ខេត្តកំពត រឿងមិនចេះចប់ បាញ់បោះទើបស្ងប់ គប់គ្រាប់បែក​ចូល​ផ្ទះម្តង !

5 ខែ មុន 354 តូ សុផល

កំពត ៖ ​ ជន​មិន​ស្គាល់​អត្តសញ្ញាណម្នាក់បាន​បោះ​គ្រាប់បែក​ចូល​ក្នុងផ្ទះ​ជន​រង​គ្រោះ​ដែលនៅ​ភូមិ​ជ្រេ​ស ឃុំ​បឹង​សាលា​ខាងត្បូង ស្រុក​កំពង់ត្រាច ខេត្តកំពត ។

ហេតុការណ៍នេះបានកើតឡើងតាំងពីវេលាម៉ោង១០យប់ថ្ងៃទី១៩ខែឧសភាឆ្នាំ២០១៨នេះ នៅផ្ទះឈ្មោះ ឡុ​ង រី ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ ។

តាមប្រភពសមត្ថកិច្ចបានអោយដឹងថា ផ្ទះ​ជន​រង​គ្រោះ​ផ្នែក​ខាងជើង​ពុំ​មាន​ជញ្ជាំង​បាំង​ជិត​នោះ​ទេ ហើយ​ត្រូវ​បាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​បោះ​គ្រាប់បែកដៃ​ចូល​ក្នុងផ្ទះ​បណ្តាល​ឲ្យ​ផ្ទុះ​នៅ​លើ​រនាប​ក្តារ​លាន់​កក្រើក តែ​មិន​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​កំពុង​ដេក​លង់លក់​នោះ​ឡើយ​ព្រោះ​ជន​រង​គ្រោះ និង​ប្រពន្ធ​ឈ្មោះ សោ យៀន អាយុ​៥៣​ឆ្នាំ​ព្រមទាំង​ចៅស្រី​ម្នាក់​ឈ្មោះ រី ម៉ី​មី អាយុ​៦​ឆ្នាំ ដេក​នៅ​ក្រោមផ្ទះ ។

ក្រោយ​ពេល​ជនអនាមិក​បោះ​គ្រាប់បែកដៃ​ចូល​ផ្ទះ​ជន​រង​គ្រោះ​ខាងលើ​នោះ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ និង​បាន​ពិនិត្យ​ឃើញ​មាន​វត្ថុ​តាង​បន្សល់​ទុក​នៅ​ដូច​ជា​ពិល​១ ក្រវិល​គ្រាប់បែក​១ និង​បំណែក​សំបក​គ្រាប់បែក​ឈើ​បន្តិចបន្តួច ដែល​ផ្ទុះ​ឆេះ​មិន​អស់ ។

ជំហាន​ដំបូង​សមត្ថកិច្ច​មូលដ្ឋាន​ក៏​សន្និដ្ឋាន​ថា គ្រាប់បែក​ដែល​ជនអនាមិក​បោះ​ចូល​ផ្ទះ​ជន​រង​គ្រោះជា​ប្រភេទ​គ្រាប់បែកដៃ​ដង​ឈើ និង​ជា​គ្រាប់​បែកផ្សែង សម្រាប់​អ្នក​ធ្វើសង្គ្រាម គឺ​ប្រើ​វា​បោក​កាត់មុខ​សត្រូវ ដើម្បី​រំដោះខ្លួន​តែ​ប៉ុណ្ណោះ ។ ករណី​ខាងលើ​នេះ​សមត្ថកិច្ច​ដាក់​ការ​សង្ស័យ​ជា​រឿង​គំនុំ តែ​ពុំ​ទាន់​មាន​តម្រុយ​ណាមួយ​នៅឡើយ​ទេ ពេល​នេះ​សមត្ថកិច្ច​កំពុង​ដុតដៃដុតជើង​ធ្វើការ​ស្រាវជ្រាវ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ