខណ្ឌមានជ័យ សូមណូមពរសូមឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ឲ្យបានខ្ពស់ ចំពោះបញ្ហាភ្លើងទៀន ឬបណ្តាញប្រព័ន្ធខ្សែភ្លើងជាដើម ដែលអាចនឹងបង្កគ្រោះថ្នាក់ បានគ្រប់ពេលវេលា ជាពិសេសត្រូវសាងសង់ផ្ទះ ដោយទុកផ្លូវធ្វើការចេញចូលសម្រាប់រថយន្តពន្លត់អគ្គិភ័យឲ្យធំធូរលាយ ចៀសវាងកើតមានរឿងហេតុ ដូចជាករណីមួយនេះ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!