ព្រឹតិ្តការណ៍ថ្មីៗ

​  ឯកឧត្តម ​ ហ៊ុន ម៉ា​ណែ​ត ៖ ​លោកគ្រូ អ្នកគ្រូ កសាង​មនុស្ស​ឱ្យ​មាន ​ចំណេះដឹង សីលធម៌ គុណធម៌

4 ថ្ងៃ មុន 15 តូ សុផល

កំពង់ធំ ៖ ​​កាលពីថ្ងៃទី១៦ ​ឧសភា ​២០១៨​  ឯកឧត្តម ​ ហ៊ុន ម៉ា​ណែ​ត បានអញ្ជើញជួប ​ សំណេះសំណាល ជាមួយ​លោកគ្រូ ​អ្នកគ្រូ​នៅក្នុង​ខេត្តកំពង់ធំ ​។ឯកឧត្តម ​ហ៊ុន ម៉ាណែត មានប្រសាសន៍ថា  លោកគ្រូ អ្នកគ្រូ កសាង​មនុស្ស​ឱ្យ​មាន​ចំណេះដឹង សីលធម៌ គុណធម៌ ​ខុស​ពី​ការ​បង្កើត​ទូរស័ព្ទ​មួយគ្រឿង ​ ម៉ូតូ​មួយ​គ្រឿង​ រថយន្ត​មួយគ្រឿង ​យន្តហោះ​មួយគ្រឿង ​ ព្រោះថា​ទាំង​អស់នេះ​អាច​ប្រើ​ប្រើប្រាស់​តែ​ក្នុង​កម្រិត​មួយ​ដែល​គេ​បង្កើត​ទេ ​មិនអាច​បង្កើត​មនុស្ស​ឱ្យ​ចេះដឹង​បន្ថែម​​បានទេ ​ប៉ុន្តែ​មនុស្ស​មាន​ខួរក្បាល បទពិសោធន៍ ​និង​ទស្សនៈ​កាន់​រីកចម្រើន​បន្ថែម ​នេះ​ហើយ​ដែល​ទ្រព្យសម្បត្តិ​លោកគ្រូ អ្នកគ្រូ​បង្កើត​សេដ្ឋី​ចំណេះដឹង​ សីលធម៌​ គុណធម៌​បន្ថែមទៀត​។

ឯកឧត្តម ​ហ៊ុន ម៉ាណែត បន្តថា ​លោកគ្រូ អ្នកគ្រូ គឺជា​សេដ្ឋី​ចិត្តបុណ្យ​ នៃ​កេរ្តិ៍ឈ្មោះ​ដែល​មាន​ទ្រព្យសម្បត្តិ​មហាសាល​នោះ​គឺ ​ចំណេះដឹង សីលធម៌​ គុណធម៌ ​ដែល​ទ្រព្យ​សម្បត្តិ​ដ៏​មានតម្លៃ​នេះ​លោកគ្រូ អ្នកគ្រូ​ចែករំលែក​ទៅដល់​សិស្ស​រាប់រយ​ រាប់ពាន់នាក់​ឱ្យ​ក្លាយ​ជាមនុស្ស​​ ​​ដែល​មាន​ចំណេះដឹង សីលធម៌ គុណធម៌​ដែល​ទ្រព្យសម្បត្តិ ​មិន​មាន​នរណា​អាច​លួច​ឆក់​ប្លន់​បានទេ​។

​​ ក្នុង​ឱកាស​នោះ​ដែរ​ ឯកឧត្តម ​ ហ៊ុន ម៉ា​ណែ​ត​ ​បាន​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់        សម្តេច​តេ​ជោ ​ហ៊ុន សែន ​និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​ផ្ញើ​ជូន​ចំពោះ លោកគ្រូ​ អ្នកគ្រូ​យើង​នៅ​ក្នុង​ខេត្តកំពង់ធំ​ ដែល​បាន​ចូលរួម​នៅថ្ងៃនេះ ​​។

ឯកឧត្តម ​បញ្ជាក់ថា ​ការកសាង​ប្រទេស​មកដល់​ម៉ោង​នេះ យើង​ពិត​ជា​មាន​មោទនភាព​ណាស់​បើទោះបី​ប្រទេស​យើង​បាន​ទទួល​សុខ​សន្តិភាព​ក្រោយ​គេ ​ជា​ប្រទេស​នៅ​ក្នុង​តំបន់​ដែល​ពីមុន​យើង​ធ្លាប់តែ​នាំមុខគេ​។ ​ប៉ុន្តែ​ដោយសារ​យើង​ជួបប្រទះ​នូវ​សង្គ្រាម ​នៅ​ឆ្នាំ​១៩៧០​ រហូតដល់​ឆ្នាំ​១៩៧៩ ​ធនធានមនុស្ស​បាន​បាត់បង់​ភាគច្រើន​ហើយ​កសាង​ប្រទេស​ឡើងវិញ​ពី​បាតដៃ​ទទេ ​ហើយ​យើង​ទទួល​សុខ​សន្តិភាព​នៅ​ឆ្នាំ​១៩៩៨ ​ដែល​យើង​មានឱកាស​កសាង​ឡើង​វិញ​ក្នុង​រយៈពេល​តែ​ជាង​២០​ឆ្នាំ​ទេ​។ ​យើង​ខំប្រឹង​រត់​រហូត​នាំមុខ​ប្រទេស​មួយ​ចំនួន​ហើយ​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​៧​ក្នុងចំណោម​ប្រទេស​១៧៤​ នៅលើ​ពិភពលោក​ជា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​រត់​លឿន​ជាងគេ​ហើយ​ជាប់​ចំណាត់ថ្នាក់​លេខ​៤​ នៅ​លើ​ពិភពលោក​ជា​ប្រទេស​កាត់បន្ថយ​ភាព​ក្រីក្រ​លឿន​ជាងគេ​។ នេះ​គឺជា​មោទនភាព​របស់​យើង​ ដែល​បច្ចុប្បន្ននេះ​កម្ពុជា​ ប្លែក​ពីមុន ​យើង​មាន​អគារ​ខ្ពស់ៗ​ច្រើន​ ជីវភាព ធូរធារ​ជាង​មុន ​ទេសចរ​រាប់លាន​នាក់​ស្គាល់​កម្ពុជា​ តាមរយៈ​ការស្ទង់មតិ​ទេសចរ​​នៅលើ​ពិភព​លោក ដែល​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ​១​ ជា​កន្លែង​ល្អ​ជាងគេ​នៅលើ​ពិភពលោក​។​

ឯកឧត្តម ​ សង្កត់ធ្ងន់ថា​ សមិទ្ធផល​ច្រើនណាស់​ដែល​ខិតខំ​កសាង​រួមគ្នា ​នេះ​ជា​លទ្ធភាព​និង​សមត្ថភាព​ដែល​យើង​កសាង​បាន​ដែល​លទ្ធភាព​ទាំងនេះ​បាន​មកពី​សេដ្ឋី​ចិត្តបុណ្យ​នៃ​កេរ្តិ៍ឈ្មោះ សេដ្ឋី​ នៃ​ចំណេះដឹង សីលធម៌ គុណធម៌ ដៃល​ជា​ធនធាន​ទទួល​បាន​ការ​បណ្តុះបណ្តាល​ចាប់ពី​ឆ្នាំ​១៩៧៩​ មក ហើយ​បាន​ចូលរួម​ដឹកនាំ​កសាង​អភិវឌ្ឍ​ន៍​ប្រទេស​ដោយ​ផ្ទាល់​លើ​គ្រប់​វិស័យ​និង​ចូលរួម​កសាង​ធនធានមនុស្ស​បន្ថែម​សម្រាប់​សង្គមជាតិ​ និង​ធ្វើឱ្យ​មាន​ការ​រីក​ចម្រើន​ដល់​ប៉ុណ្ណេះ​។

ឯកឧត្តម បន្ថែមថា ​វិស័យ​អប់រំ​នេះហើយ​បានធ្វើឱ្យ​ប្រទេស​មានការ​រីកចម្រើន​មកដល់​សព្វថ្ងៃនេះ ហើយ​នេះ​ជា​មូលដ្ឋាន​រឹងមាំ​ហើយ​ រាជរដ្ឋាភិបាល​យកចិត្ត​ទុកដាក់​ណាស់​ទៅលើ​ការងារ​នេះ​ជា​អាទិភាព​របស់​រាជរ​ដ្ឋា​ភិ​បាល​។​ជាក់​ស្តែង​ការចំណាយ​របស់​រាជ​រ​ដ្ឋា​ភិ​បាល​ខ្ពស់​លើ​វិស័យ​អប់រំ​បើ​ប្រៀបធៀប​នឹង​វិស័យ​ផ្សេងៗ​ ដែល​៨០%​នៃ​ថវិកាជាតិ​អនុម័ត​ដោយ​សភា​ ផ្តោត​សំខាន់​លើ​យកចិត្តទុកដាក់​លើ​ជីវភាព​របស់​លោក​គ្រូ ​អ្នកគ្រូ​តាមរយៈ​ការ​ដំឡើង​​ប្រាក់បៀវត្ស​លោកគ្រូ អ្នកគ្រូ ការ​បណ្តុះបណ្តាល​សមត្ថ​ភាព និង​បង្កើន​លទ្ធភាព​លោកគ្រូ អ្នកគ្រូ ​ក្នុង​ការ​ចែករំលែក​ចំណេះដឹង​ដល់​សិស្សានុសិស្ស ​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​វិស័យ​អប់រំ​។ នេះ​គឺជា​ការ​យកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល​និង​ជា​មោទនភាព​របស់​វិស័យ​អប់រំ​របស់​យើង​។​

ឯកឧត្តម ​ ហ៊ុន ម៉ា​ណែ​ត​ បានបញ្ជាក់​ទៀត​ថា ​អនាគតកាល​គឺ​ផ្អែកលើ​លំនឹង​សុខសន្តិភាព លំនឹង   ​ស្ថេរភាព ទិសដៅ​ផែនការ និង​គោលនយោបាយ​ច្បាស់លាស់​ និង​ចក្ខុវិស័យ​វែងឆ្ងាយ​។​ និរន្តរភាព​នៃ​សន្តិភាព ស្ថេរភាព ​និរន្តរភាព​នៃ​ការដឹកនាំ​នេះ​សំខាន់​ណាស់​ព្រោះ​និរន្តរភាព​ទាំងនេះ​នឹង​ធានា​ដល់​និរន្តរភាព​ផ្សេងទៀត​។ អ្វីដែល​យើង​មាន​សព្វថ្ងៃនេះ ​គឺជា​មោទនភាព ​ប៉ុន្តែ​ដែល​សំខាន់​ជាង​នេះ​គឺ​បន្ត​និរន្តរភាព​ រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ​ហ៊ុន សែន គឺមាន​ធនធាន​មនុស្ស​ដែល​មាន​បទពិសោធន៍​គ្រប់គ្រាន់​ក្នុង​ការ​ដឹកនាំ​ប្រទេស ក្នុង​ការ​ថែរក្សា​សុខ​សន្តិភាព ស្ថេរភាព ​និង​មាន​គោលនយោបាយ​ច្បាស់លាស់ ​សូម​លោកគ្រូ អ្នកគ្រូ បន្ត​ជឿ​ទុកចិត្ត​ចំពោះ​ការដឹកនាំ​របស់​រាជ​រ​ដ្ឋា​ភិ​បាល​ដែល​មាន​សម្តេច ហ៊ុន សែន ​ដឹកនាំ​ ​ដូច្នេះ​សូម​លោកគ្រូ អ្នកគ្រូ អញ្ជើញ​ទៅ​បោះឆ្នោត​ទាំង​អស់គ្នា​៕

បទសម្ភាសន៍ ជាមួយលោកគ្រូ អ្នកគ្រូ នៅខេត្តកំពង់ធំ

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ