ព្រឹតិ្តការណ៍ថ្មីៗ

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់ឱ្យមន្ត្រីចុះសួរសុខទុក្ខភ្លាមៗដល់អ្នករងគ្រោះដោយសង្ស័យករណីពុលទឹកនៅខេត្តក្រចេះ

4 ខែ មុន 52 តូ សុផល

ភ្នំពេញ៖ នៅថ្ងៃចន្ទ ទី ៧ ខែឧសភា ឆ្នាំ២០១៨ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យមន្ត្រីទីស្នាក់ការកណ្តាល ចុះសួរសុខទុក្ខនិងផ្តល់ថវិកា គ្រឿងបរិភោគ សម្ភារប្រើប្រាស់មួយចំនួន ជូនជនរងគ្រោះដោយសង្ស័យករណី​ពុលទឹកនៅខេត្តក្រចេះចំនួន ៨នាក់ ដែលត្រូវបានបញ្ជូនមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត។

ក្នុងឱកាសនោះ ឯកឧត្តមវេជ្ជ. អ៊ុយ សំអាត នាយកនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងគិតគូរចំពោះប្រជាពលរដ្ឋរងគ្រោះទាំងអស់ ដែលបានរងផលប៉ះពាល់ដោយសារករណីពុលនេះ។ ជាមួយគ្នានេះ ឯកឧត្តម បានផ្តាំផ្ញើដល់អ្នកជំងឺទាំងអស់ ខិតខំបន្តការព្យាបាល និងអនុវត្តតាមការណែនាំរបស់គ្រូពេទ្យ និងជូនពរឆាប់បានជាសះស្បើយឡើងវិញ។

សូមបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅភូមិស្រែនន និងភូមិអាលច ក្នុងឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ ដោយប្រជាពលរដ្ឋរងគ្រោះមានរោគសញ្ញា៖ ឈឺពោះ ក្អួតចង្អោរ ឈឺក អស់កម្លាំង ទន់ដៃទន់ជើង វិលមុខ និងថប់ដង្ហើម។ រហូតមកដល់ព្រឹកថ្ងៃទី​ ៧​ នេះ បានបណ្តាលឱ្យមានអ្នកស្លាប់ចំនួន ១៤នាក់ និងរងគ្រោះប្រមាណជាង ២០០នាក់ផ្សេងទៀត ត្រូវបានដឹកបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ និងមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ