ព្រឹតិ្តការណ៍ថ្មីៗ

រថយន្តស្ទូចបើកបុកម៉ូតូកំពុងឈប់រុញផ្ទប់នឹងរថយន្តលាយបេតុង របួសធ្ងន់៣នាក់

5 ថ្ងៃ មុន 260 តូ សុផល

ភ្នំពេញ ៖ យ៉ាងហោចណាស់មនុស្ស៣នាក់រងរបួសធ្ងន់ បាក់ដៃជើង បែកក្បាល បន្ទាប់ពីមានរថយន្តស្ទូចបើកបុកម៉ូតូស្កុបពីកំពុងឈប់រុញផ្ទប់ទៅនឹងរថយន្តដឹកបេតុង កាលពីវេលាម៉ោង៥ ល្ងាចថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវហាណូយ មុខធនាគាជាតិ ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

ជនរងគ្រោះឈ្មោះ ស៊ឹម ឈិត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករ ជាអ្នកបើកបរម៉ូតូ រួមដំណើរជាមួយឈ្មោះ នី ពិសី ភេទស្រី អាយុ១៨ឆ្នាំ មុខរបរលក់គ្រឿងសំណង់ និងឈ្មោះ ចិត្ត សុភាពភេទស្រី អាយុ៥១ឆ្នាំ មុខរបរ ចុងភៅ ទាំង៣នាក់ស្នាក់នៅភូមិក្រុងថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។ ចំណែករថយន្តបង្ក ម៉ាក ហុីយ៉ាន់ដាយ ស្ទូច ពណ៌ខៀវ អ្នកបើកបរក្រោយកើតហេតុគេចខ្លួនបាត់ ។ រីឯរថយន្តមួយគ្រឿងទៀត ជារថយន្តដឹកបេតុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 5A-2182 ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ រថយន្តដឹកបេតុង បើកពីជើងទៅត្បូងលុះដល់ចំណុចកើតហេតុ ដោយសារចរាចរណ៍ចង្អៀតកកស្ទះ រថយន្តបានឈប់បើកសុីញ៉ូ រងចាំបត់ឆ្លងផ្លូវត្រឡប់ក្រោយ ហើយម៉ូតូជនរងគ្រោះក៏បានឈប់ក្បែររថយន្តដឹកបេតុងដែរ ស្រាប់តែរថយន្តស្ទូចជារថយន្តបង្កបើកពីជើងទៅត្បូងស្របទិសគ្នា មកដល់បុករុញម៉ូតូទៅផ្ទប់នឹងរថយន្តដឹកបេតុង បណ្តាលឲ្យមនុស្សប្រុសស្រី៣នាក់រងរបួស ហើយអ្នកបើកបររថយន្តបង្ក ចុះគេចខ្លួនបាត់ ។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានដឹកបញ្ជូនទៅសង្រ្គោះនៅគ្លីនិកឯកជន ចំណែករថយន្ត២គ្រឿង ម៉ូតូមួយគ្រឿងសមត្ថកិច្ចចុះទៅវាស់វែងរួចយកទៅរក្សាទុកនៅផ្នែកជំនាញអធិការដ្ឋានរងចាំដោះស្រាយពេលក្រោយ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ