ព្រឹតិ្តការណ៍ថ្មីៗ

ឯកឧត្តម ហ៊ុន ម៉ាណែត ៖ អនាគត នៃសុខសន្តិភាព និងការរីកចម្រើនប្រទេសជាតិ គឺអាស្រ័យលើកត្តាសំខាន់២គឺ មេដឹកនាំ និងប្រជាពលរដ្ឋ

4 សប្តាហ៍ មុន 167 តូ សុផល

ខេត្តកំពត៖ ឯកឧត្តម ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសាលាធម្មសភាពនិងសមិទ្ធផលនានានៅក្នុងវត្តអង្គស្វាយ ភូមិអង្គស្វាយ ឃុំមានជ័យ ស្រុកឈូក ខេត្តកំពត កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨។

ថ្លែងក្នុងឳកាសនោះ ឯកឧត្តម ហ៊ុន ម៉ាណែត មានប្រសាន៍ថា ៤៥ឆ្នាំក្រោយនេះមិនលំបាកដូច ៤៥ ឆ្នាំមុនគឺថ្ងៃទី២០ ខែឧសភា ឆ្នាំ១៩៧៣ គឺជាថ្ងៃកំណើតរបស់សហករណ៍របស់របបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហមបាន ហើយបានបន្តសង្គ្រាមរហូតដល់ឈានដល់ការគ្រប់គ្រងរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥នោះទេ គឺយើងទាំងអស់គ្នាមានសិទ្ធិ មានលទ្ធភាព និងឱកាសកសាងសមិទ្ធផល ប្រជាពលរដ្ឋរស់នៅបានសុខសប្បាយ សប្បុរសជនមានលទ្ធភាពកសាងសមិទ្ធផល យុវជនមានឱកាសសម្បូរបែបមានរបស់ទំនើបៗប្រើប្រាស់ និងរស់នៅក្នុងសង្គមស៊ីវិល័យ។ ដូច្នេះ សុខសន្តិភាពគឺមានតម្លៃស្មើនឹងជីវិត(ដង្ហើម) និងសំខាន់ណាស់សម្រាប់មនុស្សជំនាន់ក្រោយ។ ពាក្យសន្តិភាពគ្រាន់តែយើងឃើញនៅលើក្រដាសនិងលឺជាសំម្លេង ប៉ុន្តែយើងទាំងអស់គ្នាត្រូវចង់ចាំនូវតម្លៃនិងអត្ថន័យរបស់វាគឺរស់នៅដោយសុខសប្បាយនិងគ្មានការព្រួយបារម្ភ។

ឯកឧត្តម បន្តទៀតថា ចាប់ពីថ្ងៃ ១៧មេសា ឆ្នាំ១៩៧៥ មកដល់ ០៧មករា ឆ្នាំ១៩៧៩ តើយើងលំបាកយ៉ាងណា មានការកាប់សម្លាប់គ្នាយ៉ាងណា គឺលំបាកវេទនាបំផុតដោយសារសង្គ្រាមនៅលើទឹកដីនៃប្រទេសមួយនេះ។ យើងទាំងអស់គ្នាគួរតែចងចាំប្រវត្តិសាស្ត្រនេះ ហើយមិនត្រូវឲ្យប្រវត្តិសាស្ត្រនេះកើតឡើងម្ដងទៀតឡើយ។  ជាសំណាងនិងបុណ្យរបស់យើងទាំងអស់គ្នាហើយ ដែលយើងនៅមានជីវិតរស់រានមកដក់សព្វថ្ងៃនេះ។ បើគ្មានសំណាង គ្មានបុណ្យ យើងមិនអាចមានជីវិតរស់នៅមកដល់សព្វថ្ងៃនេះទេ។

ឯកឧត្តម សង្កត់ធ្ងន់ថា អនាគតនៃសុខសន្តិភាព និងការរីកចម្រើននៃប្រទេសជាតិគឺអាស្រ័យលើកត្តាសំខាន់០២ គឺអាស្រ័យលើមេដឹកនាំ និងប្រជាពលរដ្ឋ។ កត្តាមេដឹកនាំនេះ ប្រវត្តិសាស្រ្តបានបង្ហាញច្បាស់ហើយថា ការផ្លាស់ប្តូរមេដឹកនាំពីរបបមួយទៅរបបមួយបានធ្វើឱ្យប្រទេសជាតិធ្លាក់ទៅក្នុងសង្គ្រាម ធ្វើឱ្យខ្មែរកាប់សម្លាប់គ្នា។ ប៉ុន្តែសម្តេចតេជោ ហ៊ុន សែន គឺជាមេដឹកនាំដែលបញ្ចប់សង្គ្រាម បញ្ចប់ការកាប់សម្លាប់រវាងខ្មែរនិងខ្មែរ គឺបាននាំមកនូវសុខសន្តិភាពនិងការអភិវឌ្ឍរីកចម្រើនជូនដល់ប្រជាជននិងប្រទេសជាតិ។ កត្តាទី២គឺអាស្រ័យលើប្រជាពលរដ្ឋជ្រើសរើសមេដឹកនាំត្រឹមត្រូវដែលនាំមកនូវសុខសន្តិភាព ធ្វើឱ្យប្រទេសរីកចម្រើន ប្រជាពលរដ្ឋមានជីវភាពធូធារនិងសម្បូរសប្បាយ។

ដើម្បីបាននូវអ្វីៗទាំងអស់នេះ យើងត្រូវការពេលវេលា សុខសន្តិភាព ស្ថេរភាព ដើម្បីធ្វើ ប៉ុន្តែអ្វីដែលសំខាន់នោះគឺយើងត្រូវការមេដឹកនាំដែលគិតពីប្រយោជន៍ប្រជាពលរដ្ឋ។ ជាក់ស្តែងសម្តេចតេជោ តាំងពីដើមរៀងមក លោកតែងតែនៅជាប់ប្រជាជនជានិច្ច រួមទាំងក្រុមការងារគណបក្សប្រជាជនទាំងអស់បានចុះជួយប្រជាពលរដ្ឋនិងកសាងសមិទ្ធផលនានានៅទូទាំងប្រទេស។ ជាពិសេស នៅពេលដែលយើងមានសុខសន្តិភាព យើងមានឱកាសរួមគ្នាកសាងប្រទេសជាតិរបស់យើង។ ជាក់ស្តែងថ្ងៃនេះ សូមថ្លែងអំណរគុណព្រះតេជគុណព្រះចៅអធិការវត្ត គណកម្មាការវត្ត ប្រជាពលរដ្ឋនិងសប្បុរសជនទាំងអស់ដែលបានរួមគ្នាកសាងសមិទ្ធផលនៅក្នុងទីអារាមនេះ ដែលសមិទ្ធផលទាំងនេះមិនមែនកសាងតែសម្រាប់ពេលខ្លីនោះទេ គឺសម្រាប់ផលប្រយោជន៍កូនចៅជំនាន់ក្រោយ។

នាកិច្ចបញ្ចប់នៃកម្មវិធី ឯកឧត្តម ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណប្រជាពលរដ្ឋទាំងអស់ដែលបានជឿទុកចិត្ត គាំទ្រសម្តេចតេជោ ហ៊ុន សែន ឱ្យដឹកនាំប្រទេសនាពេលកន្លងមក និងសូមប្រជាពលរដ្ឋបន្តជឿទុកចិត្តពីរបៀប វិធីសាស្ត្រដឹកនាំរបស់សម្តេចតេជោ ដែលគាត់តែងតែនៅជាមួយប្រជាពលរដ្ឋជានិច្ច។ ដូច្នេះសូមប្រជាពលរដ្ឋ បោះឆ្នោតជ្រើសរើសសម្តេច តេជោ ហ៊ុន សែន ដើម្បីបន្តដឹកនាំ និងអភិវឌ្ឍប្រទេសឱ្យរីកចម្រើនទៅមុខ ធ្វើឱ្យប្រជាពលរដ្ឋរស់នៅសុខសាន្តនិងមានជីវភាពសម្បូសប្បាយ និងសូមកុំចូលរួមសកម្មភាពទាំង ឡាយណាដែលបង្កអសន្តិសុខ បង្កចលាចលដល់សង្គមជាតិ ត្រូវចូលរួមថែរក្សាសុខសន្តិភាព ស្ថេរភាពជួយដល់កូនចៅយើងធ្វើការជាបន្តទៀត។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ