ព្រឹតិ្តការណ៍ថ្មីៗ

ល្បួង​ក្មេង​ស្រី​ឲ្យ​ផឹក​ស្រារហូតស្រវឹង​ ចាប់នាង​រំលោភបាន​សម្រេច​

4 ខែ មុន 233 តូ សុផល

ខេត្តព្រះ​សីហ​នុ​ ៖​ នៅ​រសៀល​ថ្ងៃ​ទី​៩​ ខែមិថុនា​ឆ្នាំ​២០១៨​ កន្លង​ទៅ​នេះ​ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី​ហួ​ យ៉ៃ​ អធិការរង​ទទួល​ការងារ​ព្រហ្មទណ្ឌ​ បាន​ដឹកនាំ​កម្លាំង​ចុះ​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​តាម​ពាក្យបណ្ដឹង​របស់​ជន​រង​គ្រោះ​ ពី​បទ​រំលោភ​សេពសន្ថវៈ​លើ​ក្មេង​ស្រី​ម្នាក់​ កាលពី​យប់​ថ្ងៃ​ទី​៨​ ខែមិថុនា​ កន្លង​ទៅ​។​

​ជនសង្ស័យ​ឈ្មោះ​ សាក់​ ឡា​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​ ស្រុក​កំណើត​នៅ​ ឃុំ​ចំការលើ​ ស្រុក​ស្ទោង​ ខេត្តកំពង់ធំ​ មក​ធ្វើ​កម្មករ​សំណង់​ ក្នុង​ការដ្ឋាន​មួយ​កន្លែង​ ខាងកើត​ឃ្លាំង​ប្រេង​ភី​ធី​ធី​ ក្នុង​មូលដ្ឋាន​រាម​ ស្ថិត​ភូមិ​អុង​ ឃុំ​រាម​ ស្រុក​ព្រៃ​នប់​ ខេត្ត​ព្រះ​សីហ​នុ​។​

បើតាម ​របាយការណ៍​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ជន​រង​គ្រោះ​ អាយុ​១៦​ឆ្នាំ​ មានស្រុក​កំណើត​ នៅ​ខេត្តព្រៃវែង​។​ នាងបាន​មក​តាម​ម្តាយ​ មក​ធ្វើ​កម្មករ​សំណង់​ ក្នុង​ការដ្ឋាន​ជាមួយ​គ្នា​ ក្នុង​មូលដ្ឋាន​រាម​។​

​ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​២២​និង​១៥​នាទី​នា​ថ្ងៃ​ទី​៨​ ខែមិថុនា​ ឆ្នាំ​២០១៨​ នៅ​លើ​អគារ​ សំណង់​ ក្រុមហ៊ុន​ចិន​។​

​ជនសង្ស័យ​ និង​ជន​រង​គ្រោះ​បាន​ស្គាល់គ្នា​រយៈពេល​ប្រហែល​កន្លះ​ខែ​ ហើយ​ជនសង្ស័យ​បាន​បបួល​ជន​រង​គ្រោះ​ទៅ​ផឹកស៊ី​ នៅ​លើ​អគារ​ ជន​រង​គ្រោះ​មាន​មិត្តភក្តិ​២​នាក់​ ហើយ​ខាង​ជនសង្ស័យ​មាន​គ្នា​២​នាក់​ដែរ ហើយផឹកស៊ី​រហូត​ដល់​ម៉ោងជាង​២២​ ស្រវឹង​រៀងៗ​ខ្លួន​ ។ ខណៈនោះអ្នក​ឯទៀត​បាន​បែក​គ្នា​ រៀងៗ​ខ្លួន​ហើយ ជនសង្ស័យ​ ឃើញ​នាង​ស្រវឹង​បាត់បង់​ស្មារតី​ ក៏​បាន​គ្រា​នាង​ចូល​ក្នុង​បន្ទប់​ការដ្ឋាន​ហើយ​ចាប់រំលោភ​នាង​រហូតបានសម្រេច តែ​ម្តង​។​

ពេលនោះមិត្តភក្តិ​របស់​នាង​ មានការ​សង្ស័យ​ក៏​បាន​ដើរ​រក​ ហើយជនសង្ស័យ​ឃើញភ័យ​បាន​រត់​ពួន​ ក្នុង​ការដ្ឋាន​អស់​មួយ​យប់​។​

​លោក​វរសេនីយ៍ត្រី​ ហួ​ យ៉ៃ​ អធិការរង​នគរបាល​ស្រុក​ព្រៃ​នប់​បាន​បញ្ជាក់​ថា​លុះដល់​រសៀល​ ថ្ងៃ​ទី​៩​ ខែមិថុនា​ ឆ្នាំ​២០១៨​ ម្តាយ​របស់​ជន​រង​គ្រោះ​ បាន​នាំ​នាង​មក​ប្តឹង​រាយការណ៍​ជូន​សមត្ថកិច្ច​។ ហើយ​សមត្ថកិច្ច​នគរបាល​ស្រុក​ព្រៃ​នប់​ បាន​ចេញ​ទៅ​ធ្វើ​អន្តរាគមន៍​ រុករក​ចាប់ខ្លួន​ជនសង្ស័យ​ នៅ​ក្នុង​ការដ្ឋាន​សំណង់​នោះ​តែ​ម្ដង​។​

​បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ