ព្រឹតិ្តការណ៍ថ្មីៗ

ប្រជាពលរដ្ឋខ្មែរនៅកូរ៉េជិត ៦០០ នាក់ស្ម័គ្រចិត្តចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា

2 ខែ មុន 109 តូ សុផល

ទីក្រុងអានសាន-សាធារណរដ្ឋកូរ៉េ៖ នារសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ នេះ លោក ហ៊ុន ម៉ាណែត សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជននៅក្រៅប្រទេសបានធ្វើជាអធិបតីភាពក្នុងពិធីប្រកាសបញ្ចូលសមាជិកគណបក្សថ្មីចំនួន ៥៦៨នាក់ ដែលជាពលករ និស្សិត និងអនិកជនខ្មែរ កំពុងរស់នៅ ធ្វើការ និងសិក្សានៅសាធារណរដ្ឋកូរ៉េ។

លោក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋខ្មែរនៅកូរ៉េ ដែលបានស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដែលតែងតែរួមសុខ រួមទុក្ខជាមួយបងប្អូនយើងគ្រប់កាលៈទេសៈ គ្រប់ទីកន្លែង និងបានកសាងប្រទេសពីគំនរផេះផង់នៃវិនាសកម្ម ទៅជាប្រទេសមានសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ កំណើនសេដ្ឋកិច្ច ឱកាសការងារទាំងក្នុងនិងក្រៅប្រទេស។

ជាក់ស្តែង តាមការផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន គិតចាប់ពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១៨ មានពលករខ្មែរចំនួនប្រមាណជា ៦ ម៉ឺននាក់បានចេញទៅធ្វើការនៅសាធារណរដ្ឋកូរ៉េក្រោមប្រព័ន្ធអនុញ្ញាតមុខរបរ ដែលជាមធ្យមពលករម្នាក់អាចទទួលបានប្រាក់ខែពី ១០០០ ទៅ ១២០០ ដុល្លារអាមេរិកក្នុងមួយខែ និងបានផ្ញើរថវិកាជូនក្រុមគ្រួសារនៅក្នុងប្រទេសប្រមាណជា ៣០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។

នៅក្នុងឱកាសនេះផងដែរ លោក ហ៊ុន ម៉ាណែត បានផ្តាំផ្ញើដល់សមាជិកថ្មីទាំងអស់ឲ្យចេះរួបរួមសាមគ្គីគ្នា ជួយគ្នាលើកកិត្តិយស កេរ្ត៍ឈ្មោះជាតិខ្មែរយើង។ លោកបានសង្កត់ធ្ងន់ថា គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំរដ្ឋាភិបាលនឹងបន្តបង្កើនការផ្តល់សេវាគាំទ្រ ការពារសិទ្ធិ ផលប្រយោជន៍ និងសេចក្តីថ្លៃថ្នូររបស់បងប្អូនប្រជាពលរដ្ឋ និស្សិត និងពលករខ្មែរនៅកូរ៉េ និងប្តេជ្ញាខិតខំចរចាជាមួយភាគីកូរ៉េរក្សាចំនួនកូតាឲ្យបានច្រើនសម្រាប់ជាឱកាសការងារបន្ថែមដល់បងប្អូនខ្មែរយើង។

ជាការឆ្លើយតបសមាជិកថ្មីនៃគណបក្សប្រជាជននៅកូរ៉េបានប្តេជ្ញាចិត្តគាំទ្របុព្វហេតុគណបក្សប្រជាជនកម្ពុជា និងបានត្រៀមខ្លួនដើម្បីទៅបោះឆ្នោត ឬជម្រាបជូនឪពុក ម្តាយ ក្រុមគ្រួសារ ឲ្យទៅបោះឆ្នោត និងបោះឆ្នោតជូនគណបក្សប្រជាជនគ្រប់ៗគ្នា។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ