ព្រឹតិ្តការណ៍ថ្មីៗ

សម្ព័ន្ធចោរលួច កាច់សោ “ក” ម៉ូតូ មួយសំបុក ត្រូវបានបំបែកដោយព័ត៌មានសម្ងាត់ របស់អាវុធហត្ថរាជធានីភ្នំពេញ!

5 ខែ មុន 614 តូ សុផល

ភ្នំពេញ៖ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨ អាវុធហត្ថរាជធានីភ្នំពេញ បានទទួលព័ត៌មានសម្ងាត់ ពីភ្នាក់ងារផ្តល់ព័ត៌មានក្តាប់បានដំណឹងថា មានជនសង្ស័យម្នាក់ បានជិះម៉ូតូ០១គ្រឿង ម៉ាកស្កូបពី ពណ៌ស ពីខេត្តសៀមរាប មកផ្ញើទុកនៅក្នុងមន្ទីរពេទ្យមិត្តភាព កម្ពុជា-ភាពសូវៀត ហៅពេទ្យរ៉ុស្ស៊ី។ ក្រោយពេលទទួលបានព័ត៌មាន កម្លាំងជំនាញនៃការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានសហការណ៍ជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ ចុះស្រាវជ្រាវជាក់ស្តែង រហូតដល់វេលាម៉ោង ១៣ និង ៣០នាទី ថ្ងៃដដែល សមត្ថកិច្ចអាវុធហត្ថ បានធ្វើការឃាត់ខ្លួន ជនសង្ស័យម្នាក់ និង ដកហូតបានម៉ូតូ០១គ្រឿង ម៉ាកស្កូបពី ពណ៌ស ស្លាកលេខ ភ្នំពេញ 1GJ-9589 (ជាស្លាកលេខក្លែងបន្លំ) នៅមុខមន្ទីរពេទ្យ រ៉ុស្សី។

តាមវិធានការណ៍ជំនាញរបស់អាវុធហត្ថរាជធានីភ្នំពេញ ជនសង្ស័យបានសារភាពថា រូបគេមានឈ្មោះ គឹម ណាយ៉ា ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរព្រូឡាន ស្នាក់នៅ សង្កាត់កោះកុង ក្រុងកោះកុង ខេត្តកោះកុង។ រីឯម៉ូតូ០១គ្រឿង ម៉ាកស្កូបពីខាងលើ ពុំមែនជារបស់រូបគេឡើយ ដោយរូបគេគ្រាន់តែត្រូវបានជនម្នាក់ឈ្មោះ សិទ្ធិ ហៅ ឌី ស្នាក់នៅឯខេត្តសៀមរាប ប្រាប់ឲ្យមកទទួលម៉ូតូ ពីបុរស់ម្នាក់ នៅពេទ្យរ៉ុស្ស៊ី និង យកថ្នាំញៀន ០១កញ្ចប់ ប្រគល់ឲ្យបុរសនោះត្រឡប់ទៅវិញ។ ហើយថ្នាំញៀន ដែលប្រគល់ឲ្យទៅបុរស ជាអ្នកជិះម៉ូតូមកពីសៀមរាបនោះ គឺឈ្មោះ សិទ្ធិ ហៅ ឌី ដែលនៅឯខេត្តសៀមរាប បានឲ្យរូបខ្លួន ទៅទទួលយកពីបុរសម្នាក់ផ្សេងទៀត នៅក្រោមស្ពានអាកាសស្ទឹងមានជ័យ។

ក្រោយពេលក្តាប់ព័ត៌មានបានយ៉ាងច្បាស់លាស់ថា ជនសង្ស័យដែលជាមេក្លោង ឈ្មោះ សិទ្ធិ ហៅ ឌី កំពុងលាក់ខ្លួន នៅក្នុងបន្ទប់លេខ៥ ផ្ទះសំណាក់ម៉ានីអង្គរ ខេត្តសៀមរាប អាវុធហត្ថរាជធានីភ្នំពេញបានផ្តល់ព័ត៌មានស្តីពី អត្តសញ្ញាណ, រូបថត និងទីតាំង ទៅដល់អាវុធហត្ថខេត្តសៀមរាប ដើម្បីចុះស្រាវជ្រាវ។ រហូតដល់វេលាម៉ោង ១៨និង០០នាទី ថ្ងៃដដែល អាវុធហត្ថខេត្តសៀមរាប បានឃាត់ខ្លួន ជនសង្ស័យ ០៣នាក់ជាបន្តបន្ទាប់ តាមការចង្អុលបង្ហាញរបស់អាវុធហត្ថរាជធានីភ្នំពេញ និងចាប់យកវត្ថុតាងមួយចំនួនដូចជា៖ ស្លាកលេខម៉ូតូ ចំនួន ១១ បន្ទះ, ម៉ូតូចំនួន ០២គ្រឿង គឺម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ ២០១៨ ពណ៌ខ្មៅ លេខតួ/លេខម៉ាស៊ីន 5237632 (ពាក់ស្លាកលេខក្លែងបន្លំ ព្រៃវែង1L-6558 ) និង ម៉ាកហុងដាហ្សូមម័រអ៊ិច ពណ៌ក្រហមលាយខ្មៅ ស៊េរីឆ្នាំ ២០១៧ លេខតួ/លេខម៉ាស៊ីន 5118483 (ពាក់ស្លាកលេខក្លែងបន្លំ ភ្នំពេញ1GY-1279) ព្រមទាំងសម្ភារៈកាច់សោ “ក” មួយចំនួនធំ ។

នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨ កម្លាំងអាវុធហត្ថខេត្តសៀមរាប បានសហការណ៍ជាមួយកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ និង មូលដ្ឋានអាវុធហត្ថខណ្ឌសែនសុខ បើកការស្រាវជ្រាវបន្ត រហូតឈានដល់ធ្វើការឃាត់ខ្លួន ជនសង្ស័យម្នាក់ទៀត ឈ្មោះ សំ រស្មី អាយុ២៧ឆ្នាំ នៅចំណុចភូមិ០២ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលជននេះ គឺជាអ្នកចាត់ចែង យកម៉ូតូដែលលួចបាន ទៅលក់បន្ត ព្រមទាំងចាប់យកវត្ថុតាងរួមមានម៉ូតូម៉ាកC B Rពណ៍ខ្មៅបិតស្គុតពណ៍ក្រហម ០១គ្រឿង ស្លាកលេខ ព្រះសីហនុ 1F-0322 ជាម៉ូតូលួចកាច់សោ “ក” មកពីខេត្តសៀមរាប និងបាន ទៅឆែកឆេរនៅបន្ទប់ជួលរបស់ជនសង្ស័យ រកឃើញគ្រឿង ញៀនប្រភេទក្រាមពណ៌ស ០១កញ្ចប់ធំ និង១២កញ្ចប់តូច, ជញ្ជីងថ្លឹង០១, ថង់ច្រកគ្រឿង ញៀនមួយចំនួន, កញ្ឆាក្រៀម០១ស្បោង, បំពង់ជក់០១, សោ០១ឈុតធំ, ម៉ូទ័រ០៣គ្រឿង។

បច្ចុប្បន្ន សម្ព័ន្ធចោរលួច កាច់សោ “ក” ម៉ូតូ ទាំង៥នាក់ ត្រូវបានប្រគល់ជូន កំលាំងជំនាញ កងរាជអាវុធហត្ថខេត្តសៀមរាប បន្តនិតិវិធី។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ