ព្រឹតិ្តការណ៍ថ្មីៗ

ភ្ញៀវទេសចរ សម្រុកទៅកំសាន្តនៅខេត្តមណ្ឌលគិរី យ៉ាងច្រើននាថ្ងៃឈប់សម្រាកនេះ!

2 ខែ មុន 43 តូ សុផល

មណ្ឌលគិរី ៖ ដោយសារតែប្រទេសជាតិ មានសុខសន្តិភាព និងមានការអភិវឌ្ឍន៍រីកចម្រើន លើគ្រប់វិស័យជាក់ស្តែង ខេត្តមណ្ឌលគិរី ដែលរាជរដ្ឋាភិបាលកម្ពុជា បានតភ្ជាប់់ផ្លូវជាតិលេខ៧៦A ពីស្រុកស្នូលខេត្ត ក្រចេះ រហូតមកដល់ក្រុងសែនមនោរម្យ ទឹកដី នៃខេត្តមណ្ឌលគិរី ហើយបន្តទៅខេត្តស្ទឹងត្រែង និងខេត្ត រតនគិរី ដូច្នេះធ្វើអោយភ្ញៀវទេសចរមានការកើនឡើងជារៀងរាល់ឆ្នាំ។

លោក ងិន សុវិមាន ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី បានឲ្យដឹងថា នៅក្នុងឱកាសថ្ងៃឈប់សម្រាករយះពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៣ដល់ថ្ងៃ១៥នេះ ក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឆ្នាំ២០១៨នេះ ខេត្ត មណ្ឌលគិរី ភ្ញៀវទេសចរសរុបមានចំនួន ១៨.២៧២នាក់ ក្នុងនោះ ភ្ញៀវទេសចរជាតិមានចំនួន ១៨.០៧៨នាក់ ភ្ញៀវទេសចរអន្តរជាតិមានចំនួន ១៩៤នាក់ ចំនួននេះនៅតែបន្តកើនឡើង បើធៀបនឹងឆ្នាំ២០១៧ ភ្ញៀវទេសចរសរុបមានចំនួន ១១៧៩៩នាក់ ក្នុងនោះភ្ញៀវទេសចរជាតិ មានចំនួន១១.៦២៧នាក់ ភ្ញៀវទេសចរអន្តរជាតិ មានចំនួន ១៧២នាក់ ភ្ញៀវទេសចរកើនសរុប ៥៤.៨៦% ភ្ញៀវទេសចរអន្តរជាតិកើន ១២.៧៩%។

លោកប្រធានមន្ទីរទេសចរណ៍ បានឲ្យដឹងទៀត កត្តាដែលទាក់ទាញភ្ញៀវទេសចរណ៍មកលេងកម្សាន្តក្នុងខេត្តមណ្ឌលគិរីកាន់តែច្រើនឡើងបែបនេះ ដោយសារតែខេត្តមណ្ឌលគិរី ជាខេត្តមួយដែលមានអាកាសធាតុត្រជាក់ សំបូរធនធានធម្មជាតិ និងរមណីដ្ឋានជាច្រើន ជាពិសេសនោះ ខេត្តមួយនេះបានរឹតបន្តឹងនូវសន្តិសុខជូនភ្ញៀវទេសចរណ៍យ៉ាងល្អប្រសើរ ចំណែកប្រព័ន្ធផ្លូវថ្នល់ទៀតនោះនៅតំបន់ភូមិភាគឥសាន្តក៏បានតភ្ជាប់គ្នាយ៉ាងល្អប្រណិតផងដែរ។

លោកបានបន្តថា ភ្ញៀវទេសចរណ៍ដែលមកកម្សាន្តនៅខេត្តមណ្ឌលគិរីភាគច្រើនតែងតែឡើងទៅរមណីដ្ឋានវប្បធម៍ភ្នំដោះក្រមុំដើម្បីបូងសួងសុំសេចក្តីសុខសេចក្តីចម្រើន និងទៅទស្សនារមណីដ្ឋានសមុទ្រឈើ ជាពិសេស រមណីដ្ឋានទឹកជ្រោះប៊ូស្រាតែម្តង។

ក្នុងឱកាសឈប់សម្រាកនេះដែរ ក្រៅពីការទស្សនា និងកម្សាន្តតាមរមណីយដ្ឋានទឹកជ្រោះធម្មជាតិ ភូមិជនជាតិដើមភាគតិច និងតំបន់រមណីយដ្ឋានវប្បធម៌នោះ គឺមានភ្ញៀវខ្លះបានចាប់អារម្មណ៍ខ្លាំងលើបរិយាកាសធម្មជាតិ ដោយពួកគាត់ចូលចិត្តអង្គុយលេងនៅតាមវាលស្មៅដែលគ្របដណ្ដប់លើភ្នំ ដោយភ្ជាប់ជាមួយអាហារវិចខ្ចប់ស្រាប់មកញាំគយគន់ជាលក្ខណៈគ្រួសារយ៉ាងសប្បាយរីករាយផងដែរ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ