ព្រឹតិ្តការណ៍ថ្មីៗ

បង្ហោះសារប្រមាថព្រះចេស្តាព្រះមហាក្សត្រ លើបណ្តាញសង្គម Facebook ត្រូវសមត្ថកិច្ចចាប់ខ្លួន

3 ខែ មុន 163 តូ សុផល

កំពង់ធំ ៖ កម្លាំងនគរបាលក្រុងស្ទឹងសែន ខេត្តកំពង់ធំនារសៀលថ្ងៃទី១២ខែ ឧសភា ឆ្នាំ២០១៨នេះ បានឃាត់ខ្លួននាយកសាលាម្នាក់ ក្រោយបុរសរូបនេះ បានបង្ហោះខ្លឹមសារ ប្រមាថព្រះចេស្តាព្រះមហាក្សត្រ នៅលើបណ្តាញសង្គម Facebook នាពេលថ្មីកន្លងទៅនេះ។

បើតាមអធិការនគរបាលក្រុងស្ទឹងសែន លោកវរសេនីយ៍ឯក ញ៉ែម ឈុនលី បានប្រាប់ ថា «ក្រោមបញ្ជារបស់ស្នងការនគរបាលខេត្តកំពង់ធំ លោកបានដឹកនាំកម្លាំង សហការជាមួយ ផែនជំនាញសន្តិសុខ ចុះទៅឃាត់ខ្លួនឈ្មោះ ឃាង ណាវី អាយុ៥០ឆ្នាំ មុខងារជានាយកសាលាបឋមសិក្សាព្រៃតាហ៊ូ ស្នាក់នៅ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ដោយសារប្រមាថព្រះមហាក្សត្រ នៅលើបណ្តាញសង្គម Facebook»។

លោកអធិការ បានបន្តថា ជននេះបានប្រមាថព្រះមហាក្សត្រ នៅលើបណ្តាញសង្គម FaceBook ដែលបានប្រើគណនីឈ្មោះ «គ្រូប្រពន្ធស» ហើយពេលនេះសមត្ថកិច្ចកំពុងដំណើរការ តាមនីតិវិធី។

បើយោងតាម ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ដែលទើបនឹងត្រូវបានវិសោធនកម្មថ្មីៗនេះ បានបន្ថែមមាត្រាកំណត់ទោសប្រមាថអង្គព្រះមហាក្សត្រ ត្រង់ជំពូកទី១ មាតិកាទី១ នៃគន្ថីទី៤ មាត្រាស្ទូន៤៣៧ថ្មី ដោយបានចែងថា «ការប្រមាថចំពោះអង្គព្រះមហាក្សត្រ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី០១ឆ្នាំ ទៅ០៥ឆ្នាំ និងពិន័យជាទឹកប្រាក់ពី ២លានរៀល ទៅ១០លានរៀល»។

ចំពោះនីតីបុគ្គលក៏អាចត្រូវបានផ្តនា្ទទោស ពិន័យជាប្រាក់ ១០លានរៀល ទៅ៥០លានរៀល ព្រមទាំងទោសបន្ថែមមួយ ឬច្រើន ក្នុងករណីដែលតុលាការរកឃើញថា មានពិរុទ្ធភាពពាក់ព័ន្ធនឹងការប្រមាថចំពោះអង្គព្រះមហាក្សត្រ ដែលច្បាប់បានចែងរួចនោះ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ