ព្រឹតិ្តការណ៍ថ្មីៗ

តំណាងប្រជាពលរដ្ឋផ្ទុះការតវ៉ារឿង ក្រុមហ៊ុនជីកដី តាក់ ជីឡៅ កម្មសិទ្ធិ (អនុប្រធានគណៈពង្រឹងស្រុកអង្គស្នួល)កាយយកដីផ្លូវអស់រាប់រយឡានទៅលក់

3 សប្តាហ៍ មុន 314 តូ សុផល

ខេត្តកណ្ដាល៖ តំណាងប្រជាពលរដ្ឋនៅក្នុងភូមិឈូកធំ ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្ដាល សំ្តដែងការព្រួយបារម្ភ និងមិនពេញចិត្ត ជាពិសេសបានចាត់ទុកថាការកាយដីផ្លូវលក់ពីសំណាក់ក្រុមហ៊ុនជីករណ្ដៅដី តាក់ ជីឡៅ គឺជាទង្វើមួយដែលកម្រនិងជាការបំផ្លាញពេញទី ដែលគួរតែអាជ្ញាធរគ្រប់លំដាប់ថ្នាក់ចាត់វិធានការបន្ទាន់។

ជាក់ស្តែងកាលពីល្ងាចថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ ប្រជាពលរដ្ឋជាង២០នាក់តំណាងឲ្យជាង១០០គ្រួសារ (២ភូមិ) បានលើកគ្នាទៅកាន់ទីតាំងផ្លូវដែលត្រូវក្រុមហ៊ុនតាក់ ជីឡៅ នេះរំលោភបំពានកាយបំផ្លាញ ដើម្បីតវ៉ាសុំឲ្យក្រុមហ៊ុនមួយនេះធ្វើយ៉ាងណាដឹកដីមកចាក់បំពេញឲ្យបានខ្ពស់ដូចដើមឡើងវិញទើបពួកគាត់ព្រមនិងឈប់ការតវ៉ាតទៅទៀត។

ប្រជាពលរដ្ឋបាននិយាយថា ក្រុមហ៊ុន តាក់ ជីឡៅ បានបោកប្រាស់ពួកគាត់ ដោយកាលពីពេលថ្មីៗកន្លងមកនេះពួកគាត់បានស្នើរសុំឲ្យជួយធ្វើស្ពានមួយកន្លែងប្រវែងកន្ទុយអណ្ដើកនៅតាមផ្លូវផ្សេងទេ ដោយសារទីនោះមានស្ពានដែរប៉ុន្តែចាស់ទ្រុឌទ្រោមទៅហើយ។ ពេលនោះក្រុមហ៊ុនខាងលើមិនបានចាប់អារម្មណ៍ធ្វើស្ពាននោះទេ បែរជាសុំទទួលរ៉ាប់រងដាក់លូបង្ហូរទឹកកាត់ទទឹងផ្លូវរទេះភ្លើងថ្មី ឬ ផ្លូវប៉ុលពតនេះវិញ។ ពេលនោះបានប្រមូលស្នាមមេដៃពួកគាត់គ្រប់ៗគ្នា ហើយដោយសារតែបានលូបង្ហូរទឹកគ្រាន់បើជាអត់នោះទើបពួកគាត់ព្រមផ្ដិតមេដៃឲ្យធ្វើ។

ប្រភពដដែលបានបន្តថា លុះដល់វេលាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ ក៏បានធ្វើពិធីបើកការដ្ឋានដាក់លូ កាត់ទទឹងផ្លូវខាងលើនោះក្រោមអធិបតីភាពលោកនាយឧត្តសេនីយ៍ ស៊ូ គឹមស៊ុន ប្រធានគណៈពង្រឹងឃុំឆក់ឈើនាង និងជាអនុប្រធានគណៈពង្រឹងស្រុកអង្គស្នួល លោក នីម នីរ៉ាដេត អភិបាលស្រុកអង្គស្នួល លោក តាក់ ជីឡៅ អនុប្រធានគណៈពង្រឹងឃុំឆក់ឈើ នាង និងជាឈ្មួញរណ្ដៅដីខាងលើ មានការចូលរួមពីសំណាក់បងប្អូនប្រជាពលរដ្ឋជាច្រើនទៀតផងដែរ។ ហើយក្រោយពេលបើកករដ្ឋានរួចបាន១ថ្ងៃក្រុមហ៊ុន តាក់ជីឡៅ ដែលប្រធានក្រុមហ៊ុននេះឈ្មោះតាក់ជីឡៅ អនុប្រធានក្រុមគណៈពង្រឹងចុះជួយឃុំឆក់ឈើនាងបានចាប់ផ្ដើមដាក់គ្រឿងចក្រទៅកាន់ទីនោះធ្វើសកម្មភាពកាយដីលក់ទៅវិញពិតជាធ្វើឲ្យហួសចិត្តខ្លាំងណាស់។

ប្រភពខាងលើបានបន្តថាក្រុមហ៊ុននេះបានកាយអស់ប្រមាណ២០០ម៉ែត្រជម្រៅជិត៣ម៉ែត្រ និងបានដឹកយកចេញតាមរថយន្តយីឌុបកង់១០និងកង់៦រាប់រយឡាន។ បន្ទាប់ពីឃើញបែបនេះពួកគាត់រហូតដល់វេលាល្ងាចថ្ងៃទី២២ ខែឧសភា ពួកគាត់បានទៅហាមឃាត់ តែមិនព្រមឈប់ឡើយបានបន្តកាយនិងដឹកចេញរហូតដល់វេលាព្រឹកថ្ងៃទី២៣ ខែឧសភា ទើបដកគ្រឿងចក្រចេញ។

ពេលនេះពួកគាត់បាននាំគ្នាតវ៉ាស្នើរសុំឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ចាប់ពីថ្នាក់ឃុំ ស្រុក ខេត្ត ជាពិសេ​ស​មន្ទីរនិងក្រសួងពាក់ព័ន្ធជួយដោះស្រាយផលប្រយោជន៍រួមមួយនេះដែលបុគ្គលអាងអំណាចកំពុងរំលោភបំពាននិងបំផ្លាញនេះផង។គោលបំណងសំខាន់គឺពួកគាត់សុំឲ្យក្រុមហ៊ុនមួយនេះចេះខ្មាសអៀន​ ព្រោះតាំងពីកើតមកពីពោះម៉ែមកពួកគាត់មិនដែលឃើញនរណាកាយដីផ្លូវលក់បែបនេះទេ បើដឹកដីចាក់បំពេញផ្លូវ​គឺមានតែក្រុមហ៊ុននេះបែរបំ​ផ្លាញផ្លូវទៅវិញ ដូច្នេះសូមដឹកដីមកចាក់បំពេញផ្លូវវិញទើបពួកគាត់បញ្ឈប់ការតវ៉ានេះតទៅទៀត។

ពាក់​ព័ន្ធ​នឹង​ករណី​ខាង​លើ​នេះ​ភ្ងាក់​ងារ​អ្នក​សារព័ត៌មាន​យើង​បាន​ទំនាក់ទំនង​តាម​រយៈ​ប្រព័ន្ធ​ WhatsApp​ ទៅ​ លោក​ ឌឹត​ ឌីណា​ រដ្ឋលេខា​ធិការ​ក្រសួង​រ៉ែ​និង​ថាមពល​ ថា​លោក​នឹង​ចាត់​មន្ត្រី​របស់​លោក​ចុះ​ទៅ​មើល​

តែលោកមិនបានបញ្ជាក់ពីពេលវេលាជាក់ឡើយ។

ជុំវិញករណីខាងលើនេះ ពលរដ្ឋសង្ឃឹមថា លោក នីម នីរ៉ាដេត អភិបាលស្រុកអង្គស្នួល ឯកឧត្តម ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល លោក ឌឹត​ ឌីណា​ រដ្ឋលេខា​ធិការ​ក្រសួង​រ៉ែ​ និង​ថាមពល រួមទាំងមន្ត្រីជាប់ពាក់ព័ន្ធទាំងអស់ និងរកដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋដោយសមស្រប និងឆាប់រហ័ស ព្រោះពលរដ្ឋ  កំពុយងរង់ចាំដោយអន្ទះសារ បើរាប់ពីថ្ងៃបោះ ឆ្នោតវិញនៅសល់តិចណាស់ ហើយមួយរយះចុងក្រោយនេះ បញ្ហាដីធ្លីផ្ទុះឡើងយ៉ាងគំហុក សើរតែទូទាំងខេត្ត និង រាជធានី។

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ