ព្រឹតិ្តការណ៍ថ្មីៗ

វាំងននខ្មៅ ករណីឃាតកម្ម សម្លាប់ថៅកែលក់គ្រឿងឡាននៅខេត្តសៀមរាប ត្រូវបានលាតត្រដាងការពិត!

7 ខែ មុន 4398 តូ សុផល
សៀមរាប ៖ ដោយមាន ការយកចិត្តដាក់ខ្ពស់ ពីសំណាក់ ឯកឧត្តម អគ្គស្នងការនគរបាលជាតិ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌរួមទាំង ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចកវិទ្យា នឹងដោយមានការដឹកនាំបញ្ជារផ្ទាល់ ពីសំណាក់ លោកឧត្តមសេនីយ៍ត្រី ទិត្យ ណារ៉ុង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ករណីឃាតកម្ម កាលពីចន្លោះម៉ោង២០:៣០នាទីទៅម៉ោង២១:៣០នាទី ថ្ងៃទី២៣ខែមេសាឆ្នាំ២០១៨កន្លងទៅ លើជនរងគ្រោះ ឈ្មោះ ពិត បារាំង ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរ លក់គ្រឿងបន្លាស់រថយន្ត មានទីលំនៅខាងក្រោយ សណ្ឋាគារគោកធ្លក ក្នុងភូមិគ្រួស សង្កាត់ស្វាយដង្គំ រហូតមកដល់ថ្ងៃទី០៣ខែឧសភាឆ្នាំ២០១៨ នេះ នគរបាលខេត្តសៀមរាប បានបើកការស៉ើបអង្កេត ស្រាវជ្រាវបំបែកសំណុំរឿងដ៏ ស្មុគស្មាញ នេះបានហើយ ដោយបានធ្វើការ ឃាត់ខ្លួនជនសង្ស័យ និងអ្នកជាប់ពាក់ពន្ធ័ បានចំនួន០៣នាក់ ស្រី០១នាក់ ដកហូតវត្ថុតាងបានមួយចំនួន ផងដែរ។
កិច្ចសហប្រត្តិបត្តការណ៍នេះ ធ្វើឡើងដោយមានកំលាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ចូលរួម សហការណ៍ជាមួយ កំលាំងនគរបាលផែនសន្តិសុខ និងកំលាំងនគរបាលផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ។

ប្រភពអោយដឹងថា ដោយធ្លាប់មានការទំនាក់ទំនងគ្នាពីមុន ឈ្មោះ សយ ឡុន ហៅជ្រូក បានមករក ឈ្មោះ អ៊ុន ប៉ូឡូញ ហៅ រតនា អោយជួយរកការងារអោយខ្លួនធ្វើ ក្រោយមកនៅថ្ងៃទី២២ខែមេសាឆ្នាំ២០១៨ វេលាម៉ោង៧:០០នាទីព្រឹក ឈ្មោះ អ៊ុន ប៉ូឡូញ បាននាំ ឈ្មោះ សយ ឡុន មករកសុំការងារធ្វើនៅផ្ទះជនរងគ្រោះ បន្ទាប់មក ឈ្មោះ សយ ឡុន និងឈ្មោះ អ៊ុន ប៉ូឡូញ បាននាំគ្នាទៅផឹកស៉ីក្នុងហាងមួយ នៅខាងក្រោយស្តាតចាស់ ក្នុងសង្កាត់ស្វាយដង្គុំ រហូតដល់ម៉ោង២២:០០នាទីយប់ ជនសង្ស័យទាំងពីរបាននាំគ្នាចេញពីកន្លែងផឹកស៉ី ហើយ ធ្វើដំណើរទៅ បន្ទប់ជួលរបស់ ឈ្មោះ សយ ឡុន ហៅជ្រូក ដែលមានទីតាំងក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គុំ អំឡុងពេលនៅក្នុងបន្ទប់ជួល អ្នកទាំងពីរបានពិភាក្សាគ្នា អំពីគម្រោង សម្លាប់ដើម្បីយកទ្រព្យសម្បត្តិ ពីជនរងគ្រោះ ព្រោះដោយសារជនរងគ្រោះនៅផ្ទះម្នាក់ឯងហើយមានទ្រព្យសម្បត្តិច្រើន ដោយកិច្ចពិភាក្សានេះជនសង្ស័យទាំងពីរបានពិភាក្សារហូតដល់ម៉ោង ៤:០០ព្រឹកទាបភ្លឺ ឆ្លងចូលថ្ងៃទី២៣ខែមេសាឆ្នាំ២០១៨ បន្ទាប់ពីរៀបចំគម្រោងច្បាស់លាស់ រួចហើយ ឈ្មោះ អ៊ុន ប៉ូឡូញ ហៅ រតនា ក៏បានឡើងជិះម៉ូតូរបស់ខ្លួនចេញទៅបាត់ទៅ ។

លុះដល់វេលាម៉ោង២០:០០នាទី ឈ្មោះ សយ ឡុន ហៅជ្រូក បានអនុវត្តតាមគម្រោង ដោយចេញមករកម៉ូតូឌុបជិះ នៅចំណុចខាងមុខសាលាអន្តរជាតិ ស្ថិតក្នុងភូមិសាលាកន្សែង ហើយបានខ្ចីទូរសព្ទ័របស់ អ្នករត់ម៉ូតូឌុប ដើម្បីខលទៅជនរងគ្រោះ ដោយប្រាប់ថាគេកំពុងជិះម៉ូតូឌុប ទៅជួបជនរងគ្រោះហើយ ពេលទៅដល់មុខផ្ទះជនរងគ្រោះ ជនសង្ស័យ ឈ្មោះ សយ ឡុន បានយកទូរសព្ទ័អ្នករត់ម៉ូតូឌុប ខលទៅ ជនរងគ្រោះម្តងទៀត ដោយប្រាប់ថារូបគេមកដល់ហើយ ដើម្បីអោយជនរងគ្រោះបើកទ្វារអោយរូបគេ ក្រោយនិយាយទូរសព្ទ័រួច អ្នករត់ម៉ូតូឌុបក៏បើម៉ូតូចេញទៅបាត់ ។ ពេលជនរងគ្រោះបើកទ្វារ ជនសង្ស័យ ឈ្មោះ សយ ឡុន ក៏បានចូលទៅក្នុងផ្ទះ និយាយគ្នាជាមួយជនរងគ្រោះ បានបន្តិចជនរងគ្រោះក៏ដើរឡើងទៅលើឡៅតឿ ឆ្លៀតពេលនោះជនសង្ស័យក៏បានដើរទៅចង្ក្រានបាយផ្នែកខាងក្រោយផ្ទះហើយយកកាំបិតចុងស្រួច កាន់ក្នុងដៃលាក់នៅខាងក្រោយខ្នង ឈរនៅក្បែរជណ្តើរ ពេល ជនរងគ្រោះដើរចុះមកវិញ ហើយដើរសំដៅមកនិយាយជាមួយខ្លួន ជនសង្ស័យក៏យកកាំបិតដែលខ្លួនលាក់ទុកក្នុងដៃ ចាក់សំដៅ ទៅបំពង់ករជនរងគ្រោះ បណ្តាលអោយជនរងគ្រោះដួលប្រកាច់ស្លាប់ភ្លាមៗ ។ ហើយជនសង្ស័យក៏ដើរឡើងតាមកាំជណ្តើរទៅខាងល់ឡៅតឿ ចូលក្នុងបន្ទប់ដេក របស់ជនរងគ្រោះ ដើម្បីប្រមូល យកទ្រព្យសម្បត្តិ របស់ជនរងគ្រោះ រួមមាន:
-ខ្សែរករមាសមាន បណ្តោងយុត្តការ ទម្ងន់ បីតម្លឹងពីរជី
-ចិញ្ចៀនពេជ្រ មួយវង់
-ទូរសព្ទ័ដៃចំនួន០២គ្រឿង (ម៉ាកIPhone 7Plus ពណ៍ខ្មៅ+ម៉ាកSamsung Note8 ពណ៍ខ្មៅ )
-IPad ចំនួន០១គ្រឿង
-ប្រអប់ផ្ទុកទិន្ន័យ កាមេរ៉ាសុវត្តិភាព ០១គ្រឿង
លុះដល់វេលាម៉ោង២៣:០០នាទី ជនសង្ស័យឈ្មោះ ឈ្មោះ សយ ឡុន បានចាកចេញពីកន្លែងកើតហេតុ ដោយមានឈ្មោះ អ៊ុន ប៉ូឡូញ ហៅ រតនា រងចាំទទួលហើយដឹកចេញទៅ តាមផ្លូវទៅទិសខាងត្បូង នៃផ្ទះជនរងគ្រោះ ហើយបត់ចូលតាមផ្លូវបាខែង ទៅទិសខាងកើត ទៅដល់ចំណុចលូទឹកស្អុយ ឈ្មោះ សយ ឡុន ហៅជ្រូក និង ឈ្មោះ អ៊ុន ប៉ូឡូញ បានចែកទ្រព្យសម្បត្តិដែលប្រមូលបាន ដោយ ឈ្មោះ សយ ឡុន ហៅជ្រូក ទទួលបាន ខ្សែរករមួយខ្សែរ ទូរសព្ទ័ចំនួន ០២គ្រឿង រួមនឹងប្រអប់ផ្ទុកទិន្ន័យ កាមរ៉ាសុវត្តិភាពផងដែរ ចំណែក ឈ្មោះ អ៊ុន ប៉ូឡូញ ហៅ រតនា ទទួលបានចិញ្ជៀន០១វង្ស ក្រោយមកអ្នកទាំងពីរក៏បានបែកផ្លូវគ្នា ដោយឈ្មោះ សយ ឡុន ហៅជ្រូក បានទំលាក់ ប្រអប់ផ្ទុកទិន្ន័យ កាមរ៉ាសុវត្តិភាព ចូលទៅក្នុងលូទឹកស្អុយ ។

នៅព្រឹកថ្ងៃទី២៤ខែមេសាឆ្នាំ២០១៨ បន្ទាប់ពីមានការភ្ញាក់ផ្អើល ដោយសារប្រទះឃើញសាកសពជនរងគ្រោះ កំលាំងនគរបាលក្រុងសៀមរាបដឹកនាំដោយលោកវរសេនីយ៍ឯក ទេព ចាន់ណា អធិការនគរបាលក្រុងសៀមរាប បានទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការសហការណ៍ជាមួយអង្គភាពពាក់ពន្ធ័បើកការស្រាវជ្រាវ នៅបរិវេណកន្លែងកើតហេតុ។ រហូតដល់ថ្ងៃទី២៨ខែមេសាឆ្នាំ២០១៨ កំលាំងផ្នែកព្រហ្មទណ្ឌក្រុងសៀមរាប ដឹកនាំដោយលោក វរសេនីយ័ត្រី នួន សក្តិចំរើនរិទ្ធ អធិការងក្រុងសៀមរាប បានរក ប្រអប់ផ្ទុកទិន្ន័យ កាមរ៉ាសុវត្តិភាព ឃើញ។

ក្រោយរកឃើញ ប្រអប់ផ្ទុកទិន្ន័យ កាមរ៉ាសុវត្តិភាព នឹងរកឃើញតំរុយផ្សេងៗទៀត ពាក់ពន្ធ័ ទៅនឹង ជនសង្ស័យ និងជនពាក់ពន្ធ័ នៅថ្ងៃទី០២ខែឧសភាឆ្នាំ២០១៨ កំលាំងនគរបាលផែនសន្តិសុខដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហួត សុធី និងកំលាំងនគរបាលផែនព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ព្រមទាំង កំលាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប នៅវេលាម៉ោង២៣:០០នាទីយប់ យើងបានធ្វើការឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ធឿន ធីតា ហៅ ស៊ុក ភេទស្រី អាយុ២០ឆ្នាំ មុខរបរ បុគ្គលិកខារ៉ាអូខេ មានទីកន្លែងកំណើត នៅភូមិ ត្របែក ឃុំដំដែក ស្រុកសូទ្រនិគមន៍។

នៅវេលាម៉ោង១ និង៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី៣ឧសភាឆ្នាំ២០១៨ យើងបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ឈ្មោះ សយ ឡុន ហៅ ជ្រូក អាយុ ២៤ ឆ្នាំ(ជាចារី) រស់នៅភូមិថ្នល់ដាច់ ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប ចាប់ខ្លួននៅភូមិថ្នល់ដាច់ ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប ខណះជនរូបនេះ នៅកន្លែងពិធីបុណ្យមួយ នៅភូមិខាងលើ។

-នៅវេលាម៉ោង១២:០០នាទី ឈ្មោះ អ៊ុន ប៉ូឡូញ អាយុ ៣២ឆ្នាំ រស់នៅ ភូមិដំដែក ស្រុកសូទ្រនិគម(ជាអ្នកសមគំនិត និងជាមេក្លោង)។

វត្ថុតាងដកហូតបាន
-ទូរសព្ទ័ម៉ាកIPhone 7Plus ពណ៍ខ្មៅ មួយគ្រឿង
-ទូរសព្ទ័ម៉ាក Samsung Note8 មួយគ្រឿង

យោងតាមចម្លើយសារភាពរបស់ជនសង្ស័យ និងពាក្យបណ្តឹងរបស់សមាជិកគ្រួសារជនរងគ្រោះ ជនសង្ស័យនិងវត្ថុតាង ត្រូវបាននគរបាលខេត្តសៀមរាប កសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមនិតិតវិធីច្បាប់ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!