ព្រៃវែង ៖ ឯកឧត្តម ហ៊ុន ម៉ាណែត បានបញ្ជាក់ថា លោកគ្រូ–អ្នកគ្រូគឺជាឳពុកម្តាយទីពីរ បន្ទាប់ពីឳពុក-ម្តាយបង្កើត បានបង្កើត និងបីបាច់ថែរក្សាអោយកូនចៅធំធាត់
និងបានចូលរួមអប់រំមួយចំនួន តែលោកគ្រូ-អ្នកគ្រូ បានដើរតួធ្វើអោយមនុស្សម្នាក់ក្លាយទៅជាមនុស្សពេញលក្ខណៈ ក្លាយជាធនធានរបស់សង្គម ដែលប្រកបដោយបញ្ញាញាណ ចំណេះដឹង សមត្ថភាព គុណធម៌ និងសីលធម៌ ហើយកត្តានេះហើយ ដែលសំខាន់សម្រាប់កសាងសង្គមជាតិ។
ឯកឧត្តម ហ៊ុន ម៉ាណែត តំណាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រសាសន៍ក្នុងពិធីសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូ ក្នុងខេត្តព្រៃវែង ចំនួន៨៦៧នាក់ ក្នុងខេត្តព្រៃវែង នាថ្ងៃអាទិត្យ ទី១៣ ឧសភា ២០១៨។
ឯកឧត្តម ហ៊ុន ម៉ាណែត ពាំនាំការផ្ដាំផ្ញើនូវការសួរសុខទុក្ខ និងថ្លែងអំណរគុណពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជូនដល់លោកគ្រូអ្នកគ្រូទាំងអស់នៅក្នុងខេត្តព្រៃវែង ដែលបានខិតខំប្រឹងប្រែងក្នុងការបង្រៀនដល់សិស្សានុសិស្ស ដើម្បីជាការចូលរួមក្នុងការកសាងនូវអនាគតរបស់យុវជនរបស់យើង និងចូលរួមក្នុងកសាងប្រទេសជាតិរបស់យើង។
ឯកឧត្តម បន្ដថា មនុស្សម្នាក់ៗមិនមានតែរូបរាង្គកាយសម្បទា តែមួយមុខនោះទេ មនុស្សម្នាក់ៗត្រូវមានទាំងកាយសម្បទា និងទាំងចំណេះដឹង គុណធម៌ សីលធម៌ដើម្បីធ្វើជាធនធានមួយល្អក្នុងសង្គម ហើយនេះគឺជាភារកិច្ចរបស់លោកគ្រូអ្នកគ្រូដែលមានក្នុងការអប់រំនិងបានបណ្តុះបណ្តាលដល់សិស្សានុសិស្ស។ ក្នុងសម័យទំនើប សម័យប្រព័ន្ធបច្ចេកវិទ្យាបានផ្តល់ឱកាសជាច្រើនដល់យុវជន ក្នុងការស្រាវជ្រាវនិងទទួលយកព័ត៌មានផ្សេងៗ ក្នុងនោះរឿងល្អ រឿងអាក្រក់នៅជាមួយគ្នា ដូចនេះ ដើម្បីជៀសវាងនូវរឿងទាំងនោះ គឺមានតែការអប់រំនៅក្នុងសាលា គឺភារកិច្ចរបស់លោកគ្រូអ្នកគ្រូនេះហើយដែលធ្វើអោយគាត់ដឹងយល់ច្បាស់ពីគុណតម្លៃ សីលធម៌ គុណធម៌ ។
ឯកឧត្តម បានបន្ថែមថា មនុស្សម្នាក់មិនមានឱកាស ទទួលបានការអប់រំក្នុងសាលាជាធនធានមួយដែលមានកំរិត ប៉ុន្តែបើមនុស្សម្នាក់មានសមត្ថភាព មានចំណេះដឹងខ្ពស់មិនប្រកបដោយគន្លងគុណធម៌ ក៏អាចក្លាយទៅជាបញ្ហាមួយសម្រាប់ប្រទេសជាតិវិញដែរ ជាឧទាហរណ៍ អ្នកដឹកនាំក្នុងរបបខ្មែរក្រហម គឺសុទ្ធតែបណ្ឌិតមកពីបរទេស ដោយសារតែគាត់ ទទួលយកនូវនយោបាយមួយដែលមិនផ្អែកលើគុណបុណ្យ គុណធម៌ សីលធម៌ គាត់ចង់លាងសង្គមមួយ ដែលគាត់គត់ថាមិនស្អាតស្អំ អោយក្លាយជាសង្គមមួយស្អាតស្អំ ទីបំផុតគឺប្រជាជនស្លាប់រាប់លាននាក់។
ឯកឧត្តម ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា ប្រទេសយើងធ្លាប់មានស្លាកស្នាមដ៏អាក្រក់បំផុត ដែលយើងមិនអាចបំភ្លេចបានទេ នៅពេលនោះបរទេសមិនបានស្គាល់ថាខ្មែរនៅកន្លែងណានោះទេ គឺគេស្គាល់តែប៉ុលពត ឫKilling Field ដែលកាប់សំលាប់ខ្មែរយ៉ាងសាហាវនៅពេលនោះ ជាមូលហេតុនេះយើងត្រូវចងចាំ ហើយកុំអោយប្រវត្តិសាស្ត្រនោះ កើតឡើងម្តងទៀត ហើយមូលហេតុនេះហើយដែលធ្វើអោយយើងដើរយឺត។អ្វីដែលយើងចង់បានគឺចង់អោយប្រទេសយើងដើរទៅមុខ ពីមុនគេមិនស្គាល់កម្ពុជាជាអ្វី ប៉ុន្តែពេលនេះ គេបានស្គាល់កម្ពុជាថា ជាទឹកដីដែលមានប្រជាពលរដ្ឋល្អ ហើយស្មោះត្រង់។
ឯកឧត្តម ប្រសាសន៍ទៀតថា វិស័យអប់រំ គឺជាការវិនិយោគធនធានមនុស្ស ហេតុនេះហើយទើបរាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្លាំងជាងវិស័យផ្សេងៗទៀត ដែលរាជរដ្ឋាភិបាលបានខិតខំកសាងសាលាចាប់ពីមតេយ្យរហូតដល់វិទ្យាល័យទៅដល់មូលដ្ឋានទូទាំងប្រទេស ដើម្បីកូនចៅប្រជាពលរដ្ឋមានឱកាស និងលទ្ធភាពបានចូលរៀនទាំងអស់គ្នា។ ជាមួយគ្នានេះ សាកលវិទ្យាល័យជាច្រើនក៏ត្រូវបានបង្កើត ដែលបានផ្តល់ឱកាសដល់យុវជនយើងបានបន្តការសិក្សា ដែលរហូតពេលនេះយើងបានបណ្តុះបណ្តាលធនធានមនុស្សគ្រប់វិស័យ និងប្រកបដោយសក្ដានុពលដែលបានចូលរួមជំរុញអោយប្រទេសរបស់យើងកាន់តែដើរលឿនទៅមុខបន្ថែមទៀត។
ឯកឧត្តម ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា «គ្មានអ្នកណាជួយយើង ក្រៅពីខ្មែរយើងខ្លួនឯងនោះ» ខ្មែរធ្វើអោយខ្មែរយើងខ្លាំង ហើយខ្មែរខ្លួនឯងដែលធ្វើអោយខ្លួនឯងខ្សោយដែរ សូមកុំពឹងបរទេស បរទេសគេត្រូវគិតពីផលប្រយោជន៍ប្រទេសរបស់គេ ហេតុនេះហើយដែលយើងខិតខំវិនិយោគវិស័យអប់រំដើម្បីជំរុញធ្វើអោយប្រទេសយើងខ្លាំង ហើយខ្ញុំសង្ឃឹមថា សម្ភារៈមធ្យោបាយផ្សេងៗត្រូវម្ចាស់ការធ្វើបានដោយខ្លួនឯង កម្រិតនៃការរុញវត្តមានរបស់កម្ពុជានៅលើឆាកអន្តរជាតិកាន់តែមានច្រើនតាមគ្រប់វិស័យនេះ។ ចក្ខុវិស័យរបស់យើង ជាអ្វីដែលលោកគ្រូអ្នកគ្រូត្រូវចូលរួមដោយផ្ទាល់ក្នុងការកសាងនេះ៕
Tag: ហ៊ុន ម៉ាណែត