ព្រឹតិ្តការណ៍ថ្មីៗ

រកលុយទិញថ្នាំញៀនជក់ ដោយចេញឆក់សម្រេចបាន១៦ដង ត្រូវអាវុធហត្ថភ្នំពេញបង្ក្រាបបាន!

2 ខែ មុន 72 តូ សុផល

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ ចោរឆក់០២នាក់ ត្រូវបានសមត្ថកិច្ច ការិយាល័យបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ បន្ទាប់ពីកម្លាំងល្បាត មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌដូនពេញ ធ្វើការបង្រ្កាប និងឃាត់ខ្លួនបាន នៅចំណុចផ្លូវលេខ៥១ កែងផ្លូវ១០៨ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។

ជនសង្ស័យ០២នាក់ ១/ឈ្មោះ ធឹម បូរ៉ាណ ហៅបារាំង ភេទប្រុស អាយុ១៨ឆ្នាំ ២/ឈ្មោះ សុខ វណ្ណៈច័ន្ទភារុន ភេទប្រុស អាយុ១៨ឆ្នាំ រួមជារួមបក្ខពួក០២នាក់ទៀត ឈ្មោះ ស្កាយ និងឈ្មោះ រ៉ុង បានធ្វើសកម្មភាពឆក់កាបូបស្ពាយពីជនរងគ្រោះ ឈ្មោះ អែល សំណាង កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោងប្រមាណ ១៦និង៣០នាទី ខណៈដែលជនរងគ្រោះកំពុងដើរហាត់ប្រាណនៅចំណុច កើតហេតុ ខាងលើ ធ្វើឲ្យភ្ញាក់ផ្អើលដល់កម្លាំងល្បាតអាវុធហត្ថខណ្ឌដូនពេញ ធ្វើការប្រដេញ និងឃាត់ខ្លួនបាន០២នាក់ រួមជាមួយម៉ូតូ០១គ្រឿង ម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1GL-5480 និងដកហូត កាបូបស្ពាយមួយមានទូរស័ព្ទចំនួន០៣គ្រឿង ប្រគល់ជូនជនរងគ្រោះវិញ។

តាមវិធានការជំនាញរបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ជនសង្ស័យបានសារភាពថា នៅថ្ងៃកើតហេតុពួកគេមានគ្នា០៤នាក់ ជិះម៉ូតូ០២គ្រឿង បានធ្វើដំណើរតាមដងផ្លូវដើម្បីរកឱកាសឆក់វត្ថុមានតម្លៃផ្សេងៗ ក្នុងរាជធានីភ្នំពេញ លុះដល់ចំណុចកើតហេតុចខាងលើ ស្រាប់តែឃើញស្រ្តី០២នាក់ដើរឆ្លងផ្លូវ ហើយ ស្រ្តីម្នាក់មានស្ពាយកាបូប ឃើញដូចនោះពួកខ្លួនក៏ជិះម៉ូតូទៅក្បែរ រួចក៏ធ្វើសកម្មភាពឆក់យកកាបូបនោះ បានសម្រេចជិះគេចខ្លួន ស្រាប់តែជនរងគ្រោះបានស្រែកឆោរឡោ ធ្វើឲ្យភ្ញាក់ផ្អើលដល់កម្លាំងល្បាតអាវុធហត្ថខណ្ឌដូនពេញ ធ្វើការប្រដេញ និងឃាត់ខ្លួនបាន០២នាក់ រួមជាមួយម៉ូតូ០១គ្រឿង ឯបក្ខពួក០២នាក់ទៀត បានជិះគេចខ្លួនបាត់។

ជនសង្ស័យដែលកម្លាំងអាវុធហត្ថឃាត់ខ្លួនបាន បានសារភាពបន្ថែមថា ដោយរយៈកាលប្រហែល០៦ខែ កន្លងមកនេះពួកគេបានជាប់ប្រើប្រាស់គ្រឿងញៀន ហើយពុំមានលុយទិញថ្នាំញៀនជក់តាមតម្រូវការ ទើប ពួកគេចេញធ្វើសកម្មភាពឆក់វត្ថុមានតម្លៃពីជនរងគ្រោះតាមដងផ្លូវ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដោយ ពួកគេធ្វើសកម្មភាពឆក់បានសម្រេច ប្រមាណ១៥លើកមកហើយ ទើបតែលើកទី១៦នេះ ក៏ត្រូវសមត្ថកិច្ចអាវុធហត្ថឃាត់ខ្លួនបានតែម្តង។

បច្ចុប្បន្ន ជនសង្ស័យទាំង០២នាក់ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទាសតាមនីតិវិធីច្បាប់ ឯជនសង្ស័យ០២នាក់ទៀត ឈ្មោះ ស្កាយ និងឈ្មោះ រ៉ុង សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវស្វែងរក ចាប់ខ្លួនបន្ត៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ