ព្រឹតិ្តការណ៍ថ្មីៗ

ស៊ីឈ្នួល​ដឹក​គ្រឿងក្នុងនាំចូលពីថៃ ជាង១តោនឲ្យ​ឈ្មួញ ត្រូវសមត្ថកិច្ចឃាត់ខ្លួន!

3 សប្តាហ៍ មុន 307 តូ សុផល

បន្ទាយ​មាន​ជ័យ​៖​ កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តបន្ទាយមានជ័យ​បាន​ឃាត់​រថយន្ត​២​គ្រឿង ​ដឹក​គ្រឿងក្នុង​ជ្រូក​២៤​កេស​ ស្មើរ​១,០៨៥​គីឡូក្រាម​ នាំ​ចូល​ពី​ថៃ​ ប្រតិបត្តការណ៍បង្ក្រាបនេះ កាលពីវេលា​ម៉ោង​៣ ​និង​៤០​នាទី​ឈាន​ចូល​ថ្ងៃ​ទី​៣​ ខែមិថុនា​ ឆ្នាំ​២០១៨​ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​ សង្កាត់​អូរ​អំបិល​ ក្រុង​សិរី​សោភ័ណ​។​

​លោក​ឧត្តមសេនីយ៍ត្រី​ ចាប​ សុ​ផា​រិ​ទ្ធ​ ស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តបន្ទាយមានជ័យ​បាន​ឲ្យ​ដឹង​ថា​ម្ចាស់​រថយន្ត​ដែល​ជា​អ្នកបើកបរ​មាន​

ទី​១.​ឈ្មោះ​ យួរ​ រ​ដ្ឋា​ ភេទ​ប្រុស​ អាយុ​៣៨​ឆ្នាំ​ រស់នៅ​ភូមិ​ដូង​ ឃុំ​/​ស្រុក​ម៉ា​ឡៃ​ ជា​ម្ចាស់​រថយន្ត​ធុន​តូ​យូ​តា​ស៊ី​ណា​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2AJ-3407​ ដឹក​គ្រឿងក្នុង​ជ្រូក​២០​កេស​ ។

ទី​២.​ឈ្មោះ​ សៀម​ ណេ​ង​ ភេទ​ប្រុស​ អាយុ​៣៦​ឆ្នាំ​ រស់នៅ​ភូមិក​ញ្ចា​ង​ ឃុំ​កុមា​រាជា​ ស្រុក​បាទី​ ខេត្តតាកែវ​ ម្ចាស់​រថយន្ត​តូ​យោ​តា​ហា​យ​ឡែ​ន​ឌ័​រ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2AI-2801 ​ដែល​ដឹក​គ្រឿងក្នុង​ជ្រូក​៤​កេស​។​

លោកស្នងការ​រង​បន្ត​ថា​ដោយ​មានការ​ណែនាំ​ពី​អគ្គស្នងការ​នគ​បាល​ជាតិ​និង​មានការ​ណែនាំ​ពី​លោក​ឧត្តមសេនីយ៍ទោ​ អាត់​ ខែ​ម​ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​ដើម្បី​ទប់ស្កាត់​ទំនិញគេចពន្ធ​និង​ខូចគុណភាព​លួច​ដែល​ឈ្មួញ​លួច​នាំ​ចូល​ពី​ប្រទេស​ថៃ​ ហើយ​កម្លាំង​នគរ បាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តបន្ទាយមានជ័យ​ដែល​ដឹកនាំ​ដោយ​ លោក​ សុខ​ កែវ​បណ្ឌិត​ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​ លោក​វរសេនីយ៍ទោ​ រស់​ អៀម​ នាយ​រង​ការិយា ល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​និង​លោក​វរសេនីយ៍ត្រី​ ម៉ៃ​ បូ​រ៉ា​ន់​ នាយ​ផ្នែក​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​បាន​ ស្រាវជ្រាវ​ឃាត់​រថយន្ត​២​គ្រឿង​និង​ម្ចាស់​រថយន្ត​២​នាក់​។​

គ្រឿងក្នុង​ជ្រូក​ដែល​ឈ្មួញ​លួច​នាំ​ចូល​ពី​ថៃ​មាន​២៤​កេស​ទំងន់​ស្មើ​១.០៨៥​គីឡូក្រាម​រួម​មានៈ​ បេះដូង​ជ្រូក​១៥០​គីឡូក្រាម​,​ អណ្តាត​ជ្រូក​១៩៧​គីឡូក្រាម​,​ ក្រពះ​ជ្រូក​១៣០​គីឡូក្រាម​,​ ក្រលៀន​ជ្រូក​៥០​គីឡូក្រាម​,​ ជើង​ជ្រូក​១១៨​គីឡូក្រាម​,​ ត្រចៀកជ្រូក​២៨០​គីឡូក្រាម​,​ ពោះវៀន​ជ្រូក​១៦០​គីឡូក្រាម​។​

​លោក​ឧត្តមសេនីយ៍ទោ​ អាត់​ ខែ​ម​ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​ឲ្យ​ដឹង​ថា​ តាម​ចម្លើយ​ម្ចាស់​រថយន្ត​ជា​អ្នកបើកបរ​គឺ​ឈ្មួញ​លួច​នាំ​ចូល​ពី​ប្រទេស​ថៃ​មាន​បំណង​នាំ​ទៅ​ភ្នំពេញ​ ដោយ​ស៊ីឈ្នួល​ដឹក​ឲ្យ​ឈ្មួញ ​ពី​ក្រុង​ប៉ោយ​ប៉ែ​ត ទៅ​ភ្នំពេញ​ឈ្នួល​ដឹក​១​កេស​តម្លៃ​២៥.០០០​រៀល​។​

​លោកស្នងការ​បន្ត​ថា​ បច្ចុប្បន្ន​កម្លាំង​នគរបាល​ជំនាញ​កំពុង​ស្រាវជ្រាវ​រក​ចាប់ខ្លួន​ឈ្មួញ​ដែល​នាំ​ចូល​គ្រឿងក្នុង​សត្វ​ជ្រូក​នាំ​ចូល​ពី​ប្រ​ទស​ថៃ​ចូល​មក​កម្ពុជា​ដើម្បី​ចាត់ការ​តាម​ច្បាប់​។​

ចំណែក​ម្ចាស់​រថយន្ត​ជា​បើកបរ​ស៊ីឈ្នួល​ដឹក​គ្រឿងក្នុង​សត្វ​ជ្រូក​ល្មើសច្បាប់​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ចាត់ការ​តាម​ច្បាប់​ ហើយ​គ្រឿងក្នុង​សត្វ​ជ្រូក​ខូចគុណភាព​ត្រូវ​បាន​យក​ទៅ​ដុត​ក​ម្ចេ​ច​ចោល​នៅទីលាន​ចាក់សំរាម​ក្រុង​សិរី​សោភ័ណ​ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ