ព្រឹតិ្តការណ៍ថ្មីៗ

បង្ហោះសារប្រមាថព្រះមហាក្សត្រ ត្រូវកម្លាំងនគរបាលតាមចាប់ខ្លួនបានហើយ

1 ឆ្នាំ មុន 577 តូ សុផល

ភ្នំពេញ៖ ជនដែលបង្ហោះសារប្រមាថលើព្រះមហាក្សត្រ តាមបណ្ដាញសង្គម Facebook ត្រូវកម្លាំងនគរបាលតាមចាប់ខ្លួនបានហើយ នៅល្ងាចថ្ងៃទី១៥​ ខែមិថុនា ឆ្នាំ២០១៨ នេះ នៅសង្កាត់បឹងកេងកង២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ប្រតិបត្តិការតាមជនដែលប្រមាថលើអង្គព្រះមហាក្សត្រនេះ ត្រូវបានឡើងដោយកម្លាំង​នាយ កដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយកម្លាំង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ, ស្នងការដ្ឋានខេត្តត្បូងឃ្មុំ និងស្នងការដ្ឋានខេត្តស្វាយរៀង ក្រោមការបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គស្នងការនគរបាលជាតិស្ដីទី។

​បុគ្គលដែលបង្ហោះសារប្រមាថលើព្រះមហាក្សត្រនេះ ប្រើប្រាស់គណនី Facebook ឈ្មោះ «​អៀង ជលសា» បានបង្ហោះសារ កាលពីយប់ថ្ងៃ​ទី១៣ ខែមិថុនា ឆ្នាំ២០១៨ ។

បើតាមមន្ដ្រីនគរបាលជាន់ខ្ពស់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បុគ្គលខាងលើនេះ ធ្លាប់ទៅធ្វើការ និងរកស៊ីនៅក្រុងសួង ខេត្តត្បូងឃ្មុំ ហើយក៏ធ្លាប់ជាប់ពន្ធនាគារនៅខេត្តបាត់ដំបង កាលពីពេលកន្លងទៅផងដែរ ក្រោយប្រព្រឹត្តបទល្មើស។

មន្ដ្រីនគរបាលដដែលរូបនេះ បានឲ្យដឹងថា មុនឈានដល់ការចាប់ខ្លួន ​កម្លាំងនគរបាលជំនាញបានស្រាវជ្រាវតាមរយៈរូបថតមួយ ដែលថតនៅមុខសាលាស្រុកមេមត់ ខេត្តត្បូងឃ្មុំ ហើយកម្លាំងក៏បានសហការគ្នារវាងកម្លាំងនគរបាលខេត្តត្បូងឃ្មុំ ខេត្តស្វាយរៀង និងរាជធានីភ្នំពេញ តាមចាប់បាននៅល្ងាចថ្ងៃនេះ។ ​ក្រោយឃាត់ខ្លួន ជនសង្ស័យត្រូវបានបញ្ជូនទៅសួរនាំ នៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ ដើម្បីកសាងសំណុំរឿងចាត់ការបន្ដ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ