ព្រឹតិ្តការណ៍ថ្មីៗ

ឯកឧត្តម ហ៊ុន ម៉ាណែត ៖ ចង់អោយខ្មែរខ្លាំង ត្រូវវិនិយោគឱ្យខ្លាំងទៅលើការអប់រំ

4 ខែ មុន 168 តូ សុផល

ខេត្តកោះកុង៖ ឯកឧត្តម ហ៊ុន ម៉ាណែត បានអញ្ជើញជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូនៅក្នុងខេត្តកោះកុង ថ្ងៃទី២២ ឧសភា ២០១៨។ក្នុងឳកាសនោះដែរ ឯកឧត្តម ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ឪពុកម្ដាយទី១បានផ្តលកំណើត កាយសម្បទា និងបញ្ញាញាណបានខ្លះ ប៉ុន្តែលោកគ្រូអ្នកគ្រូបានចំណាយពេលវេលា’កម្លាំងកាយចិត្ត ផ្តល់ចំណេះដឹង សីលធម៌ គុណធម៌ដល់់សិក្សានុសិស្ស នេះហើយគឺជាមោទនភាពនិងសារៈសំខាន់នៃវិស័យអប់រំនិងការចូលរួមរបស់លោកគ្រូអ្នកគ្រូ។ គុណូបការៈរបស់លោកគ្រូ អ្នកគ្រូដែលបានចែករំលែកចំណេះដឹង សីលធម៌ គុណធម៌ ដែលធ្វើឱ្យបុគ្គលម្នាក់មានសមត្ថភាពចិញ្ចឹមជីវិតខ្លួនគេ ចិញ្ចឹមគ្រួសារគេ និងចូលរួមអភិវឌ្ឍប្រទេសជាតិគឺជាគុណសម្បត្តិដ៏ធំជាងគេនិងគឺជាអ្វីដែលរាជរដ្ឋាភិបាលយកចិត្តដាក់ខ្លាំងជាងគេ។

ឯកឧត្តម បន្តថា ចង់អោយខ្មែរខ្លាំង ត្រូវវិនិយោគឱ្យខ្លាំងទៅលើការអប់រំ ព្រោះការអបរំដើម្បីទាំងអស់គ្នា។ ដូច្នេះហើយ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ បានយកចិត្តទុកដាក់ផ្ដោតសំខាន់លើវិស័យអប់រំ ក្នុងនោះយើងមានផែនការ គោលនយោបាយអប់រំច្បាស់លាស់ ការយកចិត្តទុកដាក់ចំពោះការលើកតម្កើងកម្រិតជីវភាពរបស់លោកគ្រូ អ្នកគ្រូតាមរយៈការតម្លើងប្រាក់បៀវត្ស ការកសាងហេដ្ឋារចនាសម្ព័ន្ធអប់រំ ដែលកត្តាទាំងនេះហើយបានធ្វើឱ្យការចំណាយថវិកាជាតិលើវិស័យអប់រំមានការកើនខ្ពស់ជាងវិស័យផ្សេងៗ។ នេះគឺជាមោទនភាពរបស់យើងរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ជម្រុញកម្រិតជីវភាពមន្រ្តីរាជការ លោកគ្រូអ្នកគ្រូ មានលក្ខណៈល្អប្រសើរជាងបណ្ដាប្រទេសនៅក្នុងតំបន់។ រាជរដ្ឋាភិបាលនឹងខិតខំប្រឹងប្រែងបន្តទៀតដើម្បីឱ្យជីវភាពរស់នៅរបស់លោកគ្រូ អ្នកគ្រូកាន់តែកើនឡើង។ នេះគឺជាការប្ដេជ្ញាចិត្តរបស់សម្តេចតេជោ។ គោលដៅនិងមហច្ចិតារបស់រាជរដ្ឋាភិបាលនៅក្នុងរយៈពេល៣០ឆ្នាំទៀតគឺនៅឆ្នាំ២០៥០ នឹងធ្វើឱ្យប្រទេសជាតិរបស់យើងជាប្រទេសមានចំណូលកម្រិតខ្ពស់ដែលចំណូលប្រជាពលរដ្ឋមានប្រមាណ៥ពាន់ដុល្លាក្នុងមួយឆ្នាំ។ នេះគឺជាការអភិវឌ្ឍជាជំហានៗដែលផ្តល់អត្ថប្រយោជន៍សម្រាប់យើងទាំងអស់គ្នានៅពេលបច្ចុប្បន្ននិងសម្រាប់កូនចៅយើងជំនាន់ក្រោយ។

ឯកឧត្តម បញ្ជាក់យ៉ាងច្បាស់ថា ក្នុងរយៈពេល ២០ឆ្នាំ ដែលយើងចេញពីសង្គ្រាម ប្រទេសយើងបានជាប់ចំណាត់ថ្នាក់លេខ៧ ក្នុងចំណោម ប្រទេស១៧៤ ជាប្រទេសដែលមានសេដ្ឋកិច្ចដើរលឿនជាងគេនៅក្នុងពិភពលោក។ បច្ចុប្បន្ននេះ យើងបានដើរ លឿនជាងប្រទេសមួយចំនួននៅក្នុងតំបន់ ដែលពីមុន គេតែងមើលរំលងប្រទេសយើង។ ប៉ុន្តែបច្ចុប្បន្ននេះយើង មានធនធានមនុស្សដែលសមត្ថភាពអាចផលិតគ្រឿងរថយន្ត កុំព្យូទ័រ និងសម្ភាៈផ្សេងៗ និងក៏មានសមត្ថភាព ធ្វើការនៅក្នុងវិស័យផ្សេងជាច្រើនទៀត។ ចំណុចខ្លាំងដែលធ្វើឲ្យយើងរីក ចម្រើនមកដល់ពេលនេះគឺធនធានមនុស្សយើងខ្លាំងតាំងពីថ្នាក់ជាតិរហូតដល់ថ្នាក់ក្រោមជាតិ។ នេះហើយគឺជាមោទនភាពរបស់យើងដែលបានវិវត្តន៍រីកចម្រើនបានប៉ុណ្ណេះគឺដោយ សារលោកគ្រូ អ្នកគ្រូបណ្ដុះបណ្ដាលមនុស្សគ្រប់ជំនាន់ធ្វើអោយយើងមាន លទ្ធភាពអភិវឌ្ឍប្រទេសឲ្យរីកចម្រើន។

ឯកឧត្តម សង្កត់ធ្ងន់ថា ក្រោយពេលដែលយើងមានបទពិសោធន៍ដឹកនាំ ក្រោយពីសង្គ្រាម ក្រោយពីការបង្រួបង្រួមជាតិ យើងបាន យើងធ្វើឱ្យប្រទេសជាតិរុងរឿងនិងធ្វើឱ្យទឹកដីនៃប្រទេសយើងវិវត្តន៍បានជោគជ័យបានប៉ុណ្ណេះគឺរាជរដ្ឋាភិបាលសម័យបច្ចុប្បន្ននេះបានយក មន្រ្តីរាជការ យកស្ថាប័នរដ្ឋ ជាមធ្យោបាយដើម្បីបម្រើប្រជាជនឱ្យមានជិវភាពមានបាន ដែលផ្ទុយពីសម័យប៉ុល ពត យកប្រជាជនជាមធ្យោបាយដើម្បីបម្រើឱ្យអង្គការចាត់តាំងរបស់រដ្ឋមានបានដែលយកកម្លាំងប្រជាជនបម្រើសេដ្ឋកិច្ចនិងនយោបាយរបស់ខ្លួន។

នាពេលបច្ចុប្បន្ននេះរាជរដ្ឋាភិបាលបានបង្កើតគោលនយោបាយទាក់ទាញវិនិយោគផ្សេងៗ គោលនយោបាយភូមិឃុំមានសុវត្ថិភាព គោលនយោបាយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគ្រប់វិស័យគឺដើម្បីបម្រើប្រជាជនឱ្យមានជីវភាពធូធារ។ នេះហើយដែលជាគោលនយោបាយប្រកបដោយគុណធម៌និងប្រកបដោយធម៌ និងមានចក្ខុវិស័យច្បាស់លាស់វែងឆ្ងាយ។

កិច្ចបញ្ចប់នៃកម្មវិធីសំណេះសំណលនេះ ឯកឧត្តម ហ៊ុន ម៉ាណែត សូមលោកគ្រូ អ្នកគ្រូ បន្តជឿទុកចិត្ត គាំទ្រអ្នកដឹកនាំប្រទេសដែលមានបទពិសោធន៍ ឆន្ទៈ និងចក្ខុវិស័យវែងឆ្ងាយ ព្រោះការអភិវឌ្ឍប្រទេសមួយអាស្រ័យលើមេដឹកនាំ និងគោលនយោបាយច្បាស់លាស់ ដើម្បីបន្តនិរន្តភាពដឹកនាំ។ យើងមានមោទនភាពដែលប្រទេសយើងមានការរីកចម្រើនបានប៉ុណ្ណេះប៉ុន្តែយើងចង់ឱ្យមានការររីកចម្រើនបន្ថែមទៀត។ ដូច្នេះសូមអញ្ជើញលោកគ្រូ អ្នកគ្រូ ទៅបោះ ឆ្នោតទាំងអស់គ្នានៅថ្ងៃទី២៩ កក្កដាខាងមុខដើម្បី បំពេញកតព្វកិច្ចជាប្រជាពលរដ្ឋនិងបោះឆ្នោតជូនសម្តេចតេជោ ហ៊ុន សែន ដើម្បីដឹកនាំប្រទេសឱ្យនរីកចម្រើនជាបន្តទៅទៀត។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ