ព្រឹតិ្តការណ៍ថ្មីៗ

គម្រប និងដបតែបៃតងអូអ៊ិឈិ (Oishi) ជារង្វាន់រថយន្ត ត្រូវបានសមត្ថកិច្ចនគរបាលយុត្តិធម៌ស្រុកមេមត់ បញ្ជូនទៅតុលាការខេត្តត្បូងឃ្មុំ

2 ខែ មុន 384 តូ សុផល

ភ្នំពេញ៖  បន្ទាប់ពីបានឃើញនៅក្នុងបណ្តាញទំនាក់ទំនង Facebook ដែលមានអាខោនមួយឈ្មោះ HEM NIMOL

បានធ្វើការបង្ហោះនូវឃ្លីបវិដេអូមួយដើម្បីប្រកាសឲ្យជួយរកយុត្តិធម៌ (វីដេអូនោះមានការ Like comment និង Shears តៗគ្នាជាច្រើន) នៅវេលាម៉ោង ១៩ និង ០៧ នាទី នាថ្ងៃទី ១១ ខែ មិថុនា គ.ស ២០១៨ និយាយពីរឿងគម្របតែបៃតងអូអ៊ិឈិ (Oishi) ត្រូវរង្វាន់រថយន្ត ដែលយកទៅផ្ញើរនឹងថៅកែដើម្បីឲ្យជួយរក្សាទុក ប៉ុន្តែដល់ពេលទៅសុំយកមកវិញមិនព្រមឲ្យវិញ និងចុះផ្សាយបណ្តាតាមគេហទំព័រព័ត៌មានជាច្រើន ព្រមទាំងទូរទស្សន៍មួយចំនួនជាបន្តបន្ទាប់ លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានឲ្យកម្លាំងនគរបាលជំនាញខេត្តត្បូងឃ្មុំ ចុះសហការជាមួយកម្លាំងនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកមេមត់ ដើម្បីធ្វើការអញ្ជើញភាគីដែលពាក់ព័ន្ធមកបំភ្លឺភ្លាមលើករណីនោះ ។

នៅថ្ងៃទី ១២ ខែ មិថុនា គ.ស ២០១៨ វេលាម៉ោង ០៩ និង ០០ នាទី លោកវរសេនីយ៍ឯក ហុង គឹមហឿន អធិការនគរបាលស្រុកមេមត់ បានអញ្ជើញឈ្មោះ ស៊ិន ម៉ៅ ភេទប្រុស អាយុ ៣៨ ឆ្នាំ ជាតិខ្មែរ ដែលម្ចាស់ហាង Karaoke មានផ្លាកយីហោ វិមានទ្រព្យ KTV មានទីតាំងនៅភូមិម៉ាស៊ីនទឹក ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ , ឈ្មោះ សែម កាណាន់ ហៅ តាន់ ភេទប្រុស អាយុ ២៦ ឆ្នាំ ជាតិខ្មែរ ជាបុគ្គលិករត់តុ នៅហាងនោះ , ឈ្មោះ ហែម និមល ហៅ ម៉ៅ ភេទប្រុស អាយុ ២៥ ឆ្នាំ ជាតិខ្មែរ ជាអតីតបុគ្គលិករត់តុ នៅហាងនោះដែល ដើម្បីធ្វើការបំភ្លឺនៅអធិការដ្ឋាននគរបាលស្រុកមេមត់ ដោយយោងតាមប្រសាសន៍ណែនាំរបស់លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ ។

ផ្អែកតាមការបំភ្លឺរបស់ឈ្មោះ ស៊ិន ម៉ៅ ភេទប្រុស អាយុ ៣៨ ឆ្នាំ ជាតិខ្មែរ មានខ្លឹមសារថា ៖ នៅថ្ងៃទី ២៦ ខែ ឧសភា គ.ស ២០១៨ វេលាម៉ោង ០៨ និង ០០ នាទីព្រឹក ខ្ញុំកំពុងនៅក្នុងផ្ទះស្រាប់តែឈ្មោះ សែម កាណាន់ ហៅ តាន់ ភេទប្រុស ជាបុគ្គលិករត់តុ បានមកសុំខ្ចីប្រាក់ដើម្បីទៅភ្នំពេញជាមួយឈ្មោះ ហែម និមល ហៅ ម៉ៅ ភេទប្រុស ជាបុគ្គលិករត់តុក្នុងហាងខ្ញុំជាមួយគ្នា ។ ហើយក៏បានសួរទៅអ្នកទាំងពីរ តើទៅភ្នំពេញធ្វើអ្វី ? បន្ទាប់មកពួកគេក៏បានឆ្លើយថាទៅបើករង្វាន់រថយន្ត ០១ គ្រឿង ពីក្រុមហ៊ុនតែបៃតងអូអ៊ិឈិ (Oishi) ។ លឺដូចនោះក៏បានសុំមើលរង្វាន់រថយន្តពីឈ្មោះ សែម កាណាន់ ហៅ តាន់ រួចគាត់ក៏ហុចគម្រប និងដបដែលត្រូវរង្វាន់នោះមកពិនិត្យមើលរួច ហើយរូបគេក៏បានប្រាប់ថាឲ្យជួយរក្សាទុក និងទំនាក់ទំនងទៅក្រុមហ៊ុនដើម្បីបើករង្វាន់អោយតែម្តងទៅ ដោយពួកគេមិនបាច់ទៅភ្នំពេញឡើយ ។ លុះរំលងបានប៉ុន្មានថ្ងៃស្រាប់តែឈ្មោះ ហែម និមល ហៅ ម៉ៅ និងប្រពន្ធ មកទាមទារយកគម្រប និងដបរង្វាន់ទៅវិញតែខ្ញុំមិនព្រមប្រគល់អោយ ព្រោះអ្នកដែលជាម្ចាស់រង្វាន់នោះឈ្មោះ សែម កាណាន់ ហៅ តាន់ មិនមែនឈ្មោះ ហែម និមល ហៅ ម៉ៅ នោះទេ ។

ផ្អែកតាមការបំភ្លឺរបស់ឈ្មោះ សែម កាណាន់ ហៅ តាន់ ភេទប្រុស អាយុ ២៦ ឆ្នាំ ជាតិខ្មែរ មានខ្លឹមសារ ថា ៖ នៅថ្ងៃទី ២៥ ខែ ឧសភា គ.ស ២០១៨ រូបខ្លួន និងឈ្មោះ ហែម និមល ហៅ ម៉ៅ ភេទប្រុស នៅធ្វើការរួមគ្នានៅហាងខារ៉ាអូខេយីហោ វិមានទ្រព្យ KTV តាំងពីថ្ងៃរសៀលរហូតដល់យប់ជ្រៅ វេលាម៉ោងប្រហែល ០១ និង ៣០ នាទី ទៅម៉ោង ០២ និង ០០ នាទី ឈានចូលថ្ងៃទី ២៦ ឧសភា គ.ស ២០១៨ ចប់ម៉ោងធ្វើការក៏បាននាំគ្នាទៅជិះម៉ូតូទៅទិញភេសជ្ជៈផឹក កន្លែងលក់មួយនៅមុខផ្សារមេមត់ នៅពេលទៅដល់ក៏បានទិញតែបៃតងអូអ៊ិឈិ (Oishi) ម្នាក់០១ដប ដោយប្រាក់ធីបចំនួន ៥,០០០៛ ដែលភ្ញៀវបានឲ្យចែកគ្នាមិនដាច់ ។ នៅពេលរូបខ្ញុំបើកគម្របដបតែបៃតងអូអ៊ិឈិ (Oishi) ស្រាប់តែមានរូបរថយន្ត និងអក្សរជាភាសាខ្មែពីក្រោមសរសេរថា រថយន្តភីកអាប់ ហើយក្រោមនោះទៀតជាអក្សរជាភាសាអង់គ្លេសមើលមិនដាច់ ចំណែកឯគម្របដបរបស់ឈ្មោះ ហែម និមល ហៅ ម៉ៅ ពុំមានត្រូវរង្វាន់អ្វីទេ ។ ផឹករួចយើងទាំងពីរអ្នកក៏បានជិះម៉ូតូឌុបគ្នាទៅកន្លែងធ្វើការវិញ ហើយនៅពេលជិះតាមផ្លូវបាននិយាយព្រមព្រៀងគ្នាថាចែកគ្នាស្មើរ ពេលទៅដល់កន្លែងបានយកគម្របដបតែបៃតងអូអ៊ិឈិ (Oishi) នោះទៅផ្ញើរនឹងថៅកែហាងខារ៉ាអូខេយីហោ វិមានទ្រព្យ KTV ឈ្មោះ ស៊ិន ម៉ៅ ភេទប្រុស អោយជួយធ្វើការចាត់ចែងទំនាក់ទំនងទៅក្រុមហ៊ុន ដើម្បីបើករថយន្តដែលត្រូវរង្វាន់នោះ ។ បន្ទាប់មកប្រហែលរយៈពេលពី ០២ ទៅ ០៣ ថ្ងៃ ស្រាប់តែឈ្មោះ ហែម និមល ហៅ ម៉ៅ និងប្រពន្ធឈ្មោះ ស្រីណា បានទៅទាមទារយកគម្រប និងដបតែបៃតងអូអ៊ិឈិ (Oishi) ដែលត្រូវរង្វាន់រថយន្តពីថៅកែដោយមិនឲ្យខ្ញុំដឹងឡើយ ។ ពេលនោះថៅកែរបស់ខ្ញុំ បានហៅខ្ញុំមកសួរនាំរឿងគម្រប និងដបតែបៃតងអូអ៊ិឈិ (Oishi) ដែលត្រូវរង្វាន់នោះ តើត្រូវឲ្យទៅគេរឺអត់ ? ប៉ុន្តែរូបខ្ញុំបានបដិសេធថាមិនព្រមឲ្យគម្របនិងដបតែបៃតងអូអ៊ិឈិ (Oishi) ដែលត្រូវរង្វាន់រថយន្តនោះទៅឈ្មោះ ហែម និមល ហៅ តាន់ ឡើយព្រោះខ្លាចមានគំនិតក្បត់យករង្វាន់រថយន្តផ្តាច់មុខម្នាក់ឯង ។

ផ្អែកតាមការបំភ្លឺរបស់ឈ្មោះ ហែម និមល ហៅ ម៉ៅ ភេទប្រុស អាយុ២៥ឆ្នាំ ជាតិខ្មែរ មានខ្លឹមសារថា ៖ នៅថ្ងៃទី ២៥ ខែ ឧសភា គ.ស ២០១៨ វេលាម៉ោងប្រហែល ១៦ និង ០០ នាទី រូបខ្ញុំនៅលក់ដូរក្នុងហាងខារ៉ាអូខេ យីហោ វិមានទ្រព្យ KTV ជាមួយនឹងមិត្តភក្កិឈ្មោះ សែម កាណាន់ ហៅ តាន់ ភេទប្រុស លុះដល់វេលាម៉ោងប្រហែល ២០ និង ០០ នាទី ថ្ងៃដដែលមានឈ្មោះ ខួច ភេទស្រី ត្រូវប្អូនថ្លៃបានឲ្យប្រាក់ចំនួន ១០,០០០៛ (ក្រដាស់ ៥,០០០៛ ចំនួន ០២ សន្លឹក) ទុកទិញបារីជក់ ។ រហូតដល់យប់ជ្រៅរំលងអាធ្រាត វេលាម៉ោងប្រហែល ០២ និង ០០ នាទី ឈានចូលថ្ងៃទី ២៦ ខែ ឧសភា គ.ស ២០១៨ អស់ភ្ញៀវយើងទាំងពីរនាក់ក៏បានជិះម៉ូតូឌុបគ្នាចេញពីកន្លែងធ្វើការទៅរកទិញភេសជ្ជៈផឹក កន្លែងលក់មួយនៅមុខផ្សារមេមត់ នៅពេលទៅដល់ក៏បានទិញតែបៃតងអូអ៊ិឈិ (Oishi) ចំនួន ០២ ដប (ក្នុងមួយដបតម្លៃ ២,៥០០៛) ដោយខ្ញុំជាអ្នកចេញប្រាក់ក្រដាស់ ៥,០០០៛ ទៅឲ្យអ្នកលក់ ។ នៅពេលបើកគម្របដបតែបៃតងអូអ៊ិឈិ (Oishi) រៀងៗខ្លួន គម្របដបរបស់ខ្ញុំពុំត្រូវរង្វាន់អ្វីទេ ប៉ុន្តែគម្របដបរបស់ឈ្មោះ សែម កាណាន់ ហៅ តាន់ មានរូបរថយន្ត និងអក្សរជាភាសាខ្មែរពីក្រោមសរសេរថា រថយន្តភីកអាប់ ហើយក្រោមនោះទៀតជាអក្សរជាភាសាអង់គ្លេសមើលមិនដាច់ ដែលបញ្ជាក់ថាទទួលបានរង្វាន់រថយន្ត ០១ គ្រឿង ។ ដោយពួកយើងត្រេកអរនិងសប្បាយចិត្តខ្លាំងណាស់រហូតអោបគ្នា និងបាននិយាយព្រមព្រៀងគ្នាថារង្វាន់ដែលត្រូវនេះចែកគ្នាស្មើរ ហើយនាំគ្នាទៅដេកបន្ទប់ជាមួយគ្នា ។ លុះដល់វេលាម៉ោងប្រហែល ០៦ ទៅ ០៧ និង ០០ ព្រឹក ថ្ងៃដដែល ខ្ញុំបានតេទូរស័ព្ទប្រាប់បងប្អូនរបស់ខ្លួន ហើយឈ្មោះ សែម កាណាន់ ហៅ តាន់ បានតេទូរស័ព្ទប្រាប់បងប្អូនដែរ អំពីរង្វាន់នេះ ។ រហូតដល់វេលាម៉ោងប្រហែល ០៩ ទៅ ១០ និង ០០នាទី ថ្ងៃដដែល ខ្ញុំ និងមិត្តរបស់ខ្ញុំ សម្រេចប្រគល់គម្របដបតែបៃតងអូអ៊ិឈិ (Oishi) ដែលត្រូវរង្វាន់រថយន្តនេះអោយទៅឈ្មោះ ស៊ិន ម៉ៅ ជាម្ចាស់ហាងខារ៉ាអូខេយីហោ វិមានទ្រព្យ KTV ជាអ្នកជួយរក្សាទុកធ្វើការចាត់ចែងទំនាក់ទំនងទៅក្រុមហ៊ុនដើម្បីបើកយករថយន្តដែលត្រូវរង្វាន់នោះ ។ ប្រហែល ០៧ ទៅ ០៨ ថ្ងៃក្រោយ រូបខ្ញុំនិងប្រពន្ធ រួមនិងប្អូនថ្លៃ ឈ្មោះ ស្រីខួច បានសុំយកគម្របដបដែលត្រូវរង្វាន់ពីឈ្មោះ ស៊ិន ម៉ៅ មកវិញ ពេលនោះឈ្មោះ សែម កាណាន់ ហៅតាន់ បានជំទាស់មិនព្រមឲ្យប្រគល់គម្របដបដែលត្រូវរង្វាន់មកឲ្យខ្ញុំឡើយ ។ ហើយពេលនោះក៏មានការប្រកែកតពាក្យសម្តីគ្នាខ្លាំងៗ ឈ្មោះ ស៊ិន ម៉ៅ បានបណ្តេញរូបខ្ញុំ និងប្រពន្ធចេញពីហាង ដោយនិយាយថាមិនចង់បានយករង្វាន់នេះសូម្បីតែ០១រៀល ។ ដោយខ្ញុំបាទគិតថាខ្លួនមិនបានទទួលរង្វាន់នេះ ក៏សម្រេចចិត្តថតវីដេអូឃ្លីបរួចបង្ហោះចូលទៅប្រព័ន្ធសង្គមហ្វេសបុក (Facebook) ដែលមានអាខោនផ្ទាល់ខ្លួនឈ្មោះ HEM NIMOL ដើម្បីសុំអោយបងប្អូនក្នុងបណ្តាញសង្គមហ្វេសបុក (Facebook) ជួយស៊ែបន្ត ហើយបន្តបានដឹងដល់សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចគតិព្រឹទ្ធបណ្ឌិត ឲ្យជួយរកយុត្តិធម៌ដល់ខ្លួនផង នៅថ្ងៃទី ១១ ខែ មិថុនា គ.ស ២០១៨ នៅវេលាម៉ោង ១៩ និង ០៧ នាទី ។

សូមបញ្ជាក់ជូនថា ៖ នៅពេលដែលសមត្ថកិច្ចយើងបានអញ្ជើញភាគីដែលពាក់ព័ន្ធជាមួយនឹងគម្របតែបៃតងអូអ៊ិឈិ (Oishi) មានរូបរថយន្ត និងអក្សរជាភាសាខ្មែរពីក្រោមសរសេរថា រថយន្តភីកអាប់ ហើយក្រោមនោះទៀតមានអក្សរជាភាសាអង់គ្លេសថា Made In Cambodia ដែលបញ្ជាក់ថាជារង្វាន់រថយន្ត ០១ គ្រឿង ជាមួយនិងដប គឺបានសុំដកហូតនិងរក្សាទុកនៅកន្លែងមានសុវត្តិភាព នៃអធិការដ្ឋាននគរបាលស្រុកមេមត់ ។ ហើយបច្ចុប្បន្នសមត្ថកិច្ចនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកមេមត់ ប្រមូលផ្តុំឯកសារ និងគម្រប និងដបបៃតងអូអ៊ិឈិ (Oishi) ដែលជារង្វាន់នោះ បញ្ជូនទៅតុលាការខេត្តត្បូងឃ្មុំ ធ្វើការដោះស្រាយតាមការគួរ ដោយមូលហេតុភាគី ១.ឈ្មោះ សែម កាណាន់ ហៅ តាន់ ភេទប្រុស , ២.ឈ្មោះ ហែម និមល ហៅ ម៉ៅ មិនឯកភាពគ្នា ចំពោះម្ចាស់ហាង Karaoke មានផ្លាកយីហោ វិមានទ្រព្យ KTV ឈ្មោះ ស៊ិន ម៉ៅ ភេទប្រុស សុំមិនលូកដៃក្នុងនោះរឿងនោះឡើយ ៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ