ព្រឹតិ្តការណ៍ថ្មីៗ

ឯកឧត្តម ហ៊ុន ម៉ាណែត ៖ បើគ្មាន លោកគ្រូ អ្នកគ្រូ ការអប់រំមិនអាចទៅរួចទេ!

1 ខែ មុន 40 តូ សុផល

ខេត្តកំពង់ចាម៖ ឯកឧត្តម ហ៊ុន ម៉ាណែត បានអញ្ជើញជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូនៅក្នុងខេត្តកំពង់ចាម កាលពីថ្ងៃសៅរ៍  ទី១៩ ឧសភា ២០១៨។ថ្លែងក្នុងឳកាសនោះ ឯកឧត្តម ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការបណ្ដុះបណ្ដាលអប់រំមនុស្សគឺសំខាន់ណាស់ ព្រោះការអប់រំត្រូវការពេលវេលារបស់លោកគ្រូ អ្នកគ្រូ ដើម្បីចែករំលែក ចំណេះ ជំនាញ សីលធម៌ គុណធម៌ដល់មនុស្សជំនាន់ក្រោយតាមគ្រប់រូបភាពដើម្បីកសាងអនាគត។ មួយវិញទៀត ការអប់រំខុសពីការផលិតសម្ភារៈ ព្រោះសម្ភារៈអាចគេទុកបោះចោល ឬផុតកំណត់ ប៉ុន្តែលោកគ្រូ អ្នកគ្រូ អាចចែករំលែកចំណេះដឹងដល់មនុស្សជំនាន់ក្រោយបានគ្រប់ពេលវេលាទោះបីលោកគ្រូ អ្នកគ្រូចូលនិវត្តន៏ក៏ដោយ នេះគុណតម្លៃរបស់លោកគ្រូ អ្នកគ្រូ។ បើគ្មានលោកគ្រូ អ្នកគ្រូ ការអប់រំមិនអាចទៅរួចទេ។ ដោយសារតែការចូលរួមរបស់លោកគ្រូ អ្នកគ្រូនេះហើយបានធ្វើគុណភាពនិងបរិមាណនៃការអប់រំគ្រប់កម្រិតមានការកើនឡើង។ នេះជាចំណុចខ្លាំងនិងគុណបំណាច់របស់លោកគ្រូ អ្នកគ្រូដែលត្រូវបានចាត់ទុកថា  ឪពុកម្តាយទី២និងជាសេដ្ឋីកិត្តិយសដែលមានទ្រព្យសម្បត្តិមហាសាលគឺ ចំណេះដឹង សីលធម៌ គុណធម៌ ចែករំលែកទៅដល់សិស្សរឱ្យក្លាយជាមនុស្សដែលមានចំណេះដឹង សីលធម៌ គុណធម៌។

ឯកឧត្តមបន្តថា ដោយសារប្រទេសមានលំនឹងបានធ្វើអោយវិស័យអប់រំមានការរីកចម្រើននៅក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស។ ដូច្នេះហើយរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់លើវិស័យអប់រំបើប្រៀបធៀបនឹងវិស័យផ្សេងៗ តាមរយៈការផ្តោតសំខាន់លើការយកចិត្តទុកដាក់ចពោះជីវភាពរបស់លោកគ្រូ អ្នកគ្រូតាមរយៈការតម្លើងប្រាក់បៀវត្ស ការយកចិត្តទុកដាក់លើសុខភាពតាមរយៈប ស ស ការបង្កើនគុណវុឌ្ឍ និងអត្ថប្រយោជន៍ផ្សេងទៀត។ នេះគឺជាគោលដៅនិងគោលនយោបាយច្បាស់លាស់របស់រាជរដ្ឋាភិបាលចំពោះវិស័យអប់រំ។

ឯកឧត្តម បញ្ជាក់បន្ថែមទៀតថា កូនខ្មែរយើងបច្ចុប្បន្នមានសមត្ថភាពផលិតសម្ភារៈ និងផលិតផលមួយចំនួនរួមមាន សម្លៀកបំពាក់ គ្រឿង យន្ត អង្ករ និងសម្ភារៈជាច្រើនទៀត។ លើសពីនេះសូម្បីតែជនជាតិជប៉ុនក៏បានកោតសរសើរកងកម្លាំងរបស់កម្ពុជានៅក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិនិងវិស័យទេសចរណ៍របស់កម្ពជាផងដែរ។ ក្រៅពីនេះ អន្តរ ជាតិរួមមានប្រទេសនៅតំបន់អាស៊ាន និងមហាអំណាចមួយចំនួនក៏បានកោតសរសើរនិងចាប់អារម្មណ៍ចំណុចរបស់កម្ពុជាពីគឺស្ថេរភាព សុខសន្តិភាពនិងសមត្ថភាពរបស់មន្ត្រីកូនខ្មែរបស់យើង។  នេះជាមោទនភាពជាតិខ្មែរយើងដែលបានកសាងចេញពីបាតដៃទទេក្រោយពីពីសង្គ្រាម។

ឯកឧត្តម សង្កត់ធ្ងន់ថា ដំណើរការវិវត្តន៍របស់ប្រទេសជាតិរបស់យើងក្រោយពីបញ្ចប់សង្គ្រាម ហើយរីកសម្រើនមកដល់ពេលនេះ យើងបានជាប់ចំណាត់ថ្នាក់លេខ ៧ នៅក្នុងចំណោម ១៧៤ នៅលើពិភពលោកជាប្រទេសដែលមានសេដ្ឋកិច្ចដើរលឿនជាងគេ។ ការដឹកនាំប្រទេសរីកចម្រើនជាង២០ឆ្នាំមកដល់ពេលបច្ចុប្បន្ននេះទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិគឺបានដោយសារធនធានមនុស្សរបស់ខ្មែរ។ ពិតណាស់យើងទើបតែចេញពីសង្គ្រាមយើងនៅទន់ខ្សោយ ធនធានមនុស្សចេះដឹងត្រូវបានគេកាប់សម្លាប់ យើងនៅសល់ធនធានមួយចំនួនហើយត្រូវបង្រៀនតគ្នា ប៉ុន្តែមកដល់ម៉ោងនេះ ផែនការនៃការដឹកនាំប្រទេសជាតិនិងអភិវឌ្ឍប្រទេសជាតិមានការរីកចំរើនដល់បច្ចុប្បន្ននេះគឺអាស្រ័យលើធនធានមនុស្សរបស់ខ្មែរ មិនអាស្រ័យលើធនធានមនុស្សបរទេសទេ។ នេះគឺជាមោទនភាពជាតិទាំងអស់គ្នា ដែលយើងបានកសាងរួមគ្នាឱ្យបានរីកចម្រើនបានប៉ុណ្ណេះ។

ឯកឧត្តម គូសបញ្ជាក់បន្ថែមទៀតថា  អនាគតកាល គឺផ្អែកលើលំនឹងនយោបាយ សុខសន្តិភាព លំនឹងស្ថេរភាព ទិសដៅផែនការ និងគោលនយោបាយច្បាស់លាស់ និងចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាល។ ដើម្បីលំនឹងនយោបាយ គ្រូអ្នកគ្រូ គួរទុកចិត្តចំពោះអ្នកដឹកនាំនិងក្រុមដឹកនាំដែលមានបទពិសោធន៍ដែលអាចរក្សាលំនឹងនយោបាយ និងសេដ្ឋកិច្ចរីក ចម្រើន ជីវភាពប្រជាពលរដ្ឋមានការឡើងនិងប្រទេសឱ្យមានការរីកចម្រើនជាបន្តទៀត។ សូមអរគុណលោកគ្រូអ្នកគ្រូនិងប្រជាពលរដ្ឋទូទាំងប្រទេសដែលបានគាំទ្រសម្តេចតេជោដឹក នាំប្រទេសឱ្យរីកចម្រើនមកដល់ពេលនេះ។ សូមលោកគ្រូ អ្នកគ្រូ អញ្ជើញទៅបោះឆ្នោតទាំងអស់គ្នាដើម្បីបន្តគាំទ្រសម្តេចតេជោ បន្តដឹកនាំតទៅទៀតដើម្បីថែរក្សាលំនឹងនយោបាយ សុខសន្តិភាព ជំរុញការអភិវឌ្ឍប្រទេសឱ្យរីកចម្រើនបន្តទៀតទៅ។

នាកិច្ចបញ្ចាប់នៃកម្មវិធី ឯកឧត្តម បានពាំនាំនូវការផ្តាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ញើជូនចំពោះលោកគ្រូ-អ្នកគ្រូទាំងអស់ដែលបានចូលរួមនៅថ្ងៃនេះ និងសូមថ្លែងអំណរគុណចំពោះគុណបំណាច់របស់លោកគ្រូ អ្នកគ្រូ ដែលជាអ្នកសំខាន់បំផុតនៅក្នុងដំណើរវិវត្តន៍របស់ប្រទេសរបស់យើង។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ