ព្រឹតិ្តការណ៍ថ្មីៗ

ក្រឡាបញ្ជីសាលាដំបូងរាជធានីភ្នំពេញម្នាក់ ទម្លាយរឿងស្ត្រីម្នាក់រំលោភយកដីទាំងភ្នែកស្រស់ នៅខណ្ឌសែនសុខ!

2 ខែ មុន 1240 តូ សុផល

ភ្នំពេញ៖ លោក ហុង លីឈាង ក្រឡាបញ្ជីសាលាដំបូងរាជធានីភ្នំពេញមានរយៈពេលជាង២០ឆ្នាំដែលបច្ចុប្បន្នមានជំងឺលើសឈាមនិងទឹកនោមផ្អែមដល់ថ្នាក់ធ្លាក់ខ្លួនដូចជនពិការ និងប្រពន្ធឈ្មោះ ហុង នី ស្នាក់នៅផ្ទះលេខ២៥EO2 ផ្លូវលេខ១១៨ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ បានទម្លាយរឿងដីមួយកន្លែងដែលទិញតាំងពីឆ្នាំ២០០៥ ដោយមានលិខិតផ្ទេរសិទ្ធត្រឹមត្រូវតែមកដល់បច្ចុប្បន្នត្រូវស្ត្រីម្នាក់រំលោភយកកាន់កាប់។

ការទម្លាយនេះគឺយោងលើលិខិតផ្ទេរសិទ្ធកាន់កាប់ដីធ្លីលេខ ៦៣៦/០៥ ចុះថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០០៥ របស់ចៅសង្កាត់គោករកា និងលិខិតផ្ទេរសិទ្ធកាន់កាប់ប្រើប្រាស់ដីធ្លីលេខ៦៥៤/០៥ ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០០៥ របស់ចៅសង្កាត់គោករកា។

លោក ហុង លីឈាង បានបញ្ជាក់ថា ពួកគាត់ទាំងពីរនាក់ប្តីប្រពន្ឋបានទិញដីពីឈ្មោះផេង សុង ភេទប្រុស អាយុ៤៣ឆ្នាំ និងប្រពន្ឋឈ្មោះ អ៊ឹង សៀកខេង អាយុ៤០ឆ្នាំ ដែលមានទីលំនៅផ្ទះលេខ២១១ ក្រុម៨៧ ភូមិសែនសុខ សង្កាត់ឃ្មួញ ខណ្ឌឬស្សីកែវ ដែលមានទំហំ ១២ម៉ែត្រ គុណនឹង ២៤ម៉ែត្រ ស្ថិតនៅក្នុង៥០ខ្នង ភូមិស្វាយចេក សង្កាត់គោករកា ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៥ ដោយមានលិខិតផ្ទេរសិទ្ធត្រឹមត្រូវ។ លុះដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០០៥ ពួកគាត់ពីរនាក់ប្តីប្រពន្ធបានទិញដីពីឈ្មោះខាងលើមួយឡូតិ៍ទៀតដែលមានទំហំ ៦ម៉ែត្រ គុណនឹង ២៤ម៉ែត្រ ដែលមានលិខិត ផ្ទេរសិទ្ធកាន់កាប់ដីធ្លីត្រឹមត្រូវ។

លោក ហុង លីឈាង បានអះអាងថាក្រោយពីបានទិញរួចមក ម្ចាស់ដី មេភូមិ ចៅសង្កាត់ បានវាស់វែងបោះបង្គោលតាមព្រំដី ទុកជាចំណាំទៅថ្ងៃមុខ ហើយពួកយើងទាំងពីរនាក់ប្តីប្រពន្ធបានថែរក្សា និងកាន់កាប់ដីនេះរហូតពុំដែលមានបញ្ហាអ្វីនោះទេ(ដីនេះជាប្រភេទដីពុះឡូតិ៍) ដោយពេលនោះអ្នកលក់បំបែកជាឡូតិ៍តូចៗដែលមានទំហំ៦ម៉ែត្រ គុណនឹង១២ម៉ែត្រ តម្លៃ១៥០០ដុល្លារអាមេរិក ដោយដាក់ប៉ាណូលក់រយៈពេលប្រហែល៦ខែ។ តែពេលនោះពុំមានអ្នកណាមកតវ៉ាថាជាដីរបស់ខ្លួនឡើយ។ ស្រាប់តែនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ ២០១៥ មានជនមួយក្រុមនិងបក្ខពួក ដោយមានក្រុមសន្តិសុខសង្កាត់ក្រាំងធ្នង់មកអន្តរាគមន៍ដើរដកបង្គោលនៅលើដីនោះ ទាំងអស់ ពេលនោះពួកយើង បានប្តឹងចូលទៅសាលាខណ្ឌសែនសុខ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ដើម្បីទប់ស្តាត់ការដើរដកបង្គោលនេះ តែខាងខណ្ឌពុំបានហៅចូលដោះស្រាយឡើយ ដោយពួកខ្ញុំមិនសុខចិត្តក៏បានប្តឹងទៅសាលាក្រុងនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៦ តែគេនៅតែពុំព្រមដោះស្រាយឱ្យ។

លោក ហុង លីឈាង បានបន្តថារហូតមកដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧ មានឈ្មោះ ហេង សិទ្ធិសុធារី ភេទស្រី អាយុ៣០ឆ្នាំ បានមកព័ទ្ធរបងយកដីរបស់ពួកខ្ញុំតែម្តង តែពេលនោះនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៧ ពួកខ្ញុំ និង ឈ្មោះសំ វេងស្រៀងព្រមទាំងលោក រុន រ័ត្នវាសនា បានដាក់ពាក្យបណ្តឹងទៅសាលាខណ្ឌសែនសុខមិនឱ្យសាងសង់របងលើក្បាលដីក្នុងប្លង់លេខ ១២០៩០៧០៧. ០៣៩៣ និងលេខ ១២០៩០៧០៧.០៣៩៥ ដើម្បីទុកដោះស្រាយគ្នាសិន។ ស្រាប់តែនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ លោកអភិបាលខណ្ឌសែនសុខ ឈ្មោះប៉ិល កុសល បានអនុញ្ញតិអោយឈ្មោះហេង សិទ្ធិសុធារី ធ្វើការសាងសង់របងដែលមានកំពស់ ២ម៉ែត្រ ធ្វើអំពីឥដ្ឋបេតុងអារមេ ។អំពើនេះធ្វើឱ្យប៉ះពាល់ផលប្រយោជន៍យើងខ្ញុំទាំងអស់គ្នាយ៉ាងធ្ងន់ធ្ងរ។ ម្យ៉ាងវិញទៀតបើពិនិត្យទៅលើវិញ្ញាបនបត្រសម្គាល់អចលនវត្ថុលេខ ១២០៩០៧០៧. ០៣៩៣ និងលេខ ១២០៩០៧០៧.០៣៩៥ របស់ឈ្មោះហេង សិទ្ធិសុធារី ស្ថិតនៅក្នុងភូមិព្រៃមូល សង្កាត់ក្រាំងធ្នង់ ខណ្ឌពោធិ៍សែនជ័យ ជាក់ស្តែងទីនោះនៅក្នុងខណ្ឌ សែនសុខទេ ហេតុអ្វីបានជាលោកអភិបាលខណ្ឌសែនសុខអនុញ្ញាតិអោយឈ្មោះហេង សិទ្ធិសុធារី សាងសង់លើដីរបស់យើងខ្ញុំទៅវិញ ដែលយើងខ្ញុំទាំងអស់គ្នាបានកាន់កាប់និងគ្រប់គ្រងតាំងពីឆ្នាំ២០០៥ មក។ ក្រោយពីបានឃើញលិខិតបញ្ជាក់ វិញ្ញាបនបត្រសម្គាល់អចលនវត្ថុរបស់ឈ្មោះហេង សិទ្ធិសុធារី ទើបធ្វើនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦ គឺនៅក្នុងខណ្ឌពោធិ៍សែនជ័យ ពុំមែននៅក្នុងខណ្ឌសែនសុខទេ តែសព្វថ្ងៃដីនេះកំពុងមានទំនាស់នៅក្នុងខណ្ឌសែនសុខ)។

លោក ហុង លីឈាងបានបន្តទៀតថា ដោយពុំមានការទប់ស្កាត់របស់ខណ្ឌសែនសុខ យើងខ្ញុំ បានប្តឹងមកសាលាដំបូងរាជធានីភ្នំពេញ ដើម្បីទប់ស្កាត់មិនឱ្យឈ្មោះហេង សិទ្ធិសុធារី សាងសង់របងលើក្បាលដីរបស់យើងខ្ញុំដែលមានទំហំ ១៨ម៉ែត្រ គុណនឹង ២៤ម៉ែត្រ តែចៅក្រមឈ្មោះ ថាន់ ឡេង បានច្រានចោលពាក្យបណ្តឹងរបស់យើងខ្ញុំចោល។

ចំណែកឈ្មោះហេង សិទ្ធិសុធារី ប្តឹងសុំធ្វើរបង ចៅក្រមថាន់ ឡេង បានអនុញ្ញាតតាមការស្នើសុំរបស់ឈ្មោះហេង សិទ្ធិសុធារី និងបង្គាប់ឱ្យខ្ញុំបាទ ព្រមទាំងលោករុន រ័ត្នវាសនា ដកបង្គោលតាមព្រំដីទាំងអស់ចេញពី ដីទំនាស់នេះ ទុកសិទិ្ធឱ្យឈ្មោះហេង សិទ្ធិសុធារី សាងសង់បន្ត។

ការចេញសេចក្តីសម្រេចនេះ ធ្វើឱ្យប៉ះពាល់ផលប្រយោជន៍ដល់ខ្ញុំបាទយ៉ាងធ្ងន់ធ្ងរ ដែលខ្ញុំបាទ បានទិញនិងមានលិខិតកាន់កាប់ត្រឹមត្រូវពីរដ្ឋអំណាចតាំងពីឆ្នាំ២០០៥ មក។ ចំពោះរក្សាការសម្រេចនេះនេះខ្ញុំបាទ និងលោករុន រ័ត្នវាសនា កំពុងតែប្តឹងជំទាស់ ព្រមទាំងខ្ញុំបាទប្តឹងទៅតុលាការក្រុងដើម្បីរំលាយប័ណ្ណលេខ ១២០៩០៧០៧.០៣៩៣ និងលេខ ១២០៩០៧០៧.០៣៩៥ ចោល ដើម្បីសុំគ្រប់គ្រងដីរបស់ខ្ញុំបាទវិញ៕ ប្រភព៖ សរិទ្ធ & ឧត្តម សេនីយ៍ រុន រ័ត្នវាសនា

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ