ព្រឹតិ្តការណ៍ថ្មីៗ

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ រួមទាំងគ្រូសារក្រីក្រ និងជនពិការ១៣គ្រួសារ ទទួលបានអំណោយ មនុស្សធម៌មួយចំនួនពីកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី

4 ខែ មុន 26 តូ សុផល

មណ្ឌលគិរី៖ សាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី ដឹកនាំដោយលោក ម៉ៅ ធនារក្ស និងលោកស្រី ដូច ដារ៉ា អនុប្រធានកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត រួមទាំងសមាជិក សមាជិកា អនុសាខាស្រុក និងយុវជនស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៏ របស់កាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្រ្តាក់ គ្រួសារក្រីក្រ និងជនពិការចំនួន១៣គ្រួសារ នៅឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី នាថ្ងៃចន្ទ ៧កើត ខែជេស្ឋ ឆ្នាំរកា នព្វស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨។

លោក ម៉ៅ ធនារក្ស អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានពាំនាំការសាកសួរសុខទុក្ខពីសំណាក់ប្រធានកិត្តិយសសាកាកបាទក្រហមកម្ពុជាខេត្ត ជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេច តែងតែយកចិត្តទុក្ខដាក់ និងគិតគូរចំពោះប្រជាពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ ស្របតាមពាក្យស្លោក «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា មិនទុកនណាម្នាក់ចោល»។ លោក បានបញ្ជាក់ទៀតថា ជាក់ស្តែង ប្រជាពលរដ្ឋ១៣គ្រួសារ រងគ្រោះដោយខ្យល់កន្រ្តាក់ ក្នុងនោះ មានគ្រួសារក្រីក្រ និងជនពិការ ទទួលបានអំណោយមនុស្សធម៌មួយចំនួនពីសាខាកាកបាទក្រហមកម្ពុជាខេត្ត ដើម្បីជាការចូលរួមចំណែកដោះស្រាយនូវការខ្វះខាតបានមួយកម្រិត។ ជាងនេះទៅទៀត លោក បានអំពាវនាវដល់ពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នចំពោះ អាកាសធាតុ នៅពេលមានភ្លៀង ផ្គររន្ទះ ជាពិសេស ត្រូវចេះរស់នៅស្អាត ហូបស្អាត និងផឹកស្អាត និងត្រូវគេងក្នុងមុងជានិច្ច ព្រោះរដូវនេះ ជារដូវវស្សា អាចប្រឈមនឹងជម្ងឺតម្កាត់នានា។

ម្យ៉ាងទៀត ក៏បានណែនាំដល់ប្រជាពលរដ្ឋ ត្រូវចេះដាំដំណាំរួមផ្សំផ្សេងៗ និងត្រូវចេះចិញ្ចឹមសត្វ ដើម្បីធ្វើយ៉ាងណាជួយសម្រួល នូវទុក្ខលំបាករបស់ពួកគាត់អោយមានជីវភាពធូរធារ។

តាមការបញ្ជាក់ពីនាយកសាខាកាកបាទក្រហមកម្ពុជាខេត្ត លោក អាន សុខឃីម បាន អោយដឹងថា ប្រជាពលរដ្ឋទាំង១៣គ្រួសារ ក្នុងនោះគ្រួសាររងគ្រោះដោយខ្យល់កន្រ្តាក់ខូចខាត់ផ្ទះសំបែងចំនួន១១គ្រួសារ ថែមទាំងគ្រួសារក្រីក្រ និងជនពិការពីរគ្រួសារទៀត រស់នៅភូមិ ពូគង់ និងភូមិអូរច្រា ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី គ្រួសារកម្រិតស្រាល់ ទទួលបាន ឃីប ១កញ្ចប់ និងថវិកា៥ម៉ឺនរៀល រីឯគ្រួសារដែលកម្រិតធ្ងន់ធ្ងរ ទទួលបាន អង្ករ២៥ គីឡូក្រាម ឃីប ១កញ្ចប់ គ្រឿងឧបភោគ បរិភោគ និងថវិកា១០ម៉ឺនរៀល ដោយឡែក គ្រួសារក្រីក្រ ទទួលបានគ្រឿងឧបភោគ បរិភោគ និងថវិកា១០ម៉ឺន និងជនពិការទទួលបានគ្រឿងឧបភោគ បរិភោគ រទេះរុញ១ និងថវិកា១៤ម៉ឺនរៀលផងដែរ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ