ព្រឹតិ្តការណ៍ថ្មីៗ

សម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានដែកបេឡេឆ្លងកាត់ទន្លេសាប ពីទីក្រុងរណបជ្រោយចង្វារ

3 ខែ មុន 197 តូ សុផល

ជ្រោយចង្វារ ៖ កាលពីរសៀលថ្ងៃអង្គារ ៩រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨នេះរដ្ឋបាលរាជធានីភ្នំពេញបានរៀបចំពិធីសម្ពោធដាក់ឲ្យដាក់ឲ្យប្រើប្រាស់ស្ពានដែកបេឡេឆ្លងកាត់ទន្លេសាប ដែលតភ្ជាប់ពីតំបន់ទីក្រុងរណបជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ឆ្ពោះទៅកាន់ម្តុំឃ្លាំងសាំងសូគីមិច ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានដែកបេឡេនេះ ប្រព្រឹត្តធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និង ឯកឧត្តម ឧកញ៉ា ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) និងមានការចូលរួមពីមន្ត្រីរាជការ បុគ្គលិកក្រុមហ៊ុនOCIC យុវជន សិស្សានុសិស្ស ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត រួមនឹងប្រជាពលរដ្ឋជាច្រើនរយនាក់។

ស្ពានដែកបេឡេនេះធ្វើចរាចរទ្វេរទិស សម្រាប់រថយន្ត១គន្លងទៅ១គន្លងមក និងម៉ូតូ១គន្លងទៅ១គន្លងមក ជម្រាលស្ពាន ៤,៥០% ឯលើកណ្តាលទន្លេជម្រាល០% ល្បឿនកំណត់២៥គីឡូម៉ែត្រក្នុង១ម៉ោង កម្ពស់យានយន្តអនុញ្ញាត មិនលើស២,៨០ម៉ែត្រ ហាមរថយន្តក្រុងឆ្លងកាត់ ទម្ងន់យានយន្តអនុញ្ញាត មិនលើសពី៥តោន មិនអនុញ្ញាតឲ្យអ្នកថ្មើរជើងដើរឆ្លងកាត់ស្ពានឡើយ។

គួររំលឹកផងដែរថា ស្ពាននេះចាប់ផ្តើមដំណើរការសាងសង់នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ និងបញ្ចប់គម្រោងនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៨ គឺមានរយៈពេលសាងសង់៦ខែ១១ថ្ងៃ ដែលសាងសង់ដោយក្រុមហ៊ុនOCIC មានប្រវែងសរុប ៦៥៥ម៉ែត្រ ក្នុងនោះ តួស្ពានប្រវែង ៥០៥ម៉ែត្រ គល់ស្ពានសងខាងប្រវែង១៥០ម៉ែត្រ ទទឹងស្ពាន១២ម៉ែត្រ។

ស្ពានដែកនេះមានតួនាទីដ៏សំខាន់ក្នុងការរួមចំណែករំដោះចរាចរពីផ្លូវជាតិលេខ៦ និងផ្លូវជាតិលេខ៥ ក៏ដូចច្រកចេញចូលរាជធានីភ្នំពេញ និងជាសមិទ្ធផលថ្មីមួយទៀតជាចំណងដៃសម្រាប់រាជធានីភ្នំពេញ និងប្រជាពលរដ្ឋដែលបានឆ្លងកាត់ស្ពាន ជាសរសៃឈាមសេដ្ឋកិច្ចតភ្ជាប់ពីបណ្តាខេត្តមករាជធានីភ្នំពេញ និងពីរាជធានីភ្នំពេញទៅតាមបណ្តាខេត្តផងដែរ ជាពិសេសស្ពាននេះក៏បានជួយដោះស្រាយលំហូរចរាចរណ៍ខណៈពេលដែលស្ពានជ្រោយចង្វារទី១ (ស្ពានមិត្តភាពកម្ពុជា-ជប៉ុន) ផ្អាកចរាចរណ៍ទាំងស្រុងដើម្បីធ្វើការកែលម្អ និងជួសជុលឡើងវិញ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ