ព្រឹតិ្តការណ៍ថ្មីៗ

ស្រែកជេរអាជ្ញាធរ ពេលភ្លៀងលិចម្តងៗ ទាំងខ្លួនឯងជាអ្នកបោះចោលសំរាមចូលប្រឡាយ និងលូ

2 សប្តាហ៍ មុន 389 តូ សុផល

ភ្នំពេញ ៖ កន្លងមកគេតែងឃើញប្រជាពលរដ្ឋរស់នៅដែលរស់នៅជិតប្រឡាយ តែងតែ បោះចោលសំរាម និងកាកសំណល់ចូលប្រឡាយ និងពលរដ្ឋខ្លះចោលទៅក្នុងលូទឹក ហើយអ្នកនៅឆ្ងាយពីប្រឡាយ និងលូក៏ជិះកង់និងម៉ូតូយកសំរាមមកចោលដូចគ្នាដែរ ហើយបើទាំងអស់គ្នានាំគ្នាយកសំរាមបោះចូលប្រឡាយ,លូបែបនេះរាល់ថ្ងៃលុះដល់ពេលមានភ្លៀងម្ដងៗធ្វើឱ្យទឹកលិចផ្លូវ លិចផ្ទះសម្បែង បែរជានាំគ្នាមកបន្ទោសអាជ្ញាធរមិនមើលទៅវិញ។

គេសង្កេតឃើញថា កន្លងមកមានពលរដ្ឋមួយចំនួននៅតែចោលសំរាមចូលប្រឡាយនិងលូ ចុះបើម្នាក់ៗធ្វើបែបនេះតើឱ្យទឹកហូរទៅតាមណា បើសំរាមពេញក្នុងលូ និងប្រឡាយអ៊ីចឹងនោះ ? សូមគិតទៅមើលតើអ្នកណាខ្លះជាអ្នកធ្វើឱ្យមានសម្រាមពេញក្នុងលូ និងប្រឡាយ ?។ហើយ នៅពេលមានភ្លៀងម្ដងៗធ្វើឱ្យទឹកលិចផ្លូវ នាំគ្នាស្ដីបន្ទោសអាជ្ញាធរ?។

អ្នករិះគន់និយាយថា ក្នុងនោះក៏មានបងប្អូនយើងមួយចំនួនមានលុយមានកាក់និងមានបុណ្យស័ក្តបានទៅលេងស្រុកគេឬនៅបរទេសមកស្រុកវិញ តែងតែសរសើរប្រទេសគេស្អាតជាងប្រទេសយើង តែនិយាយនោះបែរជាចោលសំរាមពាសវាល ពាសកាលដែរ។ ហើយនៅពេលទៅស្រុកគេវិញមានសំរាមក្នុងដៃគឺមិនហ៊ានបោះចោលផ្ដេសផ្ដាស់ទេ ខ្លាចគេផាកពិន័យគឺប្រឹងដើររកធុងសម្រាម តែបើចូលដល់ដីខ្មែរភ្លាមមើលតែកន្លែងស្ងាត់ល្អបោះចោលភ្លែត។

ដូច្នេះពីពេលនេះទៅមុខសូមបងប្អូនប្រជាពលរដ្ឋ ផ្លាស់ប្តូរទម្លាប់ពីការបោះសំរាមពាសវាល ពាសកាល តាមទីសាធារណៈ មកជាការទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ចេះវេចខ្ចប់ ទុកដាក់សំរាមក្នុងធុង និងបញ្ចេញសំរាមតាមពេលកំណត់ដើម្បីសោភ័ណ្ឌភាពរាជធានីភ្នំពេញ យើងទាំងអស់គ្នា។

កន្លងមកសាលារាជធានីភ្នំពេញបានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទូទៅ ឱ្យឈប់ បោះចោលសំរាមពាសវាលពាសកាល តាមទីសាធារណៈ មកជាការ ទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ចេះវេចខ្ចប់ ទុកដាក់សំរាមក្នុងធុង និងបញ្ចេញសំរាមតាមពេលកំណត់៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ