ព្រឹតិ្តការណ៍ថ្មីៗ

ផ្អើលឃើញបុរសម្នាក់ស្លាប់នៅក្រោមស្ពានជាមួយម៉ូតូ

3 ខែ មុន 225 តូ សុផល

កំពត ៖ ប្រជាពលរដ្ឋមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅគ្រាដែលបានប្រទះឃើញ

បុរសម្នាក់ស្លាប់ផ្កាប់មុខជាមួយនឹងម៉ូតូមួយគ្រឿង នៅក្រោមស្ពានស្រះប៉ោង ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៣ កាលពីវេលាម៉ោង១០និង០៥នាទីព្រឹក ថ្ងៃទី២១ខែមិថុនា ឆ្នាំ២០១៨នេះ ស្ថិតក្នុងភូមិតារោង ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត។

ករណីប្រទះសពនៅក្រោមស្ពាននេះដែរ ក៏មានប្រភពអះអាងថា គ្រោះថ្នាក់នេះអាចកើតឡើងក្នុងចន្លោះម៉ោង៧យប់ថ្ងៃទី២០ខែមិថុនា ឆ្នាំ២០១៨ខណៈជនរងគ្រោះជិះម៉ូតូ អាចស្រវឹង ទើបជ្រុលទៅធ្លាក់ចូលក្រោមស្ពានបណ្តាលឲ្យស្លាប់គ្មានអ្នកណាដឹងបែបនេះ។

ប្រភពបានឱ្យដឹងថា បន្ទាប់ពីប្រទះឃើញសពដូចខាង សមត្ថកិច្ចបានចុះមកត្រួតពិនិត្យ ហើយសន្និដ្ឋានថា បុរសរងគ្រោះនេះស្លាប់ដោយសារជិះម៉ូតូប្រើល្បឿនខ្លាំង លុះមកដល់ចំណុចស្ពានក៏រេចង្កូតធ្លាក់ចូលក្រោមស្ពានទាំងមនុស្ស ទាំងម៉ូតូ ហើយបោកផ្ទប់ទៅនឹងជញ្ជាំងស្ពាន ស្លាប់ភ្លាមៗ ដោយគ្មានអ្នកដំណើរណាម្នាក់ដឹងនោះឡើយ ហើយបើតាមគំនូសអាចសន្និដ្ឋានថា បុរសរងគ្រោះជិះម៉ូតូពីត្បូងទៅជើង។

ក្រោយពីប្រទះឃើញសពបង្កការភ្ញាក់ផ្អើល ក៏មានសាច់ញាតិជនរងគ្រោះបានមកអះអាងថា ជនរងគ្រោះឈ្មោះ អ៊ូ ចំរើន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរជាងជួសជុលរថយន្តមានទីលំនៅក្នុងភូមិភ្នំតូច ឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត។

សាច់ញាតិបានរៀបរាប់ថា មុនពេលកើតករណីបែបនេះ ជនរងគ្រោះបានជិះម៉ូតូម៉ាកវេវពាក់ស្លាកលេខ ភ្នំពេញ 1L-8189 តែម្នាក់ឯងពីកន្លែងយានដ្ឋានជួសជុលរថយន្តក្នុងខេត្តកំពត កាលពីព្រលបថ្ងៃទី២០ខែមិថុនា ឆ្នាំ២០១៨ បំណងទៅផ្ទះ ហើយតាំងពីនោះមកគឺបាត់ស្រមោលរហូតដល់យប់ជ្រៅ ទើបបងប្អូន សាច់ញាតិក៏បានទំនាក់ទំនងទៅលេខទូរស័ព្ទស្វែងរកដែរ ប៉ុន្តែតេមិនចូល។ លុះនៅវេលាម៉ោងជាង១០ព្រឹកថ្ងៃទី២១ខែមិថុនានេះ ក៏ទទួលដំណឹងថាមានគេប្រទះឃើញមនុស្សស្លាប់នៅក្រោមស្ពានស្រះប៉ោង ក៏មកមើលទើបដឹងថាអ្នកស្លាប់ជាសាច់ញាតិដែលបាត់ខ្លួនកាលពីយប់មិញនោះតែម្តង។

សពបុរសរងគ្រោះក្រោយពីសមត្ថកិច្ចពិនិត្យរួច បានប្រគល់ឱ្យទៅ សាច់ញាតិដឹកទៅកាន់លំនៅដ្ឋាន ដើម្បីធ្វើបុណ្យតាមប្រពៃណី៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ