ព្រឹតិ្តការណ៍ថ្មីៗ

អតីតបុគ្គលិកស្ថានទូតអាមេរិក តវ៉ាមុខស្ថានទូត ដែលត្រូវបានស្ថានទូតអាមេរិក រំលោភបំពានយ៉ាងអយុត្តិធម៌បំផុត !!

3 សប្តាហ៍ មុន 232 តូ សុផល

ភ្នំពេញ៖ អតីតបុគ្គលឹកស្ថានទូតអាមេរិច ជិត៣០នាក់ កំពុងឈរតវ៉ានៅមុខស្ថានទូតអាមេរិក នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨នេះ

បន្ទាប់ពីពួកគេទទួលរងភាពអយុត្តិធម៌ ដោយការបណ្តេញចេញពីការងារដោយមិនសមហេតុផលនោះ ហើយក៍បានអំពាវនាវស្នើសុំឲ្យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មេត្តាជួយរកយុត្តិធម៌ជូនពួកគាត់ ដែលត្រូវបានស្ថានទូតអាមេរិក រំលោភបំពានយ៉ាងអយុត្តិធម៌បំផុត។

បើតាមលោក ឡុង សេងគឹមហុង តំណាងឲ្យអតីតបុគ្គលិកស្ថានទូតអាមេរិកជាង៣០នាក់ ដែលត្រូវបានបណ្តេញចេញបានប្រាប់ថា ការតវ៉ានេះ គឺគួកគេ សូមអំពាវនាវដល់សម្តេច ហ៊ុន សែន ជួយរកយុត្តិធម៌ឲ្យកូនចៅផង ព្រោះអីកូនចៅរាល់ថ្ងៃនេះ គឺវេទនាណាស់។ ក្នុងពេលធ្វើការនោះពួកយើងសង្ឃឹមថា ធ្វើការជាមួយស្ថានទូតអាមេរិក គឺមានភាពយុត្តិធម៌ តែផ្ទុយទៅវិញ បែរជាមានភាពអយុត្តិធម៌ សូម្បីតែសៀវភៅការងារក៏អត់បានគោរព ច្បាប់ក៏អត់បានគោរពនិងបំពានយ៉ាងខ្លាំង ហើយប្រើពាក្យសំដីថា នៅពេលបញ្ឈប់ពួកយើង តើក្រុមគ្រួសារអ្នកឯងបានអីស៊ី! ត្រង់នេះហើយដែលយើងមានការឈឺចាប់ខ្លាំងណាស់។

អតីតបុគ្គលិកដែលតវ៉ាទាំងនោះបានថ្អូញថ្អែរយ៉ាងខ្លាំង ចំពោះជីវភាពរបស់ពួកគេទាំង៣២គ្រួសារ បន្ទាប់ពីត្រូវបានបណ្តេញចេញពីការងារយ៉ាងអយុត្តិធម៌នេះ។ ពួកគាត់និយាយថា ការបណ្តេញចេញនេះ មិនមែនប៉ះពាល់តែគាត់ខ្លួនឯងនោះទេ ប៉ះពាល់ទាំងគ្រួសារតែម្តង កូនត្រូវរៀនសូត្រ និងការចំណាយផ្សេងៗប្រចាំថ្ងៃទៀត។ ដូច្នេះហើយមានតែសម្តេចតេជោ ហ៊ុន សែន ទេដែលអាចជួយរកយុត្តិធម៌ជូនពួកគាត់បាន។

អតីតបុគ្គលិកជាង៣0នាក់ ដែលបម្រើការងារក្នុងស្ថានទូតអាមេរិកចាប់ពីជាង៥ឆ្នាំ ដល់ ជាង២០ឆ្នាំ បាននាំគ្នាតវ៉ានៅមុខស្ថានទូតអាមេរិក លើផ្លូវលេខ៩៦ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ដើម្បីឲ្យស្ថានទូតប្រទេសបីតាប្រជាធិបតេយ្យមួយនេះ ដោះស្រាយរឿងបណ្តេញពួកគាត់ចេញពីការងារដោយគ្មានមូលហេតុច្បាស់លាស់ និងគ្មានភស្តុតាងត្រឹមត្រូវ។

បើតាមអតីតបុគ្គលិកទាំងនោះ បានអះអាងថា ការបណ្តេញពួកគាត់ចេញនេះ ស្ថានទូតអាមេរិកលើកយកមូលហេតុមួយ គឺចោទប្រកាន់ពួកគាត់ថា ចែកចាយរូបថតអាសអាភាស ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស។ ប៉ុន្តែពួកគាត់អះអាងថា មូលហេតុនេះមិនសមរម្យនោះទេ គឺរូបថតនោះ បង្ហោះក្នុងហ្វេសប៊ុក (Group Messager )ឯកជនហើយក៏មិនដឹងថា ចេញមកពីណាផងដែរ។

ការតវ៉ារបស់អតីតបុគ្គលិកទាំងជាង៣0នាក់ ដែលត្រូវបណ្តេញចេញពីការងារនៅព្រឹកនេះពួកគាត់ទាមទារឲ្យស្ថានទូតអាមេរិកដោះស្រាយ ជូនពួកគាត់ចំនួន៧ចំណុច ដែលមានខ្លឹមសារដូចខាងក្រោម ៖

១៖ ទាមទាររកយុត្តិធម៌ ពីការបញ្ឈប់ពួកគាត់ដោយបង្ខំ និងមិនបង្ហាញភស្តុតាង។
២៖ ទាមទារកែពាក្យពីការបណ្តេញចេញ មកជាការកាត់បន្ថយបុគ្គលិកវិញ។
៣៖ ទាមទារសំណង០៦ខែ ទៅតាមច្បាប់កាត់បន្ថយបុគ្គលិក។
៤៖ សូមប្តឹងពីបទរំលោភសិទ្ធិបុគ្គលិក ដោយដកហូតយកទូរសព្ទ័ ទៅឆែកមើលគ្រប់រូបភាព និងឯកសារផ្សេងៗ ព្រមទាំងរឹបអូសយកទូរសព្ទ័ពួកគាត់ មួយចំនួនទៅរក្សាទុកមួយរយៈពេល ។
៥៖ សូមឲ្យទូទាត់លុយមូលនិធិឧបត្ភម (ប្រាក់១២ភាពរយ) ក្នុងខែនេះ ព្រមទាំង០៣ខែកន្លងមក ដែលមិនទាន់ទូទាត់ឲ្យពួកគាត់។
៦៖ សូមទារសំណងជំងឺចិត្តទៅលើការបង្ខូចកេរ្តិ៍ឈ្មោះ និងកិតិ្តយស ដោយចោតប្រកាន់គ្មានភស្តុតាង។
៧៖ សូមឲ្យសហគមបុគ្គលិកខ្មែរមានសិទ្ធិ ចូលរួមដោះស្រាយពីបញ្ហា ការបញ្ឈប់បុគ្គលិកខ្មែរ ដែលមានភាពយុត្តិធម៌ និងត្រឹមត្រូវតាមច្បាប់ការងារ។

អតីតបុគ្គលិកទាំងអស់ បានព្រមានថា ពួកគាត់ធ្វើការតវ៉ាជាបន្តបន្ទាប់ទៀត រហូតដល់មានការដោះស្រាយជូនពួកគាត់ ទើបឈប់តវ៉ា៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ