ព្រឹតិ្តការណ៍ថ្មីៗ

Update! នាំខ្លួនអតីតចៅហ្វាយខេត្តតាកែវ សម្លាប់​នាង ចេវ​ សុវឌ្ឍនា​ មក​តុលាការ​សាកសួរ​បន្ត

3 ខែ មុន 499 តូ សុផល

ភ្នំពេញ​៖ ​លោក ឡាយ វណ្ណះ អភិបាលខេត្តតាកែវ និងជាជនត្រូវចោទដ៏សំខាន់មួយក្នុង ចំណោមជនត្រូវចោទ៤រូបពាក់ព័ន្ធទៅនិងសំណុំរឿងឃាតកម្មលើលោកស្រី ចែវ សុវឌ្ឍនា

ត្រូវបានអនុរក្សពន្ធនាគារ PJ បញ្ចូនខ្លួនទៅកាន់តុលាការក្រុងភ្នំពេញ ដើម្បីបន្តការសាកសួរ នៅរសៀលថ្ងៃតី១១ ខែឧសភា ឆ្នាំ២០១៨។ សំណុំរឿងនេះគឺ ស្ថិតក្រោមសំណាត់ការនីតិវិធីស៊ើបសួរលោក ចៅក្រមកូយ សៅ។

លោក កូយ សៅ ចៅក្រមស៊ើបសួរតុលាការក្រុងភ្នំពេញកាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨ បានសម្រេចចេញដីកា បង្គាប់ឲ្យឃុំខ្លួនលើជនត្រូវចោទ៤ចំនួនរូប ក្នុងនោះរួមមានលោកឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវទៅកាន់ពន្ធនាគារ PJ រីឯលោកឡាយ ណារិទ្ធ ជាបងប្រុស ឈ្មោះ ម៉េន សាម៉ៃ អ្នកបើកឡានឲ្យលោក ឡាយ វណ្ណៈ និងឈ្មោះជឹម វុធ ( ប្តីរបស់ឈ្មោះចាន់រី ) ជាអ្នកបម្រើអ្នកស្រី ចេវ សុវឌ្ឍនា ត្រូវបានបញ្ចូនទៅពន្ធនាគារព្រៃសរ។

នៅ​រសៀល​ថ្ងៃ​ទី​​១១​ ខែ​ឧសភា​​ ឆ្នាំ​២០១៨​ នេះ​ លោក ​កូយ​ សៅ​ ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ សាកសួរ​​លោក ​ឡាយ​ វណ្ណៈ​ អតីត​អភិបាល​ខេត្ត​តាកែវ​ ជុំ​វិញ​អំពើ​ឃាតកម្ម​សម្លាប់​ស្រី្តឈ្មោះ ចេវ​ សុវឌ្ឍនា​។ លទ្ធផល​នៃ​ការ​សាកសួរ​នេះ​ពុំ​ត្រូវ​បាន​ទម្លាយ​ឱ្យ​ដឹងទេ​ ដោយ​មន្ត្រី​តុលាការ​អះអាងថា ​ជា​ការ​សម្ងាត់​នៃ​ការ​ស៊ើបសួរ​។

លោក​ លី​ សុផាណា​ អ្នក​នាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ថ្លែង​ថា​ អយ្យការបានសម្រេចបើកការស៊ើបសួរដោយចោទប្រកាន់ទៅលើឈ្មោះ ឡាយ វណ្ណៈ​និងឈ្មោះ ឡាយ ណារិទ្ធ ពីបទ ឃាតកម្ម តាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ ហើយចោទប្រកាន់ទៅលើឈ្មោះ ម៉េន សាម៉ៃ និងឈ្មោះ ជឹម វុធ ពីបទ លាក់បាំងតម្រុយ តាមមាត្រា ៥៣២ នៃក្រមព្រហ្មទណ្ឌ។

ជនសង្ស័យត្រូវចោទទាំង៤នាក់រួមមាន៖ ទី១៖ លោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ, ទី២៖ លោក ឡាយ ណារិទ្ធ ស្នងការរងនគរបាលខេត្តតាកែវ ត្រូវជាបងប្រុស លោក ឡាយ វណ្ណៈ, ទី៣៖ឈ្មោះ ម៉េន សាម៉ៃ ​អ្នកបើក​ឡាន​ឲ្យ​លោក ​ឡាយ ​វណ្ណៈ និងទី៤៖ ឈ្មោះ ជឹម វុធ ហៅ ថូត ជា​អ្នកបំរើ​នៅផ្ទះ​នាង​ ចេ​វ ​សុ​វ​ឌ្ឍ​នា​។ ចំណែកមនុស្សពីរនាក់ទៀតត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញមានឈ្មោះ ឈ្មោះ ​ចាន់ ​រី ​ភេទ​ស្រី ​និងឈ្មោះ ​តាក់ ​រតនា ​ជា​អ្នកបើក​ឡាន​ឱ្យ​​លោក ​ឡាយ ​ណា​រិ​ទ្ធ។

លោក​ ឡាយ វណ្ណៈ អាយុ៤៥ឆ្នាំ និង​ លោក​ ឡាយ​ ណារិទ្ធ​ ឡាយ ណារិទ្ធ អាយុ៤៦ឆ្នាំ​ ជាប់​ចោទប្រកាន់ពីបទ​ឃាតកម្ម ប្រព្រឹត្តនៅចំណុចផ្ទះជួល ភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ តាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ។

ឈ្មោះ ម៉េន សាម៉ៃ ភេទប្រុស អាយុ៣៦ឆ្នាំ និង​ ឈ្មោះ ជឹម វុធ ហៅថូត ភេទប្រុស អាយុ៤១ឆ្នាំ​ ជាប់​ចោទប្រកាន់ពីបទ​លាក់បំបាំងតម្រុយ​ ប្រព្រឹត្តនៅចំណុចផ្ទះជួល ភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ តាមមាត្រា៥៣២ នៃក្រមព្រហ្មទណ្ឌ​ ។

យោងតាមច្បាប់ក្រមព្រហ្មទណ្ឌ បានចែងថា៖
មាត្រា១៩៩៖ បទឃាតកម្ម៖ អំពើសម្លាប់មនុស្សដោយចេតនា ដោយប្រើអាវុធ ឬមិនប្រើអាវុធ ដោយគ្មានស្ថានទម្ងន់ណាមួយដូចបានកំណត់ក្នុងមាត្រា​២០០ (បទឃាតកម្មគិតទុកជាមុន) ដល់មាត្រា២០៥ (បទឃាតកម្មដោយមានទារុណកម្ម អំពើឃោរឃៅ ឬអំពើរំលោភសេពសន្ថវៈ) នៃក្រមនេះ គឺជាឃាតកម្ម។ ឃាតកម្មត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១០(ដប់)​ឆ្នាំ ទៅ១៥(ដប់ប្រាំ)ឆ្នាំ។

មាត្រា៥៣២៖ បទលាក់បំបាំងតម្រុយ៖ អំពើកែប្រែ លុបបំបាត់ ឬលាក់បំបាំងតម្រុយ ឬស្លាកស្នាមនៅលើទីកនលែងនៃបទឧក្រិដ្ឋ ឬបទមជ្ឈិម ក្នុងគោលបំណងធ្វើជាឧបសគ្គដល់ការស្វែងរកឲ្យឃើញនូវការពិត ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១(មួយ)ឆ្នាំ ទៅ៣(បី)ឆ្នាំ និងពិន័យជាប្រាក់ពី ២,០០០,០០០(ពីរលាន)រៀល ទៅ៦,០០០,០០០(ប្រាំមួយលាន)រៀល៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ