ព្រឹតិ្តការណ៍ថ្មីៗ

ផ្គើនបទបញ្ជា សម្តេច ក្រឡាហោម ស ខេង ល្បែងភ្នាល់ទឹកភ្លៀង ក្នុងខណ្ឌ៧មករា រក្សាបានយូរអង្វែង!

1 សប្តាហ៍ មុន 1120 តូ សុផល

ភ្នំពេញ៖ រដូវវស្សាមកដល់ប្រជាកសិករនៅតាមទីជនបទ ត្រេកអរសប្បាយរីករាយ ដោយទទួល បានទឹក ភ្លៀងដើម្បីបង្កបង្កើនផលដំណាំនានា។

សំរាប់បងប្អូនមួយចំនួននៅឯទីក្រុងភ្នំពេញ ក៍មិនខុសអីពីបងប្អូនកសិករនៅជនបទដែរ ខុសត្រង់ថា បងប្អូនកសិករនៅឯជនបទ ក្រោយពេលមានភ្លៀងធ្លាក់រូតរះភ្ជួររាស់បធ្វើស្រែចំការ ចំណែកបងប្អូនមួយ ចំនួននៅភ្នំពេញ មានទាំងមន្ត្រីរាជការផងនោះ តែងទទួលបានសំណាងក្រាសក្រែលពីទឹកភ្លៀងជាប្រចាំ។

ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់អូរប្ញស្សី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ បានឲ្យ ដឹងថានៅ ក្នុងមូលដ្ឋាន ពួកគាត់មានលោកធំបានបង្កើតគណៈកម្មាការ បើកលេងល្បែងភ្នាល់ទឹកភ្លៀងទ្រង់ទ្រាយធំកំពុងបើក ភ្នាល់យ៉ាងគគ្រឹកគគ្រេង មានទាំងអ្នកឈ្នះនិងអ្នកចាញ់ ក្នុងមួយថ្ងៃៗ មេល្បែងខាងលើ អាចប្រមូល លុយស្រួលៗខ្ទង់ម៉ឺនសែនដុល្លារឯណោះ ព្រោះមិនសូវដឹងចិត្តមេឃ ឃើញពពកខ្មៅដេរដាសហ៊ានប្រថុយ ច្បាស់ជាអាចក្លាយជាអ្នកមាន និងរហាមមួយរំពេច តែមានគេប្រង្ហើបថា ល្បែងភ្នាល់ទឹកភ្លៀង ចាញ់ច្រើនជាងអ្នកឈ្នះ។

ភាពងាយស្រួលនៃការភ្នាល់ល្បែងទឹកភ្លៀងនេះ គឺអាចចាក់បានតាមហាងកាហ្វេនានាក្នុងរាជធានីភ្នំពេញជាពិសេស តាមហាងកាហ្វេមួយចំនួន នៅក្នុងទឹកដីខណ្ឌ៧មករា ជាពិសេសនៅតាមផ្លូវលេខ១៣៩ កែងផ្លូវលេខ២១៧ ស្ថិតនៅក្នុងសង្កាត់អូរឫស្សីទី២ និងនៅតាមផ្លូវលេខ១០៧កែងផ្លូវលេខ១៣៤ ស្ថិត ក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា អ្នកញៀនល្បែងភ្នាល់ទឹកភ្លៀង ដែលមកអង្គុយផឹកកាហ្វេ ជជែក គ្នាបែកផ្សែង អោយតែមេឃចាប់ផ្តើមងងឹតគឺ សម្រុកចូលផឹកកាហ្វេ អង្គុយលែងជាប់កៅអីហើយ។

មានការដោះដូរ អភិបាលរាជធានី ច្រើនរូបដែរ តែមិនដែលឃើញបញ្ជាអោយចុះបង្ក្រាប ទីតាំងបនល្បែង ភ្នាល់ទឹកភ្លៀង ក្នុងខណ្ឌ៧មករានេះឡើយ រក្សាទុកតាំងពីដើមរហូតមកដល់ពេលនេះ។ ដែលធ្វើអោយមហាជនមានការងឿងឆ្ងល់យ៉ាងខ្លាំង តើរក្សាទុកដើម្បីអ្វី? តាមដំណឹងខ្សឹបខ្សៀវថា អ្នក កាងល្បែងភ្នាល់ទឹកភ្លៀង បានចំណាយប្រាក់ក្នុងមួយរដូវៗ រាប់សិបម៉ឺនដុល្លារ សម្រាប់បង់សេវា ជូនសមត្ថកិច្ច អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ ដើម្បីកុំឱ្យរំខាន ឬធ្វើការបង្ក្រាប។

ជាក់ស្តែង ល្បែងភ្នាល់ទឹកភ្លៀង ក្នុងខណ្ឌ៧មករា បានកំពុងប្រព្រឹត្តទៅយ៉ាងរលូន ដោយគ្មានសមត្ថកិច្ច ឬអាជ្ញាធរពាក់ព័ន្ធណាចាត់វិធានការបង្ក្រាបឡើយ ព្រោះអ្នកបើកលេងល្បែង នេះមានខ្នងបង្អែក រឹងមាំ និងមាន ការបែងចែកផលប្រយោជន៍តាមលំដាប់លំដោយ។

ប្រភពពីអ្នកធ្លាប់ទៅចាក់ភ្នាល់ទឹកភ្លៀងនៅទីតាំងខាងលើនេះបានឲ្យដឹងថា ក្នុងមួយថ្ងៃមានអ្នកលេង ល្បែងនេះយ៉ាងច្រើន ហើយអ្នកខ្លះចាញ់អស់ម៉ូតូ រថយន្ត ផ្ទះសម្បែងនិងទ្រព្យ សម្បត្តិផ្សេងៗទៀតផង ហើយអ្នកខ្លះចាញអស់លុយរាប់ពាន់រាប់ម៉ឺនដុល្លារ។

ប្រភពពីមន្ត្រី អាជ្ញាធរ និងសមត្ថកិច្ចតូចតាចក្នុងសង្កាត់អូរប្ញស្សី២ បានឲ្យដឹងថាពួកគេមិនហ៊ានប៉ះ ពាល់មេល្បែងភ្នាល់ទឹកភ្លៀងនោះទេ ព្រោះគេមានខ្នងបង្អែករឹងមាំណាស់ទើបគ្មាននរណាហ៊ានប៉ះពាល់។
ប្រភពខ្លះបានឲ្យដឹងថា ទាំងលោក លីម សុភា អភិបាលខណ្ឌ៧មករា និងលោក នេត ស៊ីថុន អធិការ នគរបាលខណ្ឌ៧មករា សុទ្ធតែបានដឹងយ៉ាងច្បាស់ពីល្បែងចាក់ភ្នាល់ទឹកភ្លៀង នៅសង្កាត់អូរប្ញស្សី២ ប៉ុន្តែប្រហែលដោយសារពាក់ព័ន្ធនឹងផលប្រយោជន៍ទើបលោក លីម សុភា និងលោក នេត ស៊ីថុន មិនចាត់វិធានការបង្ក្រាប។

ប្រជាពលរដ្ឋក្នុងសង្កាត់អូរប្ញស្សី២ បានអំពាវនាវឲ្យលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង លោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ មេត្តាចាត់វិធានការបង្ក្រាប ល្បែងចាក់ទឹកភ្លៀង ក្នុងមូលដ្ឋានពួកគាត់ជាបន្ទាន់ ព្រោះល្បែងនេះកំពុងបង្កឲ្យមានបទល្មើស ផ្សេងៗទៀតដូចជាអំពើចោរកម្ម លួច ឆក់ ប្លន់ កើតឡើងយ៉ាងពេញបន្ទុក។

ប្រជាពលរដ្ឋបានរិះ គន់ថាអាជ្ញាធរសង្កាត់ និងសមត្ថកិច្ចនគរបាលប៉ុស្តិ៍សង្កាត់ ក៏ដូចជាលោក លីម សុភា អភិបាលខណ្ឌ៧មករា និង លោក នេត ស៊ីថុន អធិការនគរបាលខណ្ឌ៧ មករាប្រហែលទទួល បានផលប្រយោជន៍ជាប្រចាំពីមេល្បែងភ្នាល់ចាក់ទឹកភ្លៀង ទើបបណ្តោយឲ្យល្បែងនេះ រាលដាលកាន់តែខ្លាំងឡើងៗ។

បញ្ហានេះ ពលរដ្ឋស្នើរសុំដោយទទូចដល់ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ គួរពិនិត្យមើលមន្ត្រីក្រោមឳវាទរបស់លោកផង ព្រោះសមត្ថកិច្ចនគរបាលក្នុងខណ្ឌ៧មករា កំពុងបណ្តោយ ឲ្យល្បែងភ្នាល់ទឹកភ្លៀង និងល្បែងស៊ីសងផ្សេងទៀត កើតឡើងយ៉ាងអនាធិបតេយ្យ៕

អង្គភាពសាព័ត៌មានយើងខ្ញុំ ស្វាគមន៍រាល់ការបកស្រាយបំភ្លឺពីសមីភាគីពាក់ព័ន្ធ ដើម្បីអោយមហាជនទអស់មន្ទិលសង្ស័យ។ ទំនាក់ទំនង៖ 0974444174 / 0963899997

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ