ព្រឹតិ្តការណ៍ថ្មីៗ

​រថយន្តដឹកឈើប្រណិតរាប់ម៉ែត្រគូប បំបាំងកាយចូលក្រុងភ្នំពេញទៀតហើយ!

3 សប្តាហ៍ មុន 808 តូ សុផល

ភ្នំពេញ ៖ តើពុកម៉ែបងប្អូនជនរួមជាតិទាំងអស់គ្នាមានឆ្ងល់ទេ ឈើប្រណិតដឹកទាំងឡានៗឆ្លងពីខេត្តមួយទៅខេត្តមួយ ទំរាំមកដល់រាជធានីភ្នំពេញនិងបញ្ចេញទៅខេត្តផ្សេងទៀត សំនួរសួរថា តើខណ្ឌរដ្ឋបាលព្រៃឈើស្រុក/ខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ធគ្រប់រូប សព្វថ្ងៃលោករវល់ធ្វើអ្វី ម្តេចមើលមិនឃើញ រថយន្តដឹកឈើប្រណិតល្មើសច្បាប់បែននេះ? ឬមួយរថយន្តដឹកឈើឆ្លងកាត់ស្រុក/ខេត្តទាំងនោះ ចេះបំបាំងកាយបានជារបូតដល់ភ្នំពេញទើបបង្ក្រាបបានបែបនេះ? តើខណ្ឌរដ្ឋបាលព្រៃឈើស្រុក/ខេត្ត ទាំងនោះពិតជាគ្មានការអៀនខ្មាសទេឬយ៉ាងណា? នេះមិនមែនជាលើកទីមួយទេ ដែលខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញចាប់បានរថយន្តដឹកឈើប្រណិតខុសច្បាប់នោះដែរ ហើយក្រោយ រឹបអូស ទាំងរថយន្ត និង ឈើប្រណិតរាប់ម៉ែត្រគូបទាំងនោះ ក៍មិនដឹងយកទៅណាដែរ?

ឈើប្រណិតប្រភេទលេខ២ ជាច្រើនម៉ែត្រគូប ដែលជនជាតិចិនបំរ៉ុងដឹកជញ្ជូនទៅកាន់ក្រុងព្រះសីហនុ ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ ស៊ើបអង្កេត តាមដាន បង្ក្រាបបានជាក់ស្តែង ដោយសារពុំមានលិខិតអនុញ្ញាតិត្រឹមត្រូវ អំពីការដឹកជញ្ជូនអនុផលព្រៃឈើ ។

លោក អ៊ុន វណ្ណារិទ្ធ នាយរងខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញប្រាប់ឲ្យដឹងថា បន្ទាប់ពីទទួលបាន សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ អំពីបទល្មើសព្រៃឈើ លោក គាំ សីហា នាយខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ បានបញ្ជារូបលោកផ្ទាល់ ដឹកនាំកម្លាំង ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន បង្ក្រាប បទល្មើសព្រៃឈើជាក់ស្តែង ឃាត់រថយន្តដឹកឈើធុនធំ ចំនួន ២គ្រឿង នាំយកទៅកាន់ផ្នែករដ្ឋបាលព្រៃឈើ ព្រែកព្នៅ ដើម្បីចាត់ការតាមច្បាប់ ។

លោក អ៊ុន វណ្ណារិទ្ធ នាយរងខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញប្រាប់បន្តឲ្យដឹងថា ប្រតិបត្តិការនេះ ដោយមានការសម្របសម្រួលពីលោក ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញារង អមសាលាដំបូង រាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរមូលដ្ឋាន បង្ក្រាបរថយន្តដឹកឈើនៅចំណុច ដីឡូត៍មួយកន្លែង ដែលមានទីតាំងនៅតាមបណ្តោយផ្លូវទំនប់កប់ស្រូវ ទល់មុខ ក្លោងទ្វារ វត្តភ្នៀត ស្និតក្នុងសង្កាត់កោគរកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ១៤ និង៣០ នាទី រសៀល ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ ។

លោក អ៊ុន វណ្ណារិទ្ធ ប្រាប់បន្តទៀតថា រថយន្តធុនធំដឹកឈើល្មើសច្បាប់នេះ គឺកម្លាំងរបស់លោក តាមដានស៊ើបអង្កេត តាំងពីយប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨ មកម្ល៉េះ រហូតក្តាប់បានព័ត៍មាន ច្បាស់លាស់ ទើបឈានដល់ការបង្ក្រាបជាក់ស្តែងតែម្តង ។ ដោយឡែក នៅក្នុងករណីនេះ មិនមានឃាត់មនុស្សណាម្នាក់នោះឡើយ គឺគ្រាន់តែនាំយករថយន្តធុនធំ ដឹកឈើល្មើសច្បាប់ទាំង ២គ្រឿង នេះ ទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើ ព្រែកព្នៅ ដែលមានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ៥ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ ដើម្បីអនុវត្តវិធានតាមច្បាប់ព្រៃឈើ។ ចំពោះប្រភេទឈើ មិនទាន់ត្រូវបានសមត្ថកិច្ច បញ្ជាក់ឲ្យដឹងនៅឡើយនោះទេ ដោយគ្រាន់តែដឹងថា គឺជាឈើប្រណីតប្រភេទលេខ២ មានដូចជា ឈើទាលជាដើម សរុបទាំង២រថយន្តប្រមាណ៤០ម៉ែត្រគូប ៕

បើអស់លោកមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់មិនទប់ស្កាត់ មហន្តរាយនៃការបាត់បង់ព្រៃឈើនិងកើតមាន និយាយអោយខ្លី រលាយអស់មិនខាន!

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ