ព្រឹតិ្តការណ៍ថ្មីៗ

បើកបរទាំងស្រវឹង បុកចូលយានដ្ឋានជួសជុលរថយន្ត  ឆក់យកជីវិតយុវត្តីម្នាក់ ៤នាក់ទៀតរបួសធ្ងន់!

3 ខែ មុន 273 តូ សុផល

ភ្នំពេញ៖ ពិតជាអាណិតជាពន់ពេក សម្រាកនៅក្នុងផ្ទះទៅហើយ ស្រាប់តែមានអ្នកបើកបរស្រវឹងជោគ

បើកបោះពួយល្បឿនលឿនជ្រុល គេចពីម៉ូតូខាងមុខ រេចង្កូតទៅឆ្វេង បុកចូលយានដ្ឋានជួសជុលរថយន្ត  បណ្តាលឲ្យមានមនុស្សស្លាប់ម្នាក់ និងរងរបួសធ្ងន់ស្រាល៤នាក់ ហើយរថយន្តបន្តទៅបុកចូលផ្ទះលក់គ្រឿងសំណង់បន្ថែមទៀត បណ្តាលឲ្យរងការខូចខាតសម្ភារៈជាច្រើនទៀត កាលពីវេលាម៉ោង១០យប់ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវជាតិលេខ៣ ភូមិព្រីងត្បូង១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។

 

រថយន្តបង្កប្រភេទកុងតៃន័រសណ្តោងរ៉ឺម៉ក ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-2588 ជារថយន្តរបស់ក្រុមហ៊ុនដឹកជញ្ជូន CAT ដែលមានទីតាំងស្ថិតនៅតាមបណ្តោយជាតិលេខ៣ ភូមិក្រាំងដូនទៃ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ បើកបរដោយឈ្មោះ ផល សុភាព ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ បើកបររថយន្ត មានទីលំនៅភូមិផល ឃុំវាលពង់ ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ បច្ចុប្បន្ន ស្នាក់នៅជាមួយប្រពន្ធ ឈ្មោះ ឡាយ អឿន អាយុ៣៧ឆ្នាំ រស់នៅឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ។

 

ផ្ទះដែលទទួលរងគ្រោះ ទី១ យានដ្ឋានជួសជុលរថយន្ត យីហោ ប៊ុន ថុល បង្កឲ្យស្លាប់ក្មេងស្រីម្នាក់ ឈ្មោះ ហុក គីមឆាយ  អាយុ១៤ឆ្នាំ របួសធ្ងន់២នាក់ ប្រុសម្នាក់ ស្រីម្នាក់ ឈ្មោះ សិត សាវី អាយុ២៨ឆ្នាំ ស្នាក់នៅយានដ្ឋានជួសជុលរថយន្តខាងលើ មានស្រុកកំណើត ភូមិថ្នល់បំបែក ឃុំសំពៅលូន ស្រុកសំពៅលូន ខេត្តបាត់ដំបង ចំណែក៣នាក់ទៀតរងរបួសស្រាល ។

ទី២ ផ្ទះលក់គ្រឿងសំណង់ យីហោ ទ្រី សុខុម រងកសរខូចខាតខ្ទេចល្វែងខាងមុខ រួមទាំងទ្រព្យសម្បត្តិ រថយន្តចំនួន៣គ្រឿង ម៉ូតូមួយគ្រឿងកិនខ្ទេច  ។

 

តាមពលរដ្ឋឃើញហេតុការណ៍ បានឲ្យដឹងថា មុនកើតហេតុ រថយន្តបង្កបើកពីជើងទៅត្បូង អ្នកបើកបរស្រវឹងជោគជាំ លឿនលឿន បើកបណ្តើរស្រែកហៅគេឯងតាមផ្លូវ ឲ្យឡើងជិះបណ្តើរ លុះដល់ចំណុចកើតហេតុ គេចពីម៉ូតូខាងមុខ រេចង្កូតឆ្លងផ្លូវទៅខាងឆ្វេង បុកចូលយានដ្ឋាន ហើយធ្លាយទៅបុកចូលផ្ទះលក់គ្រឿងសំណង់ ទើបទៅមុខលែងរួច បណ្តាលឲ្យស្លាប់ក្មេងស្រីម្នាក់ របួសធ្ងន់២នាក់ របួសស្រាល៣នាក់ សម្ភារៈខូខខាតជាច្រើនទៀត ក្នុងនោះខូចខាតរថយន្តចំនួន៣គ្រឿង ។

 

ក្រោយកើតហេតុ ជនរងគ្រោះ២នាក់របួសធ្ងន់ រថយន្តសង្រ្គោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកអ្នកបើកបររថយន្តបង្កត្រូវបានឃាត់ខ្លួន ចំណែករថយន្តបង្ក ក្រោយពីសមត្ថកិច្ចជំនាញចុះទៅពិនិត្យរួច យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកក្រុងភ្នំពេញ ដើម្បីកសាងសំណុំរឿង ចាត់ការទៅតាមនីតិវិធី ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ