ព្រឹតិ្តការណ៍ថ្មីៗ

មេគយប្រចាំច្រកភ្នំដី បើកដៃឲ្យមន្ត្រីក្រោមឱវាទដាក់កុងត្រូលជជុះជំរិតទារលុយ បំពានអនុសាសន៍ សម្តេចតេជោ ហ៊ុន សែន

2 សប្តាហ៍ មុន 3103 តូ សុផល

ខេត្តបាត់ដំបង៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានក្រើនរំលឹកដាស់តឿនឲ្យមន្ត្រីជំនាញនៃស្ថាបនគយ និងរដ្ឋាករត្រូវយកចិត្តទុកដាក់ខិតខំបំពេញ កាតព្វកិច្ចលើការងារឲ្យមានប្រសិទ្ធភាពខ្ពស់ក្នងការប្រមូលពន្ធចូលថវិកាជាតិ ប៉ុន្តែមន្ត្រីគយមួយចំនួន មិនបានយកត្រចៀកស្តាប់តាមអនុសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចទេ ជាក់ស្តែងលោក អ៊ុយ វ៉ិត ប្រធានការិ យាល័យគយច្រកភ្នំដីបានធ្វើឲ្យប្រជាពលរដ្ឋ និងអាជីវករកាន់តែក្តៅក្រហាយ ចំពោះការដាក់កុងត្រូល ជជុះជំរិតយកលុយពីអ្នករកស៊ីបន្តិចបន្ទួចអាស្រ័យតាមដងផ្លូវដើម្បីដោះស្រាយជីវភាពក្នុងគ្រួសារទាំងនោះបានត្អូញត្អែថាលោក អ៊ុយ វ៉ិត ប្រធានការិយាល័យគយ និងរដ្ឋាករច្រកភ្នំដី ស្រុកសំពៅលូន បាន កំពុងប្រើអំណាចធ្វើបាបគាបសង្កត់ទៅលើប្រជាពលរដ្ឋដែលបង្កភាពលំបាកក្នុងការរកស៊ីដោយសារតែលោក អ៊ុយ វ៉ិត បានបើកដៃឲ្យមន្ត្រីគយក្រោមឱវាទដាក់កុងត្រូលជជុះចាំជំរិតយកលុយពីអ្នករត់តាក់ស៊ី អ្នកបើករថយន្តដឹកជញ្ជូនទំនិញនិងពីឈ្មួញតូចតាចដឹកបន្លែផ្លែឈើដោយគ្មានវិកិយប័ត្រត្រឹមត្រូវឡើយ សូម្បីអ្នកអូសរទេះបន្លែទឹកក្រូចទឹកផ្លែឈើកំប៉ិកកំប៉ុកកំប៉ុក និងរទេះអេតចាយក៏ក្រុមមន្ត្រីគយ កូនចៅ លោក អ៊ុយ វ៉ិត មិនលើកលែងដែរ ទោះបីជាដឹងថាពួកគាត់រកមួយថ្ងៃរស់មួយថ្ងៃ ក៍ដោយ កុងត្រូលជជុះ របស់មន្ត្រីគយក្រោមឱវាទ លោក អ៊ុយ វ៉ិត ដែលស្ថិតនៅត្រង់ចំណុចភូមិវាលវង់ ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបងចាំស្ទាក់ ជំរិតយកលុយយ៉ាងពេញបន្ទុកតែម្តង។

ប្រភពបានឲ្យដឹងថានៅរាល់ពេលដឹកឥវ៉ាន់ចេញចូលម្តងៗត្រូវបង់លុយឲ្យទៅការិយាល័យគយនៅច្រករួចហើយទើបបានយកឥវ៉ាន់ទៅដាក់លើរថយន្តបានចេញចូលតាមធម្មតាចំណែក ឯកុងត្រូលជជុះរបស់មន្ត្រីគយដែលជាកូនចៅរបស់លោក អ៊ុយ វ៉ិត នៅចំណុចភូមិឃុំខាងលើវិញ គឺមានមន្ត្រី គយពី៣ ទៅ៤នាក់ ស្ទាក់ចាំកាក់ឡាន រទេះប្រជាពលរដ្ឋឲ្យចូលបង់លុយតាមផ្លូវទៀតហើយ បើមិនចូលបង់ឲ្យកុងត្រូលជជុះ នោះទេ ច្បាស់ជាគយគំរាមចាប់យកទៅកន្លែងហើយក្នុងឡាននិមួយៗត្រូវបង់ប្រាក់ចាប់ពី ៥០០០០រៀល ទៅ២០០០០០រៀល រហូតដល់៥០០០០០រៀល បើប្រជាពលរដ្ឋណាមិនបានបង់លុយ ឲ្យមន្ត្រីគយ ទាំងនោះ គឺក្រុម គយ ចោទប្រកាន់ពួកគាត់ដូចជាឥវ៉ាន់ បន្លែ ផ្លែឈើទាំងអស់ហ្នឹងសុទ្ធតែអត់មានពន្ធ ត្រូវតែ បង់លុយឲ្យទើបបានឲ្យឡានទៅហើយប្រជាពលរដ្ឋខ្លះទៀតគាត់បានតវ៉ាថាគាត់បានបង់លុយឲ្យការិយាល័យគយនៅច្រកហើយម៉េចបានជាមកកាក់តាមផ្លូវទៀតទោះបីជាគាត់ពុំមាន លុយបង់ឲ្យក៍ក្រុមគយមិនព្រមឲ្យដឹកទំនិញចេញចូលបានឡើយ។

ប្រភពបានបន្ថែមឲ្យដឹងថាសូម្បីតែជីមួយការ៉ុងយកទៅចំការក៏បង់ឲ្យការិយាល័យគយក្នុងមួយការ៉ុង២០បាត(ប្រាក់ថៃ)បានគយឲ្យទៅហើយពេលទៅដល់កន្លែងកុងត្រូលជជុះត្រវបានគយទារលុយបន្ថែមទៀតដែលទង្វើរបស់លោកមេគយរូបនេះកំពុងជាន់កប្រជាពលរដ្ឋឲ្យរងទុក្ខលំបាកនិងភាពក្រីក្រនៅតែបន្តរហូតមិនចេះចប់បើសិនជាក្រុមមន្ត្រីគយដែលពុករលួយតាំងពីកូនចៅរហូតដល់មេបែបនេះ ធ្វើឲ្យប្រជាពលរដ្ឋ និងអាជីវករកាន់តែក្តៅក្រហាយដែលអាចនឹងការខឹងគោទៅវាយរទេះជាក់ជាមិនខានក្រោមស្នាដៃពុក រ លួយរបស់ លោក អ៊ុយ វ៉ិត ប្រធានគយប្រចាំច្រកភ្នំដី (គីឡូ១៣) ដែលកំពុងល្បីល្បាញខាងប្រព្រឹត្ត អំពើពុករលួយយ៉ាងពេញបន្ទុកខណះពេលថ្មីៗនេះ លោក អ៊ុយ វ៉ិត មាន យាអ៊ុនកាក់កបក្នុងការបើកដៃ ឲ្យឈ្មូញនាំចូលម៉ូតូគេចពន្ធរាប់រយគ្រឿងសុទ្ធតែស៊េរីទំនើបប្រភេទអូតូដែលគេសង្ស័យថាមានការឃុបឃឹតគ្នាហើយទំនងជាបែកការរឿងផលប្រយោជន៍ចែកភាគហ៊ុនជាមួយមេៗមិនស្មើទើបលោកអ៊ុយ វ៉ិត បាន ធ្វើជាចាប់យកមកដាក់នៅក្នុងការិយាល័យខ្លួនដោយលាក់លៀមមិនឲ្យអ្នកណាទៅក្បែរបានឡើយដែលអាចងាយស្រួលក្នុងការសំរួលគ្នាស្ងាត់ៗដើម្បីឲ្យម៉ូតូទាំងអស់នោះទៅជាស្របច្បាប់វិញ។

បើតាមអ្នករកស៊ីត្រឹមត្រូវធម្មតាវិញបានឲ្យដឹងថា ការដឹកនាំរបស់លោកអ៊ុយ វ៉ិត ដែលមកកាន់តំណែង ជាមេគយច្រកភ្នំដីអស់រយះពេលជាច្រើនខែមកនេះគឺគ្មានអ្វីប្រែប្រួលក្នុងការបង្កើនចំណូលពន្ធគយនៅ ឡើយទេពោលគឺលោក អ៊ុយ វ៉ិត កំពុងបន្តអនុវត្តន៍តាមគន្លងមេគយជំនាន់មុន ក្នុងការរក្សាទុក មេឈ្មួញ ធំៗមួយចំនួនឲ្យដឹកទំនិញគ្រប់ប្រភេទឆ្លងកាត់ច្រកភ្នំដីស្រុកសំពៅលូនដោយបង់ពន្ធមិនគ្រប់សំរាប់ទុកស៊ីក្រៅដដែលហើយម៉្យាងវិញទៀតការប្រព្រឹត្តអំពើពុករលួយដោយការទទួលសំណូកពីឈ្មួញធំៗជាមុខសញ្ញាបង់ពន្ធមិនគ្រប់ក៏បានធ្វើឲ្យលោកអ៊ុយ វ៉ិត មានអំណាចជិះ សេះលែងដៃឃុបឃិតជាមួយឈ្មួញ ឲ្យនាំទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ ទំនិញបង្កប់និងទំនិញខុសច្បាប់យ៉ាងពេញទំហឹង រួចចាំ ទទួលផលប្រយោជន៍ពីពួកឈ្មួញទាំងនោះដែលមានទំនាក់ទំនងល្អជាមួយគ្នារួចជាស្រេចហើយទើបអាចនាំទំនិញគ្រប់ប្រភេទចូលមកយ៉ាងរលូន។

តាមការអះអាងពីមន្ត្រីតូចតាចឲ្យដឹងថា សព្វថ្ងៃនេះ លោក អ៊ុយ វ៉ិត កំពុងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាមួយមេឈ្មួញដែលនាំទំនិញគេចពន្ធពីប្រទេសថៃចូលមកទឹកដីខ្មែរតាមច្រកភ្នំដីក្នុងមួយខែៗមានរថយន្តធំៗរាប់រយគ្រឿងដែលគេដឹងថាជារបស់ក្រុមហ៊ុនហើយថៅកែជាអ្នកមានអំណាចដ៏ល្បីល្បាញរាប់ឆ្នាំមកហើយបាននាំចូលទំនិញគេចពន្ធតាមរថយន្តយីឌុបនិងកុងតឺន័រភាគច្រើនជាប្រភេទទំនិញខុសច្បាប់ដែលត្រូវបង់ពន្ធតំលៃខ្ពស់ប៉ុន្តែដោយសារការឃុបឃឹតគ្នាបង់ពន្ធត្រឹមតែ៣០%ទៅ៤០%ប៉ុណ្ណោះនិងបង់ត្រឹមតែជាទំនិញចំរុះដូចជាគ្រឿងបន្លាស់ដែលនាំធ្វើឲ្យបាត់បង់ចំណូលពន្ធរដ្ឋរាប់សិបលានរៀលក្នុងមួយខែៗទៀតផង។គួររំលឹកថារាជរដ្ឋាភិបាលបានចេញសេចក្តីសំរេចមួយបង្កើតក្រុមការងារថ្នាក់ជាតិទទួលខុសត្រូវដោយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងថ្នាក់ខេត្តទទួលខុសត្រូវដោយចៅហ្វាយខេត្តដើម្បីធ្វើការទប់ស្កាត់បង្ក្រាបបទល្មើសគេចពន្ធខុសច្បាប់និងជំរុញដល់ការប្រមូលពន្ធគយឲ្យបានកាន់តែប្រសើរឡើងផងដែរផ្ទុយទៅវិញ លោក អ៊ុយ វ៉ិត មេគយច្រកភ្នំដី គិត តែពីច្បាមយកផលប្រយោជន៍ផ្ទាល់ខ្លួនដើម្បីស្រង់ដើម ក្នុង ការតូយកតំណែងដែលបានធ្វើជាប្រធានការិយាល័យគយនិងរដ្ឋាករនៅច្រកទ្វារអន្តរជាតិភ្នំដីនេះបើទោះជារដ្ឋត្រូវខាត បង់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ក៏ដោយក៏លោក អ៊ុយ វ៉ិត តខំប្រឹងប្រមូលលុយចូលហោប៉ៅឯកជនធ្វើមានបានផ្ទាល់ខ្លួនមិនញញើតកោតខ្លាចចំពោះការប្រព្រឹត្តអំពើពុករលួយដែលថ្នាក់ដឹកនាំប្រមុខរាជរដ្ឋាភិបាលកំពុងមានចំណាត់ការដ៏តឹងរឹងក្នុងការកំចាត់អំពើពុករលួយនៅពេលខាងមុខនេះដែលតំរូវឲ្យស្ថាប័នប្រឆាំងអំពើពុករលួយដាក់ការស៊ើបអង្កេតជាបន្ទាន់ទៅលើមន្ត្រីនៅគ្រប់ស្ថាប័នរដ្ឋជាពិសេស លោក អ៊ុយ វ៉ិត ប្រធានគយច្រកភ្នំដីនេះតែម្តង។

ពាក់ព័ន្ធនឹងករណី លោក អ៊ុយ វ៉ិត ប្រព្រឹត្តអំពើពុករលួយ យកលុយថៅកែធំៗ ដឹកជញ្ជូនទំនិញ ដោយ រថយន្តយីឌុបរថយន្ត កុងតឺន័របានដឹករថយន្ត ចូលថាជាគ្រឿងបន្លាស់មកនោះភាគច្រើនជាប្រភេទ រថយន្តទំនើបៗកាត់តដែលគេបង់ពន្ធជាគ្រឿងបន្លាស់និងមួយចំនួនទៀតដូចជា៖ ស្រា ភេសជ្ជ: ទំនិញ ចាប់ហួយហើយរាល់ទំនិញគេចពន្ធឆ្លងកាត់តាមច្រកភ្នំដី(គីឡូ១៣) ក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង ដែលគេជឿថាបើគ្មានការបើកភ្លើងខៀវ ពីលោក ឈុន សុភមង្គល ប្រធានសាខាគយ និងរដ្ឋាករខេត្ត បាត់ដំបងផងដែរទើបលោកអ៊ុយ វ៉ិត ហ៊ានឲ្យដំណើរការដឹកជញ្ជូន យ៉ាងរលូនដោយគ្មានការត្រួតពិនិត្យ បែបនេះគួរតែលោក គុណ ញឹម អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ទូទាំងប្រទេស មេត្តាចាត់វិធានការជាបន្ទាន់ទៅលើមន្ត្រីក្រោមឱវាទដែលនាំគ្នាប្រព្រឹត្តអំពើពុករលួយធ្វើឲ្យបាត់បង់ប្រាក់ចំណូលពន្ធរដ្ឋក្នុង ពេលកាន់តំណែងហើយធ្វើឲ្យរាជរដ្ឋាភិបាលខកបំណងព្រោះតែមន្ត្រីពុករលួយជាពិសេសមើលស្រាល ចំពោះអនុសាសន៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជាដែលខិតខំដឹកនាំប្រទេសជាតិឲ្យមានភាពរីកចំរើននិងមាននិតិរដ្ឋយ៉ាងពិតប្រាកដ ដែលមិនអាច មានមន្ត្រីលាមកណាថ្លើមធំពាសមេឃមកកំចាត់សម្តេចបានជាដាច់ខាត៕

អង្គភាពព័ត៌មានយើងខ្ញុំ សូមស្វាគមន៍ រាល់ការបកស្រាយបំភ្លឺពីសមីភាគី ឬស្ថាបនពាក់ព័ន្ធទាំងអស់ តាមរយៈលេខទូរសព័្ទលេខ 097 4444 174 / 096 38 9999 7 ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ