៤១នាទី ពិភពលោកចោលភ្នែកមើលលោកត្រាំនិងលោកគីម

4 ខែ មុន 310 តូ សុផល

សិង្ហបុរី៖ កិច្ចប្រជុំកំពូលរវាងលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក និងលោក គីម ជុងអ៊ុន

បានបញ្ចប់ក្នុងរយៈពេល៤១នាទី ក្រោមការយកចិត្តទុកដាក់តាមដាន ព័ត៌មានជាប្រវត្តិសាស្ត្រនេះនៅជុំវិញពិភពលោកផងដែរ។

នៅក្នុងជំនួបជាប្រវត្តិសាស្ត្រនេះ មេដឹកនាំទាំងពីរបានថ្លែងថា “ យើងនឹងរួមគ្នាធ្វើការ ហើយជាទំនាក់ទំនងគ្នាដ៏ល្អណាស់ ” ។

លោក ដូណាល់ ត្រាំ បានថ្លែងថា “យើងធ្វើការដោះស្រាយបញ្ហាធំ ជាមួយគ្នា” ។

ជំនួបកំពូលរវាងលោក ត្រាំ និងលោក គីម ជាប្រធានបទក្តៅបំផុតសម្រាប់ពិភពលោក ដេលបានរង់ចាំមើលជាយូរមកហើយ ។

ជំនួបកំពូលរបស់មេដឹកនាំទាំងពីរ បានកើតឡើងតាមការគ្រោងទុក ហើយនៅមិនទាន់មានសេចក្តីថ្លែងការណ៍ណាមួយនៅឡើយទេ នៅក្នុងរយៈពេលដ៏ខ្លីនេះ ។

យើងក្រឡេកមកមើលប្រទេសចិនឯណេះវិញគឺ ចិនសង្ឃឹមថាជំនួបកំពូលអាមេរិក កូរ៉េខាងជើង នឹងទទួលបានលទ្ធផលជាផ្លែផ្កា
ច្រើន។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោកហ្គេង សួង បាននិយាយនៅថ្ងៃចន្ទនេះថា ចិនសង្ឃឹមយ៉ាងមុតមាំថា ជំនួបកំពូលនៅថ្ងៃស្អែកនេះ រវាងសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ និងសហរដ្ឋអាមេរិក នឹងទទួលបានលទ្ធផលវិជ្ជមានជាផ្លែផ្កាជាក់ជាពុំខានឡើយ។
លោកហ្គេង បានផ្តល់អនុសាសន៍បែបនេះ អំឡុងសន្និសីទកាសែតប្រចាំថ្ងៃ។
មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន និងប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ ត្រាំ បានធ្វើដំណើរមកដល់ប្រទេសសិង្ហបុរីកាលពីថ្ងៃអាទិត្យ សម្រាប់ជំនួបជាប្រវត្តិសាស្រ្តដែលបានកំណត់ធ្វើឡើងនៅថ្ងៃអង្គារស្អែកនេះ នៅក្នុងសណ្ឋាគារកាប៉េឡា នៅលើកោះទេសចរណ៍សេនតូសា ។
ជំនួបរវាងមេដឹកនាំទាំង២ បានធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងពីសហគមន៍អន្តរជាតិ ហើយលោកហ្គេង បានធ្វើការសង្កត់ធ្ងន់ថា ចិនពិតជាសង្ឃឹមថា ជំនួបមួយនេះ នឹងដំណើរការទៅយ៉ាងរលូន ទទួលបានលទ្ធផលវិជ្ជមាន ជាហេតុនាំឲ្យមានការរំសាយអាវុធនុយក្លេអ៊ែរ និងដំណោះស្រាយនយោបាយនៅក្នុងតំបន់ឧបទ្វីបកូរ៉េ។

ដំណើរវិវត្តន៍ផ្លាស់ប្តូរមួយចំនួនមុនពេលកើតមានជំនួបជាប្រវត្តិសាស្រ្តរវាងមេដឹកនាំអាមេរិក និងកូរ៉េខាងជើង។
ចាប់តាំងពីឆ្នាំ២០១៧រហូតមក កូរ៉េខាងជើងបានក្លាយជាប្រធានបទក្តៅនៅគ្រប់ទិសទីទូទាំងពិភពលោក ស្របពេលដែលមានមហិច្ឆិតារបស់ប្រទេសមួយនេះក្នុងការអភិវឌ្ឍន៍កម្មវិធីនុយក្លេអ៊ែរដែលអាចធ្វើឲ្យពួកគេក្លាយជាប្រទេសដ៏មានអំណាចមួយ ហើយនិងបានយកឈ្នះគូសត្រូវរបស់ខ្លួន គឺសហរដ្ឋអាមេរិក។

នៅឆ្នាំ២០១៧ កូរ៉េខាងជើងបានសាកល្បងមីស៊ីលជាង១៥លើកដើម្បីបង្ករឿងជាមួយសហរដ្ឋអាមេរិក ដែលការសាកល្បងគ្រប់លើករបស់ពួកគេ ត្រូវបានថ្កោលទោសដោយអង្គការសហប្រជាជាតិ និងប្រទេសជាច្រើនដ៏ទៀត។

សង្រ្គាមពាក្យសម្តីឥតឈប់ឈរវាងលោកដូណាល់ ត្រាំ និងលោកគីម ជុងអ៊ុន បានធ្វើឲ្យវិបត្តិមួយនេះ កាន់តែដុនដាបទៅ ថែមទាំងធ្វើឲ្យភាពតានតឹងឡើងកម្តៅខ្លាំងជាងមុន។
ប៉ុន្តែនៅក្នុងឆ្នាំ២០១៨នេះ មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន បែរជាផ្លាស់ប្តូរផ្នត់គំនិតនយោបាយរបស់ខ្លួន ។
នៅក្នុងខែមិនាឆ្នាំនេះ លោកគីម បានផ្ញើលិខិតអញ្ជើញមួយទៅកាន់ប្រធានាធិបតីសហរដ្ឋអាមេរិក លោកដូណាល់ ត្រាំ សម្រាប់លទ្ធភាពនៃជំនួបមួយ ដែលលោកត្រាំ បានយល់ព្រមទទួលយក។
នៅថ្ងៃទី២៧ ខែមេសា ឆ្នាំនេះ លោកគីម បានឈានជើងឆ្លងកាត់ព្រំដែនចូលទៅកាន់ទឹកដីកូរ៉េខាងត្បូង ដើម្បីជួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោកមូន ចេអ៊ីន ណឱបប្រធានាធិបតីកូរ៉េខាងត្បូងម្នាក់នេះដើរជាមួយលោកមូន ផឹកតែជាមួយលោកមូន ហើយថែមទាំងសន្យាថានឹងបញ្ចប់កម្មវិធីនុយក្លេអ៊ែរ និងបញ្ចប់សង្រ្គាមបងប្អូនកូរ៉េ។
នៅខែឧសភាកូរ៉េខាងជើង បានកម្ទេចចោលទីតាំងសាកល្បងមីស៊ីលរបស់ខ្លួន ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់ពួកគេចំពោះកិច្ចព្រមព្រៀងមួយនេះ។
ប៉ុន្តែរយៈពេល២សប្តាហ៍មុនជំនួបកំពូលធ្វើឡើង លោកត្រាំ និងលោកគីម បែរជាមានជម្លោះពាក្យសម្តីជាថ្មីម្តងទៀត បន្ទាប់ពីទីប្រឹក្សាលោកត្រាំ គឺលោកចន បូលតុន បាននិយាយដោយប្រៀបប្រដូចកូរ៉េខាងជើងទៅនឹងប្រទេសលីប៊ី។
លោកគីម បានផ្ទុះកំហឹងជាខ្លាំង ថែមទាំងបានចាត់ទុកអនុប្រធានាធិបតីសហរដ្ឋអាមេរិកលោក ម៉ៃ ផេនថាជាមនុស្ស “ល្ងីល្ងើ មិនដឹងខ្យល់”ទៀតផង ជាហេតុធ្វើឲ្យលោកត្រាំ លប់ចោលជំនួបកំពូលជាមួយលោកគីម នៅក្នុងលិខិតបើកចំហរមួយដែលបានផ្ញើរជូនលោកគីម។
ប៉ុន្តែរយៈពេល១សប្តាហ៍ក្រោយមក សេនាស្តាំរបស់លោកគីម ជុងអ៊ុន គឺលោកឧត្តមសេនីយ៍ គីម យ៉ុងឆុល បានបំពេញទស្សនកិច្ចលោកត្រាំនៅឯទីក្រុងវ៉ាស៊ីងតោន ហើយនឹងមានជំនួបជាបន្តបន្ទាប់ ធ្វើឲ្យជំនួបលោកត្រាំ-លោកគីម កើតមានជាថ្មីម្តងទៀត។
នៅថ្ងៃនេះ នៅឯសណ្ឋាគារកាបេឡា របស់ប្រទេសសិង្ហបុរី លោកត្រាំ និងលោកគីម នឹងជួបគ្នា គឺជាជំនួបកំពូលជាលើកដំបូងដែលមេដឹកនាំកូរ៉េខាងជើង នឹងជួបទល់មុខគ្នាជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកក្នុងរយៈពេលជាច្រើនទសវត្សកន្លងមកនេះ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ