ព្រឹតិ្តការណ៍ថ្មីៗ

អភិបាលខណ្ឌទួលគោក លោក ឯក ឃុនដឿន គ្មានសមត្ថភាពបង្ក្រាប ទីតាំងភ្នាល់បាល់ តាម Internet ២៤ម៉ោង

2 ខែ មុន 5331 តូ សុផល

ភ្នំពេញ ៖ ទីតាំង​ភ្នាល់​បាល់​តាម Ineternet (24h) ​ជា​ច្រើន​កន្លែងបាននិង​កំពុង​តែ​រីក​ដុះ​ដាលពេញខណ្ឌទួលគោកនិងកំពុងបើក​ដំណើរការ​យ៉ាង​រលូន​សម្រាប់​អ្នក​ប្រកប​អាជីវ​កម្ម ​និង​អ្នកញៀន​ល្បែងភ្នាល់បាល់នេះ ​ស្របពេលដែល​ ​អាជ្ញាធរ​ពាក់ព័ន្ធ​ ជា​ពិសេស​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ទួលគោកក្រោមការដឹកនាំដោយលោក ឯក ឃុនដឿន ជា អភិបាលខណ្ឌ និង លោកហ៊ុន សុធី អធិការនគរបាលខណ្ឌ គេកម្រឃើញចុះ​បង្ក្រាបណាស់ ​សង្ស័យ​ថា​ អាជ្ញាធរត្រូវថ្នាំសណ្តំ ពីម្ចាស់ទីបនល្បែងជាទី​គាប់ចិត្ដណាស់ហើយមើលទៅ​? ចំណែក ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញវិញក៍ មិនហ៊ានអញ្ជើញអភិបាលខណ្ឌរូបនេះមកណែនាំចេញម្តងដែរ សង្ស័យតែក្លាចអំណាចឪពុកចៅហ្វាយខណ្ឌរូបនេះទេដឹង? បើអភិបាលផ្សេងទៀត បណ្តែតបណ្តោយបែបនេះវិញ ត្រៀមខ្លួនអោយហើយទៅ។

ប្រភពបញ្ជាក់យ៉ាងច្បាស់ថា ទីតាំង​ភ្នាល់​បាល់​តាម Internet នៅក្នុងទឹកដីខណ្ឌទួលគោក ទាំងនោះ មានដូច​ជា ៖

១.Internet PH នៅផ្ទះលេខ 45B ផ្លូវ 287 សង្កាត់បឹងកក់2

២. 4G Internet 88 ផ្ទះលេខ 140 Eo ផ្លូវលេខ 230 សង្កាត់ទឹកល្អក

៣. Nich Net   ផ្ទះលេខ 47Eo ផ្លូវ 192 សង្កាត់ទឹកល្អក់

៤. CH Net ផ្ទះលេខ656 ផ្លូវលេខ 128 សង្កាត់ផ្សារដេប៉ូ2

៥. Hunter Internet ផ្ទះលេខ 47Aeo ផ្លូវមុន្នីរ៉េត សង្កាត់ផ្សារដេប៉ូ

៦. CH New Net ផ្ទះលេខ 471 ផ្លូវកម្ពុជាក្រោម សង្កាត់ផ្សារដេប៉ូ2

៧. Free Internet ផ្ទះលេខ 428 Eo ផ្លូវលេខ 245 សង្កាត់ផ្សារប៉ូ2

៨. Net 888 សំណាង កំព្យូរទ័រ កែងផ្លូវទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក

៩. All Day Net 261 ផ្លូវទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក

១០. Net GLORYS ខាងក្រោយវិទ្យាល័យសន្ធរម៉ុក

Net 5ទីតាំង នៅជុំវិញផ្សារទួលគោក និងតាម​បណ្ដា​ហ្គេមអនឡាញ ២៤​ម៉ោង ​ជា​ច្រើន​កន្លែងទៀត​។​

ប្រភព​​ពី​អ្នក​និយម​ចូល​ចិត្ដ​លេងល្បែងភ្នាល់​បាល់​តាម Internet Online ​បាន​នាំ​គ្នា​ជជែក​ខ្សឹបខ្សៀវ​តាម​ហាង​កាហ្វេ​រៀង​រាល់​ព្រឹក​ថា​ រាល់​ថ្ងៃនេះ ​ពួក​គាត់​តែងតែ​ចាក់​បាល់​ជា​រៀងរាល់ថ្ងៃ​ ពិសេស​នៅ​ថ្ងៃ​សៅរ៍​ និង​ថ្ងៃអាទិត្យ ​នៅ​តាម​បណ្ដា​ហាង​អ៊ី​ន​ធើ​ណេ​ត​ក្នុង​ខណ្ឌ​ទួលគោក ព្រោះ​នៅ​ទីនោះ ​គឺជា​ទីតាំង​ល្អ​មាន​សុវត្ថិភាព​ពុំ​ខ្លាច​សមត្ថកិច្ច​ណា​មក​ចាប់​នោះ​ទេ​។​

​ពាក់ព័ន្ធ​ទៅ​នឹង​ទីតាំង​ល្បែងភ្នាល់​បាល់​តាម​អ៊ី​ន​ធើ​ណេ​ត​ខាងលើ​នេះ​ ឃើញ​ថា ​ផ្ទុយ​ពី​គោលនយោបាយ​ភូមិ​-​សង្កាត់​ មាន​សុវត្ថិភាព​របស់​រាជរដ្ឋាភិបាល ​ដែល​ដាក់​ឱ្យ​អាជ្ញាធរ​ក្នុង​មូល ដ្ឋាន​យកចិត្ដ​ទុក​ដាក់​បង្ការ​ និង​បង្ក្រាប​​ តែពេល​នេះ​ ស្រាប់តែ​ទីតាំង​ទាំងនេះ​ រីក​ដុះ​ដូច​ផ្សិត​ទៅ​វិញ​ តើគោលនយោបាយ​ភូមិ​-​សង្កាត់​ មាន​សុវត្ថិភាព​របស់​អាជ្ញាធរ​ខណ្ឌ​ទួលគោក ស្ថិត​នៅឯណាវិញ​?

ទាក់ទិន​នឹង​ល្បែងភ្នាល់​បាល់​ខាងលើ​ មន្ដ្រី​នគរបាល​ខណ្ឌទួលគោក​ មួយចំនួន​បាន​លើក​ឡើង​ថា​ គឺ​ពិបាក​នឹង​បង្ក្រាប​ណាស់​ ព្រោះ​ទីតាំង​ទាំងនោះ ​គេ​អះអាង​ថា​ មានច្បាប់​អនុញ្ញាត​ពីសា​លា​ខណ្ឌ​ និង​ម្យ៉ាងទៀត​ទីតាំងនីមួយៗ​ គឺ​សុទ្ធតែ​មាន​ខ្នងបង្អែក​អ្នកធំ​មាន​អំណាច​នៅ​ពី​​ក្រោយ​ ដូច្នេះហើយ​ពួក​គាត់​ជាម​ន្ដ្រី​តូច​តាច​មិន​ហ៊ាន​ទៅ​ក្បែរ​នោះ​ទេ​ ព្រោះ​ខ្លាច​ធ្លាក់បុណ្យ​ស័ក្ដិ​ពី​ស្មារ​ ។

គួរបញ្ជាក់ថា នាពេលកន្លងមក សម្តេចក្រឡាហោម ស ខេង បានដាក់ចេញបទបញ្ជាមក គេឃើញអាជ្ញាធរគណៈបញ្ជា ការឯកភាពមួយចំនួននៅក្នុងរាជធានីភ្នំពេញ បានចេញយុទ្ធនាការបង្ក្រាប់ល្បែងស៊ីសង ភ្នាល់បាល់តាម Internet ២៤ម៉ោង លើ ២៤ម៉ោង រួមទាំងកន្ទុយលេខ ដោយបានឃាត់ខ្លួនអ្នកពាក់ព័ន្ធ រួមនិងវត្ថុតាងមួយចំនួនបញ្ជួនទៅតុលាការ ។

តែគណៈបញ្ជាការឯកភាពខណ្ឌទួលគោក វិញហាក់ដូចជាត្រជាក់ល្ហឹមនៅមិនទាន់មានវិធានការបង្ក្រាបទីតាំង (Net24h) ទាំងនោះ នៅឡើយទេ។ ទង្វើទាំងនេះហើយបញ្ជាក់ឲ្យឃើញថា អាជ្ញាធរខណ្ឌទួលគោក ហាក់ផ្គើនទៅ នឹងបទបញ្ជារបស់សម្តេចក្រឡាហោម អញ្ចឹង ។

មជ្ឈដ្ឋានទូទៅរង់ចាំមើលថា តើនាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម នៃអគ្គស្នងការនគរបាលជាតិ ហ៊ានបង្ក្រាបទីតាំងល្បែងខុសច្បាប់នៅក្នុងទឹកដីខណ្ឌទួលគោក ដែរឬទេ? ព្រោះសូម្បីអាជ្ញាធរមូលដ្ឋាន (ទាំងអភិបាខណ្ឌ និងអភិបាលរាជធានីភ្នំពេញ ក៍មិនហ៊ានបង្ក្រាបផងនោះ) ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ