ព្រឹតិ្តការណ៍ថ្មីៗ

នគរបាលប៉ុស្តិ៍កណ្តោលជ្រុំ និងប៉ុស្តិ៍ដូនតី យកលុយពីជនរងគ្រោះចំនួន៤០០$ លាតត្រដាងការពិតហើយ!

2 សប្តាហ៍ មុន 8775 តូ សុផល

ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ មានកិត្តិយសសូមជំរាបជូនសាធារណៈមតិមេត្តាជ្រាបថាក្រោយពីទទួលបានព័ត៌មានស្តីអំពីការចោទប្រកាន់ថាមន្ត្រីនគរបាលប៉ុស្តិ៍កណ្តោលជ្រុំ និងប៉ុស្តិ៍ដូនតី បានយកលុយពី ជនរងគ្រោះចំនួន៤០០$ ពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី ២២ ខែមេសា ឆ្នាំ២០១៨ រវាងកង់ និងរថយន្តដឹកប្រេង នៅចំនុចភូមិស្ពានជ្រៃ ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នោះ លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្ត បានចាត់ជំនាញចុះស្រាវជ្រាវរហូត

ទទួលបានដំណេីររឿងដូចខាងក្រោម÷

កាលពីថ្ងៃទី២២ ខែមេសាឆ្នាំ២០១៨ ម៉ោង០៧:៣០នាទី លើផ្លូវក្រាលកៅស៊ូ ត្រង់ចំណុចមុខផ្ទះឈ្មោះ ឈាង បុល ភេទប្រុស ស្ថិតនៅភូមិស្ពានជ្រៃ ឃុំដូនតី ស្រុកពញាក្រែក មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងកង់ និងរថយន្តដឹកប្រេង បណ្តាលឲ្យក្មេងប្រុសជិះកង់ឈ្មោះ កង ចិន អាយុ០៩ឆ្នាំ មានទីលំនៅភូមិស្ពានជ្រៃ ឃុំដូនតី ស្រុកពញាក្រែក រងរបួសបាក់ជើង។

ករណីខាងលើនេះភាគីក្មេងរងគ្រោះ និងភាគីរថយន្ត បានចរចារគ្នាបញ្ចប់នៅអធិការដ្ឋាននគរបាលស្រុកពញាក្រែក ដោយខាងភាគីក្មេងរងគ្រោះទទួលយកប្រាក់សម្រាប់ព្យាបាលក្មេងចំនួន៧០០ដុល្លា ពីភាគីរថយន្ត ហើយក៏បញ្ចប់ករណីនេះទៅ ។

លុះដល់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨ ម៉ោង១១:៣៥នាទី ស្រាប់តែមាន គណនេយ្យ Facebook ឈ្មោះ គ្រូ ក្មេង បានបង្ហោះសម្ភាសស្រ្តីម្នាក់ ជាម្តាយក្មេងរងគ្រោះលើករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើដោយចោទប្រកាន់ទៅលើប៉ុស្តិ៍នគរបាលកណ្តោលជ្រុំ និងប៉ុស្តិ៍នគរបាលដូនតី ថាបាន យកលុយពីគាត់ក្នុងប៉ុស្តិ៍មួយចំនួន២០០ដុល្លា (ប៉ុស្តិ៍២=៤០០ដុល្លារ) ។

ទទួលបានព័ត៌មាននេះភ្លាមក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្ត ឲ្យជំនាញចុះស្រាវជ្រាវរកឲ្យឃើញជំវិញករណីបង្ហោះFacebook ចោទប្រកាន់ មកលើប៉ុស្តិ៍រដ្ឋបាលទាំងពីរ ដោយជំនាញបានចុះទៅដល់ផ្ទះក្មេងរងគ្រោះ ហេីយ ឈ្មោះ វ៉ាន់ តឿ ភេទស្រី អាយុ៥៧ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិសុវណ្ណគមន៍ ឃុំកណ្តោលជ្រុំ ស្រុកពញា ក្រែក ត្រូវជាបងស្រីម្តាយក្មេងរងគ្រោះ បានឲ្យដឹងថា ម្តាយក្មេងរងគ្រោះឈ្មោះ កង ទ្រុ ជាមនុស្សមានសតិមិនល្អ ញៀនស្រា ចេះតែដើរនិយាយផ្តេសផ្តាសបង្ខូចឈ្មោះសមត្ថកិច្ច និងតែងតែរករឿងម្តាយជរាទារកលុយសំណងរឿងគ្រោះថ្នាក់ចរាចរណ៍ យកទៅទិញស្រាផឹក តែម្តាយមិនឲ្យទេ ដោយទុកមើលចៅដែលកំពុងឈឺ និងទុកទិញកង់ឲ្យចៅជិះទៅរៀនពេលជាសះស្បើយ ហើយចំពោះរឿងដែលថាប៉ុស្តិ៍ដូនតី និងប៉ុស្តិ៍កណ្តោលជ្រុំ យកលុយ ជាព័ត៌មានមិនពិត ព្រោះគាត់ជាអ្នកទុកដាក់លុយផ្ទាល់មិនមានដូចការចោទប្រកាន់ឡើយ។

ដោយឡែក ឈ្មោះ នួន ឆុន ភេទស្រី អាយុ៦៧ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិស្ពានជ្រៃ ឃុំដូនតី ស្រុកពញាក្រែក ក៏បានឲ្យដឹងដូចគ្នាដែរថា រូបគាត់ជាអ្នកមកដោះស្រាយករណីនេះផ្ទាល់ មិនមានដូចការចោទប្រកាន់ឡើយ នគរបាលពុំប៉ះពាល់លុយសូម្បីមួយរៀល ហើយការដែលម្តាយក្មេងដែលដើរនិយាយនេះគាត់មានសតិមិនគ្រប់ទេ ណាមួយខឹងមិនបានលុយយកទៅទិញស្រា ម៉្លោះហើយចេះតែដើរនិយាយផ្តេសផ្តាស ហើយគាត់សូមអះអាងថា រឿងដែលបង្ហោះ Facebook ចោទប្រកាន់ជារឿងមិនពិតឡេីយ។

អាស្រ័យដូចបានជំរាបជូនខាងលេី សូមសាធារណៈមតិជ្រាបជាព័ត៌មាន។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ