ព្រឹតិ្តការណ៍ថ្មីៗ

សមត្ថកិច្ចខណ្ឌសែនសុខ ចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីមួយកន្លែង តែរក្សាទុកជាច្រើនកន្លែងទៀត…!

1 ខែ មុន 674 តូ សុផល

ភ្នំពេញ ៖ ទីតាំងផ្ទះហ្គេមបាញ់ត្រីមួយកន្លែង លួចបើកលេងទើបបានប្រហែល១សប្តាហ៍ ត្រូវបានកម្លាំងនគរបាលខណ្ឌសែនសុខ ដឹកនាំកម្លាំងដោយផ្ទាល់ ដោយ លោកវរសេនីយ៍ឯក ហួរ ម៉េង អធិការនគរបាលខណ្ឌសែនសុខ រួមជាមួយកម្លាំងមូលដ្ឋានចុះទៅបង្ក្រាប ដកហូតទូហ្គេម២ទូ និងឃាត់ខ្លួនស្រ្តីអ្នកមើលការខុសត្រូវ ២នាក់ មកអប់រំផងដែរ។

ប្រតិបត្តការណ៍ចុះបង្ក្រាបនេះ កាលពីវេលាម៉ោង១០និង៤៥នាទីព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

តាមនគរបាលបានឲ្យដឹងថា ទីតាំងខាងលើ លួចបើកល្បែងហ្គេមបាញ់ត្រី ក្រោយពីពលរដ្ឋរាយការណ៍ ទើបកម្លាំងជំនាញ ចុះពិនិត្យជាក់ស្តែង ហើយចាប់ដកហូតតែម្តង ។

ក្រោយពីបង្ក្រាបបានទូហ្គេម យកទៅរក្សាទុកនៅ អធិការដ្ឋានខណ្ឌ ចំណែកឯស្រ្តីមើលការទូហ្គេមទាំង២នាក់ ត្រូវ ឃាត់ខ្លួននាំទៅសាកសួរនៅផ្នែកជំនាញ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

ពលរដ្ឋមានការសាទរ និងគាំទ្រពេញទំហឹង ចំពោះចំណាត់ការចុះបង្ក្រាបល្បែងស៊ីសងប្រភេទហ្គេមបាញ់ត្រីដែលជាទីតាំងប្រើប្រាស់ ចែកចាយ ជួញដូរគ្រឿងញៀន ដែលជាដើមចមនៃបទល្មើសលួចឆក់ប្លន់ និងអំពើហិង្សាជាដើម។

ទោះយ៉ាងនេះក្តី យូរៗម្តងទើបគេឃើញសមត្ថកិច្ច  ឬ អាជ្ញាធរខណ្ឌសែនសុខ ចុះបង្ក្រាបម្តង ហើយរើសទីតាំងបង្ក្រាបទៀត ។ ជាក់ស្តែងទាំង លោក ម៉ូវ មានិត អភិបាលខណ្ឌ និង លោក ហួរ ម៉េង វ៉ាង អធិការខណ្ឌ លោក ព្រំសក្តា មេប៉េអឹមខណ្ឌ សុទ្ធតែដឹងថា ទីតាំងហ្គេមបាញ់ត្រី និងណេត ២៤ម៉ោងក្នុងខណ្ឌទាំងមូលមានច្រើនកន្លែងណាស់ ដូចជា៖ ហ្គេមបាញ់ត្រី នៅលើ ផ្សារទំនើបរតនាផ្លាហ្សា ហ្គេមបាញ់ត្រី មុខផ្សារទំនើប Macro និង ហ្គេមបាញ់ត្រី 6ទូលើផ្សារទំនើប EAON2  ជាដើម។

អង្គភាព TNN បានផ្តល់ព័ត៌មានខាងលើ ជូនសមត្ថកិច្ច និង អាជ្ញាធរពាក់ព័ន្ធទាំងអស់ដែរ បានត្រឹមតែថា ចាំអោយមន្ត្រីជំនាញចុះពិនិត្យ ហើយពាក្យស្រដៀងគ្នានេះ បានប្រើជារឿយៗរហូតដុះដូរ ចៅហ្វាយខណ្ឌ និង អធិការខណ្ឌ ច្រើនជំនាន់ដែរ នៅតែដដែល ( ទាំងអភិបាល អធិការ និង លោកមេប៉េអឹម សង្ស័យចាញ់អំណាចបារមីមេបនល្បែង ឬ ម្ចាស់ហ្គេមបាញ់ត្រីនោះហើយមើលទៅ) ឬមួយត្រូវរង់ចាំមើល អភិបាល អធិការ និង លោកមេប៉េអឹមជំនាន់ក្រោយៗទៀត…………..?

គួររំលឹកដែរថា ឯកឧត្តម ឃួង​ ស្រេង​ អភិបាលរាជធានីភ្នំពេញ តែងតែងក្រើនរំលឹកដល់អភិបាលខណ្ឌទាំង១២ និងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់  ត្រូវលប់បំបាត់ទីតាំងទាំងឡាយណាដែលល្មើសច្បាប់ ក្រោមរូបភាពបើកអ៊ីនធឺណេត​២៤ម៉ោង ព្រោះ ល្បែងស៊ីសងគ្រប់ប្រភេទ ជាដើមចមនៃបទល្មើស លួច ឆក់ ប្លន់​ បង្កអសន្តិសុខដល់សង្គម ជាពិសេសផ្ទុយគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាពទាំង៩ចំណុចរបស់ប្រមុខរាជរដ្ឋាភិបាលថែមទៀតផង៕

សម្តេចក្រឡាហោម ស ខេង បានចេញសេចក្តីណែនាំអោយមន្ត្រី កងកំលាំងមានសមត្ថកិច្ចទាំងអស់ បង្រ្កាបល្បែងស៊ីសង ខុសច្បាប់ ដែលបង្កការប៉ះពាល់ ដល់សណ្តាប់ធ្នាប់សាធារណៈ ប៉ះពាល់ សីលធម៌សង្គម និងជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋ ពិសេសគឺការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពឲ្យរបស់រាជដ្ឋាភិបាល។

សម្តេចក្រឡាហោម ស ខេង ក៏បានសង្កត់ធ្ងន់ដែរថា ចំពោះល្បែងស៊ីសងខុសច្បាប់ ដែលបានលបលួច បើក និងបានបើកជាចំហរ នៅតាមបណ្តាមូលដ្ឋានមួយចំនួន កន្លងមកនោះដូចជា៖ ល្បែងជ្រក ក្រោម ស្លាកល្បែងស្របច្បាប់ ឆ្នោត ឡូតូ ភ្នាល់ បាល់ភ្នាល់អនឡាញ ល្បែង អ៊ិនធឺណេត ២៤ម៉ោង ឆ្នោតកន្ទុយ លេខ ល្បែងជល់ មាន់ ល្បែងភា្នល់ ទឹកភ្លៀង ល្បែងបាញ់ត្រី និងល្បែងនានា ដែលជ្រក ក្រោមល្បែង ក្មេង លេង និងទាំងអាជីវកម្មខុសច្បាប់ គឺត្រូវបានប្រកាសបិទទាំងស្រុង។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ