ព្រឹតិ្តការណ៍ថ្មីៗ

សិស្សអង្គការ S.O.S ថ្នាក់ទី១០B ម្នាក់ទៀតហើយ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីលួចមានស្ថានទំម្ងន់ទោស (ឆក់ ទូរស័ព្ទដៃ)

1 សប្តាហ៍ មុន 183 តូ សុផល

ភ្នំពេញ៖ នៅថ្ងៃច័ន្ទ ១៣រោច ខែជេស្ឋ សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ១១:០៥នាទីកំលាំងផ្នែកព្រហ្មទណ្ឌ និងកំលាំង នគរបាលប៉ុស្តិ៍រដ្ឋបាលបឹងកក់ទី២ នៃអធិការដ្ឋាន នគរបាលខណ្ឌទួលគោក បានសហការជាមួយកំលាំងការិយាល័យនគរបាល ព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានសហការធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០១នាក់ពីបទ លួចមានស្ថានទំម្ងន់ទោស (ឆក់ ទូរស័ព្ទដៃ) ប្រព្រឹត្តនៅចំណុច មុខផ្ទះលេខ១៥ ផ្លូវ លេខ៣២៧ កែងផ្លូវ លេខ៥៩៦ ក្រុមទី១៣ ភូមិ៣ សង្កាត់បឹងកក់ ទី២ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ១៦:៣៥នាទី ។

ជនសង្ស័យឈ្មោះ លី សុវណ្ណដារា ហៅ រ៉ា ហៅ មាន់ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស មណ្ឌលអង្គការ S.O.S ថ្នាក់ទី១០B ស្នាក់នៅផ្ទះលេខ១៣៦C ផ្លូវបេតុង ភូមិច្រេះ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

វត្ថុតាងចាប់យកមាន ម៉ូតូមួយគ្រឿងម៉ាក Honda C125 ស៊េរី2008 ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1I-4258 ដែលមានលេខតួនិងលេខម៉ាស៊ីន: 8276002 (ជាម៉ូតូដែលជនសង្ស័យទាំងពីរជិះធ្វើសកម្មភាពឆក់ ) ។

ជនរងគ្រោះ ពុំស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុប្រហែល ២៦ឆ្នាំ ជនជាតិខ្មែរ ជិះម៉ូតូមួយគ្រឿងម៉ាក Honda Scoopy ពណស (ក្រោយកើតហេតុជិះម៉ូតូចេញទៅបាត់ដោយពុំបាន ដាក់ពាក្យបណ្ដឹងទេ ) ។

ប្រភពអោយដឹងថា នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ១៦:៣៥នាទី ជនរងគ្រោះពុំស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុប្រហែល២៦ឆ្នាំ ជនជាតិខ្មែរ បានជិះម៉ូតូមួយគ្រឿងម៉ាក Honda Scoopy ពណ៌ស មិនចាំស្លាកលេខ ជិះតាមបណ្ដោយផ្លូវលេខ៣២៧ ទិសដៅពីត្បូងទៅជើង ពេលជិះមកដល់ចំណុចផ្លូវកែងលេខ៥៩៦ ក្រុមទី១៣ ភូមិ៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ស្រាប់តែមានជនសង្ស័យឈ្មោះ លី សុវណ្ណដារា ហៅ រ៉ា ហៅ មាន់ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ជាអ្នកបើកម៉ូតូចំណែកជនសង្ស័យឈ្មោះ សេង ចាន់ថេន ហៅ ថេន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ជាអ្នកជិះពីក្រោយ រួមនិងបក្សពួក០៤នាក់ទៀត ជិះម៉ូតូចំនួន០២គ្រឿង បានជិះមកអែបខាងឆ្វេងដៃរបស់ជនរងគ្រោះ រួចហើយជនសង្ស័យឈ្មោះ សេង ចាន់ថេន បានធ្វើសកម្មភាពឆក់ទូរស័ព្ទ ដៃពីដៃ ជនរងគ្រោះបានសម្រេច ចំណែកជនសង្ស័យទាំង០៤នាក់ជិះម៉ូតូ០២គ្រឿងជាអ្នកជិះបិទគូទពីក្រោយ ពេលឆក់បានហើយជនសង្ស័យទាំងនោះព្យាយាមជិះម៉ូតូគេចខ្លួន ភ្លាមនោះជនរងគ្រោះបានជិះម៉ូតូដេញតាមពីខាងក្រោយជនសង្ស័យរួចស្រែកថាចោរៗ ភ្លាម នោះជនសង្ស័យឈ្មោះ លី សុវណ្ណដារា ហៅ រ៉ា ហៅ មាន់ និងឈ្មោះ សេង ចាន់ថេន បានជិះម៉ូតូទៅបុកនឹងម៉ូតូកង់បី (ឡាំប៉ាតាឥណ្ឌា ) បណ្ដាលឲ្យម៉ូតូជនសង្ស័យទាំងពីរនាក់នេះដួល ភ្លាម នោះជនសង្ស័យឈ្មោះ លី សុវណ្ណដារា ហៅ រ៉ា ហៅ មាន់ បានលើកម៉ូតូហើយជិះម៉ូតូគេចខ្លួនជាមួយបក្សពួកដែល ជិះបិទគូទនោះបាត់ទៅ ចំណែកជនសង្ស័យឈ្មោះ សេង ចាន់ថេន ហៅ ថេន ក៏ត្រូវជនរងគ្រោះតាមមកទាន់រួចក៏យកទូរស័ព្ទដៃពីដៃជនសង្ស័យឈ្មោះ សេង ចាន់ថេន យកទៅវិញហើយជិះម៉ូតូចេញទៅបាត់ទៅដោយពុំបាន ដាក់ពាក្យបណ្ដឹងទេ ដោយឡែកជនសង្ស័យឈ្មោះ សេង ចាន់ថេន ហៅ ថេន ក៏ត្រូវកំលាំងសមត្ថកិច្ចនគរបាល ប៉ុស្តិ៍រដ្ឋបាលបឹងកក់ ទី២ អន្តរាគមន៍ឃាត់ខ្លួនយក មកកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ចាត់ការតាម នីតិវិធីច្បាប់តែម្ដង ។

រហូតមកដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ១១:០៥នាទី កំលាំង យើងបានសហការធ្វើការ ស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ឈ្មោះ លី សុវណ្ណដារា ហៅ រ៉ា ហៅ មាន់ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ឃាត់ នៅចំណុចមុខសាលាមណ្ឌលអង្គការ S.O.S ផ្លូវបេតុង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងចាប់យកវត្ថុតាង ម៉ូតូជិះធ្វើសកម្មភាពឆក់ រួចបញ្ជូនយក មកកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ចាត់ការតាម នីតិវិធីច្បាប់ តែម្ដង ។

បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់នេះសមត្ថកិច្ចយើងបានយក ទឹកនោមជនសង្ស័យទាំងពីររូបនេះមកធ្វើតេស្តិ៍ស្វែងរកសារធាតុញៀនក្នុងទឹក នោម ជាលទ្ធផល មានភាព អវិជ្ជមាន (គ្មានសារធាតុញៀន) ។

បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់ខាងលើកំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅ អធិការដ្ឋាន នគរបាលខណ្ឌ ទួលគោក ដើម្បីធ្វើការ សាកសួរ កសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ