ព្រឹតិ្តការណ៍ថ្មីៗ

ទីបំផុត! ឧកញ៉ាផ្កាយ៣ ហូ​ ចំរើន​ ត្រូវតុលាកាសម្រេចចោទប្រកាន់ពីបទ «គំរាមកំហែងថានឹងសម្លាប់»

4 ខែ មុន 1358 តូ សុផល

ភ្នំពេញ​៖ នៅវេលាម៉ោងប្រមាណ៣រសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨នេះ លោក​ សៀង​ សុខ​ ព្រះ​រាជ​អាជ្ញា​រង ​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី

ភ្នំពេញ​ បានបញ្ចប់ការសួរនាំ​ឧកញ៉ា​ ហូ​ ចំរើន​ ដោយសម្រេចចោទប្រកាន់ពីបទ «គំរាមកំហែងថានឹងសម្លាប់»។ នេះបើយោងតាមមន្រ្តីតុលាការជាន់ខ្ពស់ បានប្រាប់នៅមុននេះបន្តិច។

ឧកញ៉ា​ហូ​ ចំរើន​ ត្រូវចោទប្រកាន់ពី​បទ «គំរាមកំហែង​ថា​នឹង​សម្លាប់»​ តាម​មាត្រា​២៣៣ នៃ​ក្រម​ព្រហ្មទណ្ឌ​ ដែលអាចផ្តន្ទាទោសពី៦ ខែទៅ២ឆ្នាំ និងពិន័យជាប្រាក់ពី១លានរៀល ទៅ៤លានរៀល។ បន្ទាប់ពីការចោទប្រកាន់រួច លោក សៀង សុខ បានបញ្ជូនទៅដៃដល់ចៅក្រម ដើម្បីបន្តចាត់ការតាមនីតិវិធី។

ការចោទប្រកាន់នេះដូចគ្នាទៅនឹងបទចោទប្រកាន់លើលោកឧកញ៉ាផ្កាយ៣ ហ៊ុន ជា ក្មួយលោកនាយករដ្ឋមន្ត្រីផងដែរ

សូមបញ្ជាក់ផងដែរថា មន្ត្រីជាន់ខ្ពស់នៅអគ្គស្នងការដ្ឋាននគរបាលជាតិបានអោយដឹងថា​ ឯកឧត្ដម​ឧត្ដមសេនីយ៍​ឯកឧកញ៉ា​ ហូ​ ចំរើន​ ត្រូវបានសមត្ថកិច្ចនគរបាលក្រសួងមហាផ្ទៃឃាត់ខ្លួនមកសាកសួរជុំវិញករណីផ្ទុះអាវុធកាលពីចុងខែមេសា​ កន្លងមក​ នៅសង្កាត់​ ព្រៃស​ ខណ្ឌ​ដង្កោរ​ ។

បន្ទាប់ពីសាកសួររួច​សមត្ថកិច្ច​នឹងរៀបចំសំណុំរឿងបញ្ជូន​ ឯកឧត្ដម​ឧត្ដមសេនីយ៍ឯក​ឧកញ៉ា​ ហូ​ ចំរើន​ ទៅសាលាដំបូងរាជធានីភ្នំពេញ​ ដើម្បី​ចាត់ការបន្តតាមផ្លូវច្បាប់​ ។

សូមបញ្ជាក់ថា វាពិតជាខ្លាំងអស្ចារ្យ មហាលោតផ្លោះផង់គេមែន ពោលគឺបុរសខ្លាំងថ្នាក់ឧត្តមសេនីយ៍ឯក ផ្កាយ៣ យោធា លោក ហូ ចំរើន ដែលទើបតែត្រូវទទួលបានបរមងារជាឧកញ៉ាថ្មីៗពីព្រះមហាក្សត្រ តបតាមការស្នើរសុំពីសំណាក់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីសប្តាហ៍មុននោះ ស្រាប់តែ នៅល្ងាចថ្ងៃសៅរ៍ទី២១ ខែមេសា ឆ្នាំ២០១៨ នេះ បានបង្ហាញឫទ្ធិអំណាចដកកាំភ្លើងបាញ់ជិត២០គ្រាប់ នៅក្នុងភូមិគ្រឹះដ៏ស្តុកស្តម្ភរបស់លោក ធ្វើឲ្យផ្អើលអស់សមត្ថកិច្ចខណ្ឌដង្កោរ និងក្រុងចុះទៅអន្តរាគមន៍ ហើយករណីនេះត្រូវបានគេអះអាងចេញមកខាងក្រៅឱ្យដឹងថា លោកឧកញ៉ាដ៍មហិមារូបនេះបាញ់ គំរាមប្រពន្ធ និងម្តាយក្មេក ទៅវិញ ពិតជាសឿងបឿងមែន។

បើតាមសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា នៅរសៀលថ្ងៃទី២១ខែមេសាឆ្នាំ២០១៨នេះ សមត្ថកិច្ចមូលដ្ឋានទាំងពីរស្ថាប័នមាននគរបាល និងកងរាជអាវុធហត្ថ ផ្អើលស្លន់ស្លោ ក្រោយពីមានករណីផ្ទុះអាវុធនៅក្នុងភូមិគ្រឹះដ៍ធំស្គឹមស្គៃរបស់លោកឧកញ៉ា ហូ ចំរើន ស្ថិតនៅក្នុងភូមិរកា សង្កាត់ព្រៃស ខណ្ឌដង្កោរ រាជធានីភ្នំពេញ ដោយសង្ស័យថា លោកឧកញ៉ាបាញ់គំរាមភរិយា និងម្តាយក្មេក។

សមត្ថកិច្ចមូលដ្ឋាន បានទៅដល់កន្លែងផ្ទុះអាវុធ ដើម្បីធ្វើកំណត់ហេតុ ប៉ុន្តែមិនដឹងថា ឧកញ៉ារូបនេះមានបញ្ហាក្តៅក្រហាយពីរឿងអ្វីទេ បានជាដកកាំភ្លើងបាញ់លាន់ទ្រហឹងក្នុងភូមិគ្រឹះ និងបង្កឱ្យភ្ញាក់ផ្អើលដល់អ្នកដទៃបែបនេះនោះទេ។

មន្ត្រីសមត្ថកិច្ចមូលដ្ឋានបានបង្ហើបឲ្យដឹងថា ករណីផ្ទុះអាវុធនេះ បានបង្កឡើងដោយលោកឧកញ៉ា ហូ ចំរើន ផ្ទាល់តែម្តង ដោយបាញ់គំរាមភរិយា និងម្តាយក្មេក ប៉ុន្តែទោះបីជាយ៉ាងណាមិនទាន់មានប្រភពបញ្ជាក់ពីដើមចមនៃករណីដែលធ្វើឱ្យលោកឧកញ់ថ្មីថ្មិងនេះឈានទៅដល់ការ ផ្ទុះអាវុធនេះនៅឡើយទេ។

បើតាមមន្ត្រីនគរបាលបានបង្ហើបប្រាប់ថា ជនបង្ករគឺលោក​ឧត្ដមសេនីយ៍ឯក ឧកញ៉ា​ ហូ ចំរើន អាយុ៣៨ឆ្នាំ ស្នាក់នៅទីតាំងកើតហេតុខាងលើ មុខរបរមន្ត្រីយោធា ថ្នាក់ឧត្តមសេនីយ៍ឯក ផ្កាយ៣ ។

ចំណែកជនរងគ្រោះដែលត្រូវឧត្តមសេនីយ៍ឯក ឧកញ៉ា ហូ ចំរើន បាញ់គំរាមនោះ មានឈ្មោះ
១-យិន គារ ភេទប្រុស អាយុ៥៦ឆ្នាំ ស្នាក់នៅទីតាំកើតហេតុខាងលើ
២-ផន ទៀង ភេទស្រី អាយុ៥១ឆ្នាំ ស្នាក់នៅទីតាំងកើតហេតុខាងលើ
៣- លោកស្រីឧកញ៉ា គារ សុខគាង ភេទស្រី អាយុ១៩ឆ្នាំ ស្នាក់នៅទីតាំងកើតហេតុខាងលើ(ជាភរិយាឧកញ៉ាហូ ចំរើន)

មន្ត្រីនគរបាលដដែលនោះបង្ហើបឱ្យដឹងទៀតថា មូលហេតុទំនាស់ក្នុងគ្រួសារ ដោយមិនបណ្តាលអោយជនរងគ្រោះខាងលើរងរបួស​ ឬបាត់បងជីវិតឡើយ ក្រោយមកទៀតជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឱ្យជួយអន្តរាគមន៍ ។

ក្នុងករណីនេះសមត្ថកិច្ចពុំទានហ៊ាននាំខ្លួនលោកឧកញ៉ារូបនេះយកទៅសសក់សួរនៅកន្លែងសមត្ថកិច្ចទេ បានត្រឹមតែ ចុះទៅធ្វើកំណត់ហេតុតែប៉ុណ្ណោះ ។ នេះគេមិនដឹងថាលោកឧកញ៉ារូបនេះមានឥទ្ធិពល និងអំណាចខ្លាំងខ្លាប៉ុណ្ណានោះទេ។ តែបើជនសាមញ្ញវិញ បើហ៊ានផ្ទុះអាវុធតែ១គ្រាប់ ច្បាស់ជា ដៃជាប់ខ្នោះ រុញចូលឡាន យកទៅសាកសួរនិងកសាងសំណុំរឿងបាត់ទៅហើយ។

លោក ហូ ចំរើន និងភរិយាឈ្មោះ គារ សុខគាង ទើបនិងរៀបការថ្មីថ្មោងយ៉ាងគគ្រឹកគគ្រេងនាពេលថ្មីៗ ហើយទើបតែត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងងារជាឧកញ៉ាទាំងពីរនាក់ កាលពីថ្ងៃទី១២​​​ ខែមេសា ឆ្នាំ២០១៨កន្លងទៅថ្មីៗនេះ តបតាមការស្នើរសុំពីតែងតាំងពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ពោលគឺលោកឧកញ៉ានងលោកជំទាវឧកញ៉ា ទើបតែរីករាយនឹងងារជាឧកញ៉ាបាន៩ថ្ងៃប៉ុណ្ណោះ ក៏កើតមានករណីបាញ់បង្ហាញឫទ្ធិអំណាចបែបនេះតែម្តង។ ដែលករណីនេះហាក់បីដូចជាលោកឧកញ៉ា មានចេតនា ចង់បំបាក់មុខមាត់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានស្នើរទៅព្រះមហាក្សត្រតែតាំងជាឧកញ៉ា ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសយ៉ាងខ្លាំង ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ