ព្រឹតិ្តការណ៍ថ្មីៗ

ក្រុមជំនួយការ ឯកឧត្តម ហ៊ុន ម៉ាណែត នាំយកអំណោយប្រគេនវត្តចំបក់ និងនាំយកកូនឈើប្រណិត ៦០០ដើមដាំដុះក្នុងមូលដ្ឋានឃុំចំបក់ (ជើងភ្នំគីរីរម្យ)

4 ខែ មុន 240 តូ សុផល

កំពង់ស្ពឺ៖ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨ លោក មែ ស៊ីថន ជំនួយការ លោក ហ៊ុន ម៉ាណែត រួមជាមួយក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តកំពង់ស្ពឺ និងលោក សរ សុពុទ្ធត្រា បាននាំយកស៊ីម៉ង់តិ៍ ២០តោន ឥដ្ឋ ១០.០០០ដុំ បច្ច័យ ១១លានរៀល និងកូនឈើប្រណិត ៦០០ដើម ដែលជាអំណោយដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ លោក ហ៊ុន ម៉ាណែត ទៅប្រគេនដល់វត្តចំបក់ជើងភ្នំគីរីរម្យ និងការដាំដុះ ក្នុងមូលដ្ឋានឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

នៅក្នុងឱកាសប្រគេនអំណោយដ៏ថ្លៃថ្លានេះ លោក មែ ស៊ីថន បានពាំនាំការផ្តាំសាកសួរសុខទុក្ខ និងការថ្វាយប្រពរ​ ជូនពរសព្វសាធុការជ័យពីសំណាក់ លោក ហ៊ុន ម៉ាណែត និងភរិយា ប្រគេនចំពោះព្រះសង្ឃគ្រប់អង្គ លោកយាយលោកតា លោកគ្រូអ្នកគ្រូ ក្មួយៗសិស្សានុសិស្ស និងប្រជាពលរដ្ឋអ្នកឃុំចំបក់ទាំងអស់។

នៅក្នុងមតិសំណេះសំណាល លោកបានលើកឡើងថា តម្លៃសន្តិភាពគឺជាតម្លៃជីវិតមនុស្ស។ មរតកសន្តិភាព និងការអភិវឌ្ឍន៍ដែលយុវជនជំនាន់ ៤០ឆ្នាំមុនខិតខំកសាងបាននេះ គឺមិនមែនបានមកដោយងាយនោះទេ។ សម្តេចតេជោ ដែលជាយុវជនជំនាន់មុន រួមជាមួយឥស្សរៈជនជាតិជាច្រើនរូបទៀត បានយកអាយុជីវិតខ្លួនឯងធ្វើជាដើមទន់ ដើម្បីរំដោះជាតិចេញពីសង្គ្រាម កសាងមាតុភូមិឲ្យទទួលបានសុខសន្តិភាព និងសម្រេចបាននូវសមិទ្ធផលរាប់មិនអស់ទាំងអាណាចក្រ និងពុទ្ធចក្រផងដែរ។ អ្វីដែលជាកាតព្វកិច្ខរបស់យុវជនជំនាន់នេះ គឺបន្តថែរក្សាសុខសន្តិភាព និងការពារសមិទ្ធផលនានាឲ្យបានគង់វង់សម្រាប់កូនចៅ និងប្រជាជាតិយើងគ្រប់ជំនាន់បានសុខសាន្ត។

លោកបន្តថា ការដាំកូនឈើនៅថ្ងៃនេះគឺជាគំរូសម្រាប់យុវជននៅពេលបច្ចុប្បន្នផងនិងដើម្បីផលប្រយោជន៍ឲ្យកូនចៅយើងជំនាន់ក្រោយៗផងដែរ។ ហើយយើងត្រូវតែចាប់ផ្តើមដាំនៅថ្ងៃនេះ គឺដើម្បីកុំឲ្យយើងស្តាយក្រោយនៅ ១០ឆ្នាំខាងមុខទៀត។

លោក មែ ស៊ីថន បានបញ្ជាក់ថា អំណោយជាសម្ភារៈសំណង់នាពេលនេះ គឺជាការចូលរួមចំណែកជាមួយព្រះតេជគុណព្រះសង្ឃគ្រប់ព្រះអង្គ គណៈកម្មាការវត្ត និងប្រជាពលរដ្ឋ ក្នុងការកសាងសមិទ្ធផលពុទ្ធសាសនា ដើម្បីទុកជាផលប្រយោជន៍សម្រាប់ប្រជាពលរដ្ឋជួបជុំធ្វើបុណ្យទាន ជាទីកន្លែងគោរពបូជា អប់រំចិត្តដល់ពុទ្ធបរិស័ទកសាងអំពើល្អ និងជាមជ្ឈមណ្ឌលថែរក្សា និងផ្សព្វផ្សាយវប្បធម៌ប្រពៃណីទំនៀមទំលាប់ខ្មែរផងដែរ។ ភាពរីកចម្រើនក្នុងវិស័យសាសនា គឺបានបង្ហាញពីការរីកដុះដាលផ្នែកអរិយធម៌ វប្បធម៌ និងសុខដុមរមនីយកម្មរបស់សង្គមជាតិយើង។

លោក សរ សុពុទ្ធត្រា អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺបានលើកឡើងថា អ្វីដែលមានមកដល់នៅពេលនេះ គឺបានមកពីកត្តាសុខសន្តិភាព និងអ្នកដឹកនាំដែលទទួលខុសត្រូវ រួមសុខរួមទុក្ខ និងបានគិតគូរជាប់ជានិច្ចជំពោះសុខទុក្ខជីវភាពរស់នៅរបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករកម្មការិនី និងប្រជាពលរដ្ឋទូទាំងប្រទេសឲ្យរស់នៅបានសុខសាន្ត និងមានជីវភាពកាន់តែប្រសើរឡើង។

លោក ទួន ចែម ក្នុងនាមក្រុមការងារថ្នាក់ជាតិរបស់គណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានខេត្តកំពង់ស្ពឺ បានថ្លែងអំណរគុណសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាជននៅទូទាំងប្រទេស។

ក្រៅពីសកម្មភាពដាំកូនឈើរួមគ្នាយ៉ាងសប្បាយរីករាយក្នុងមូលដ្ឋានឃុំចំបក់ (ជើងភ្នំគីរីរម្យ) និងការប្រគេនអំណោយដល់វត្តចំបក់ ក្រុមការងារក៏បានចែកជូននូវអំណោយអនុស្សាវរីយ៍ជូនដល់លោកយាយលោកតា លោកគ្រូអ្នកគ្រូ ប្រជាការពារ និងពុទ្ធបរិស័ទចំណុះជើងវត្ត និងផ្តល់ជូនសម្ភារៈសិក្សាដល់សិស្សានុសិស្សផងដែរ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ