ព្រឹតិ្តការណ៍ថ្មីៗ

សម្តេចតេជោ​ សរសើរ​ អ្នកជំនួញថ្មី​ ឡេង ណាវ៉ាត់ត្រា​ ចេះវិវត្តន៍ខ្លួនក្លាយជាអ្នកជោគជ័យ

3 ខែ មុន 3293 តូ សុផល

ភ្នំពេញ៖​ កាលពីពេលថ្មីៗនេះ​ សម្តេចតេជោ​ ហ៊ុន​ សែន​ បានមានប្រសាសន៍សរសើរ​ចំៗ​ ទៅលើ តារាសម្តែង​ និងជាតារាចម្រៀង​ លោក​ ឡេង​ ណាវ៉ាត់ត្រា​ដែលខំតស៊ូវិវត្តន៍ខ្លួន​ ពីពលករមកជាអ្នកសិល្បៈ​ និងជាអ្នកជំនួញជោគជ័យ​ ទាំងវ័យក្មេង​ ហើយក៏ជាបុគ្គលម្នាក់ដែលគួតែឲ្យយុវវ័យជំនាន់ក្រោយយកធ្វើជាគំរូ។

ក្នុងពិធីសំណេះសំណាល​ ជាមួយលោកគ្រូអ្នកគ្រូប្រមាណជាង៣ពាន់នាក់ នៅសាលមហោស្រពកោះពេជ្រ កាលពីព្រឹកថ្ងៃទី៦ ឩសភា សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើក យកឈ្មោះរបស់តារាចម្រៀង លោក ឡេង ណាវ៉ាត់ត្រា ម្ចាស់ផលិតកម្មGalaxy ដែលបានក្លាយជាម្ចាស់បុរី មកសរសើរនៅក្នុងពិធីគួរអោយភ្ញាក់ផ្អើល ខណៈដែលនេះជា​ គឺជារឿងកម្រដែលប្រមុខរដ្ឋាភិបាលលើកឈ្មោះអ្នកសិល្បៈជោគជ័យមួយរូប យកមកសរសើរកណ្ដាលពិធី។

សម្ដេចបានសរសើរ លោកឡេង ណាវ៉ាត់ត្រា ម្ដងហើយ​ម្ដងទៀតនៅក្នុងពិធី ដោយបានទាំងអះអាងថាសម្ដេច​បានខលទៅលោក ឡេង ណាវ៉ាត់ត្រា ដោយផ្ទាល់នោះផង នៅពេលដែលលោកមានបំណង​ ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា។ សម្ដេចបន្តថា សម្ដេចមានការរំភើបចិត្តនឹងតារាចម្រៀងរូបនេះយ៉ាងខ្លាំង ដោយបានបញ្ជាក់ថាអ្នកដែលមានការតស៊ូ និងមានគំនិតបែបនេះ គឺត្រូវតែជួយបំផុស និងលើកទឹកចិត្ត។

សម្ដេចនាយករដ្ឋមន្ត្រី បានលើកឡើងថា នៅក្នុងអណត្តិកៀកនឹងជិតបោះឆ្នោត​ នៅពាក់កណ្ដាលខែខាងមុខនេះ តម្លៃដីធ្លីនៅក្នុងប្រទេសកម្ពុជា​ មិនមានបញ្ហាធ្លាក់ថ្លៃដូចកាលពីអំឡុងមុនបោះឆ្នោត​ នាពេលកន្លងមកនោះទេ ដោយតម្លៃដីធ្លីមានតែឡើងជាងមុន និងមានការលើកឡើងថានឹងកាន់តែឡើងថ្លៃថែមទៀត ក្រោយការបោះឆ្នោត ដែលត្រូវបានសម្ដេចថានេះ ស្ថានភាពវិជ្ជមានសម្រាប់ជំនួញដីធ្លី។

អតីតពលករដែលវិវត្តន៍ខ្លួនមកជា​ ម្ចាស់មុខជំនួញលុយរាប់លាន​ លោក ឡេង ណាវ៉ាត់ត្រា បានអះអាងថា រំភើបចិត្តយ៉ាងខ្លាំង ដែលការតស៊ូរបស់លោកត្រូវបានប្រមុខដឹកនាំកំពូលគឺសម្ដេចនាយករដ្ឋមន្ត្រីទទួលស្គាល់ និងបានលើកយកឈ្មោះរបស់លោក​មកប្រកាសនៅក្នុងពិធីនេះ ដែលលោកថានេះជាគឺជាមោទនភាពរបស់ខ្លួនយ៉ាងខ្លាំង ចាប់តាំងពីលោកបាន​បញ្ចប់ការងារជាពលករនៅក្នុងប្រទេសកូរ៉េ ហើយបានត្រលប់មករស់នៅប្រទេសកំណើត។

លោក​ ឡេង​ ណាវ៉ាត់ត្រា​ ថា​ មិនអាចដកខ្លួនពីសិល្បៈ និងការងារសង្គមបានទេ ទើបលោកនៅតែបន្តផលិតចម្រៀងក្នុងផលិតកម្ម Galaxy និង បានរួមចំណែកជួយសង្គមជាច្រើន បូករួមទាំងបរិច្ចាគជួយដល់កាកបាទក្រហមកម្ពុជា និងមន្ទីរពេទ្យគន្ធបុប្ផាមុននេះ។ លោកថាការសរសើររបស់សម្ដេចនាយរដ្ឋមន្ត្រី គឺជាកម្លាំងចិត្តដ៏ធំក្នុងជីវិតរបស់លោក ហើយលោកក៏នឹងរួមចំណែកក្នុងការវិនិយោគលើគម្រោងបុរី និងជួយដល់សង្គមអោយកាន់តែច្រើនបន្ថែមទៀតផងដែរ ដើម្បីចែករំលែកបទពិសោធន៍តស៊ូ​ ដល់ក្រុមពលករជាច្រើនផ្សេងទៀត៕

   

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ