ព្រឹតិ្តការណ៍ថ្មីៗ

វាយគេស្លាប់ គ្រាន់តែរឿង គ្រោះថ្នាក់ចរាចរណ៍សោះ!

3 ខែ មុន 140 តូ សុផល

ភ្នំពេញ៖ នៅថ្ងៃ ព្រហស្បតិ៍ ០៤រោច ខែ ពិសាខ ឆ្នាំ ច សំរឹទ្ធិស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី ០៣ ខែ ឧសភា ឆ្នាំ ២០១៨ វេលាម៉ោង​១២ម៉០០នាទីកម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែក្រោម បានសហការជាមួយកម្លាំងផ្នែកនគរបាលយុត្តិធម៍នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ និង កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០១នាក់ឈ្មោះ ​ម៉េង ភារៈ ហៅ វ៉ូច ភេទ ប្រុស អាយុ ២៥ ឆ្នាំជនជាតិ ខ្មែរ មុខរបរ បុគ្គលិកមជ្ឈមណ្ឌលម៉ូឌែន២ ទីលំនៅ​ផ្ទះលេខ០៨បេ ផ្លូវ លំ ភូមិ ព្រែកតាឡុង សង្កាត់ ចាក់អង្រែក្រោម ខណ្ឌ មានជ័យ រាជធានីភ្នំពេញ (មានផ្ទុកសារធាតុញៀន​ក្នុងទឹកនោម)។

ពីបទ ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោសដោយសារមរណភាពនៃជនរងគ្រោះ (ទំនាស់រឿងគ្រោះថ្នាក់ចរាចរណ៍វាយបណ្តាលឲ្យស្លាប់) កាល​ពី​​ថ្ងៃទី ០២ ខែ ឧសភា ឆ្នាំ ២០១៨ វេលាម៉ោង​២៣ម៉​០០នាទី នៅចំណុច មុខផ្ទះជួល ផ្លូវ បេតុង ក្រុមទី២ ភូមិ ព្រែកតាឡុង សង្កាត់ ចាក់អង្រែក្រោមខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ ស្រ៊ុន វិចិត្រ ភេទ ប្រុស អាយុ ៣៦ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជាងពិដាន ​ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិ ព្រែកតាឡុង សង្កាត់ ចាក់អង្រែក្រោមខណ្ឌមានជ័យ រាជធានីភ្នំពេញ (ស្លាប់ មានស្នាមហើមជាំក្បាលខាងស្តាំ ,ហើមជាំលើផ្ទៃមុខខាងស្តាំ ,ហើមជាំគុម្ពឃ្លៀកខាងឆ្វេងនិងដាច់រយៈបបូរមាត់លើ.ក្រោម) ។

វត្ថុតាងបន្សល់នៅកន្លែងកើតហេតុ ៖ ដុំថ្មចំនួន០១ដុំ និង បំណែកក្បាំងម៉ូតូពណ៍ក្រហមលាយខ្មៅ ចំនួន០១បន្ទះ ។

ប្រភពអោយដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះឈ្មោះ ស្រ៊ុន វិចិត្រ និង បងថ្លៃប្រុសឈ្មោះ សំ កុយ បានជិះម៉ូតូ០១គ្រឿងម៉ាកស្គូបពី ពណ៍ក្រហម ចេញពីផ្ទះជួលទៅទិញម្ហូបនៅម្តុំផ្សារក្រមួន ផ្លូវជាតិលេខ២ សង្កាត់ ចាក់អង្រែក្រោម ពេលមកដល់ចំណុចផ្លូវបេតុង ភូមិ ព្រែកតាឡុង សង្កាត់ ចាក់អង្រែក្រោម ម៉ូតូជនរងគ្រោះក៏បានបុកជាមួយម៉ូតូ០១គ្រឿងម៉ាកវីវ៉ា ពណ៍ខ្មៅ បើកបរដោយឈ្មោះ ត្រេន ភេទ ប្រុស ឌុបមនុស្សប្រុសម្នាក់ទៀតមិនស្គាល់ឈ្មោះ ដែលជិះបញ្ច្រាសទិសគ្នាបណ្តាលឲ្យខូចខាតម៉ូតូទាំងសងខាង ក្នុងពេលនោះឈ្មោះ ត្រេន បានដកទូរស័ព្ទដៃនិយាយ ហើយក៏មានបក្សពួកជាច្រើននាក់បានមកដល់ ក្នុងនោះមានម្នាក់ឈ្មោះ ម៉េង ភារៈ ហៅ វ៉ូច បានមានទំនាស់ពាក្យសំដីជាមួយភាគីជនរងគ្រោះ បន្ទាប់មកភាគីឈ្មោះ ត្រេន និង ជនរងគ្រោះបានសម្របសម្រួលគ្នា ដោយយកម៉ូតូទៅធ្វើខ្លួនឯង ពេលនោះជនរងគ្រោះឈ្មោះ ស្រ៊ុន វិចិត្រ និង បងថ្លៃឈ្មោះ សំ កុយ ក៏បានត្រឡប់ មកផ្ទះជួលវិញ ។

លុះមកដល់វេលាម៉ោង២៣ម៉០០នាទីថ្ងៃទី០២-០៥-២០១៨ ជនរងគ្រោះឈ្មោះ ស្រ៊ុន វិចិត្រ បានដើរចេញមកឈរនៅចំណុចផ្លូវបេតុងច្រកចូលផ្ទះជួល ភូមិ ព្រែកតាឡុង សង្កាត់ ចាក់អង្រែក្រោម (ចំណុចកើតហេតុ) ស្រាប់តែជនសង្ស័យឈ្មោះ ម៉េង ភារៈ ហៅ វ៉ូច បានដើរម្នាក់ឯងយកដុំថ្ម០១ដុំមកវាយជនរងគ្រោះឈ្មោះ ស្រ៊ុន វិចិត្រ បណ្តាលឲ្យរបួសហើមជាំក្បាលខាងស្តាំ ,ហើមជាំលើផ្ទៃមុខខាងស្តាំ ,ហើមជាំគុម្ពឃ្លៀកខាងឆ្វេងនិងដាច់រយៈបបូរមាត់លើ.ក្រោម ដួលសន្លប់ទៅលើផ្លូវ ត្រូវក្រុមគ្រួសារនាំយកមកសម្រាកនៅផ្ទះជួល ។ លុះមកដល់វេលាម៉ោង០៧ម៉០០នាទីព្រឹកថ្ងៃទី០៣-០៥-២០១៨ ជនរងគ្រោះឈ្មោះ ស្រ៊ុន វិចិត្រ នៅតែសន្លប់មិនដឹងខ្លួន ពេលនោះប្រពន្ធឈ្មោះ ទឿន ឡេន ក៏បានបញ្ជូនទៅសង្គ្រោះមន្ទីរពេទ្យបាយ័ន្តទើបដឹងថាជនរងគ្រោះស្លាប់ ទើបប្រពន្ធឈ្មោះ ទឿន ឡេន បានមកដាក់ពាក្យបណ្តឹងនៅស្នាក់ការនគរបាលប៉ុស្តិ៍ចាក់អង្រែក្រោម ។ បន្ទាប់មកកម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែក្រោមបានសហការជាមួយកម្លាំងផ្នែកនគរបាលយុត្តិធម៍នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ និង កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យឈ្មោះ ម៉េង ភារៈ ហៅ វ៉ូច ដែលកំពុងដើរតាមផ្លូវនៅចំណុចផ្លូវលំ ភូមិ ព្រែកតាឡុង សង្កាត់ ចាក់អង្រែក្រោម ខណ្ឌ មានជ័យ យកមកសាកសួរនៅស្នាក់ការនគរបាលប៉ុស្តិ៍ចាក់អង្រែក្រោមចាត់ការតាមច្បាប់តែម្តង ។

បច្ចុប្បន្នជនសង្ស័យឈ្មោះ ​ម៉េង ភារៈ ហៅ វ៉ូច ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បី​កសាង​​​សំណុំ​រឿងចាត់ការតាមនីតិវិធី ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ