ព្រឹតិ្តការណ៍ថ្មីៗ

ផ្កាយ៣ដូចគ្នា បាញ់ដូចគ្នា តែ វេសនា ឧត្តសេនីយ៍ផ្កាយមាស៣ ហ៊ុន ជា ខុសគ្នាស្រលះពី ឧកញ៉ាផ្កាយ៣ ហូរ ចំរើន នៅដេកសោយសុខយ៉ាងរុំភើយ!

3 ខែ មុន 45866 តូ សុផល
 ភ្នំពេញ ៖ នៅទីបំផុត ក្រោយពីសាកសួរនៅសាលាដំបូងរាជធានីភ្នំពេញអស់រយះពេលជាង៥ម៉ោងរួចមកនោះ
 នៅព្រលប់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៨នេះ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្តន្ទាទោសលោកឧកញ៉ា ឧត្តមសេនីយ៍ផ្កាយមាស៣ ហ៊ុន ជា មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ និងត្រូវជាក្មួយបង្កើតនាយករដ្ឋមន្ត្រីនៃកម្ពុជា ដាក់ពន្ធនាគារកំណត់រយៈពេល១៨ខែ ដោយចោទប្រកាន់ពីរបទល្មើសគឺ “ គំរាមកំហែងថានឹងសម្លាប់ “ និង “ ធ្វើឱ្យខូចខាតដោយចេតនា”។

ក្នុងសវនាការ នាពេលនោះមានលោកចៅក្រមរស់ ពិសិដ្ឋ ជាចៅក្រមជំនុំជម្រះ និង លោកហ៊ឹង ប៊ុនថន ជាតំណាងអយ្យការផងដែរ។

បើតាមន្រ្តីតុលាការក្រុងភ្នំពេញ បានប្រាប់ថា ឧត្តមសេនីយ៍ផ្កាយ៣លោក ហ៊ុន ជា ត្រូវបញ្ជូនចេញពីសសលាដំបូងរាជធានីភ្នំពេញ នៅម៉ោង៥ និង៥៥នាទីល្ងាច ថ្ងៃពុធ ៣រោច ខែពិសាខ ឆ្នាំច សំរឹទិ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៨នេះ ដោយក្រុមនគរបាល នាំខ្លួនទីពន្ធនាគារប៉េហ្ស៊ី(PJ)នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។

បើតាមអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អុី រិន នៅយប់ថ្ងៃពុធនេះ បានប្រាប់ ថា លោក ហ៊ុន ជា ត្រូវចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ លោក រស់ ពិសិដ្ឋ ផងដែរ ដោយបាន សម្រេចឃុំខ្លួនដាក់ពន្ធនាគារព្រៃសរ១៨ខែ បន្ទាប់ពីព្រះរាជអាជា្ញរង ហុឹង ប៊ុន ថន ចោទ២បទល្មើស ទី១ ចោទពីបទ “ គំរាមកំហែងថានឹងសម្លាប់ “ និងទី២ ចោទពីបទ “ ធ្វើឱ្យខូចខាតដោយចេតនា “ តាមមាត្រា២៣៣និងមាត្រា៤១០ នៃក្រមព្រហ្មទណ្ឌ ។

សួមបញ្ជាក់ផងដែរថា នេះគឺជាលើកទីពីរហើយដែលអ្នកល្បីឈ្មោះក្នុងសង្គមគឺឧកញ៉ាឋានះផ្កាយមាស៣ពីររូប បានបាញ់បោះសេរីជា១០គ្រាប់បង្កឱ្យមានការភ្ញាក់ផ្អើលនោះ។

គេបានដឹងហើយថា អ្នកដែលតែងតែល្បីខាងបាញ់បោះសេរីតាំងពីនៅវ័យក្មេងរហូតដល់វ័យជិតពាក់កណ្តាលជីវិត និងបានឡើងបុណ្យស័ត្តិបន្តបន្ទាប់រហូតចុងក្រោយត្រូវបានបំពាក់ផ្កាយមាស៣ ថ្មីៗនេះ គឺលោកឧត្តមសេនីយ៍ ហ៊ុន ជា ដែលគេស្គាល់ច្បាស់ជាក្មួយបង្កើតនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះ ត្រូវបានខាងក្រសួងមហាផ្ទៃហៅឱ្យចូលខ្លួនបំភ្លី តាមបញ្ជារពីនាយករដ្ឋមន្ត្រីហ៊ុន សែន បន្ទាប់លោកផ្កាយ៣ ហ៊ុន ជា បានបំផ្ទុះអាវុធជិត១០គ្រាប់កាលពី យប់មិញ បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ ខណៈពេលបោះឆ្នោតជិតចូលមកដល់នោះ ។

ពាក់ព័ន្ធនិងករណីផ្ទុះអាវុធខាងលើនេះ បើតាមប្រភពបង្ហាញថា ករណីនេះបានកើតឡើយ ដោយមានដើមចមមកពីមានទំនាក់គ្នាក្នុងគ្រួសារ ធ្វើឱ្យលោកទប់អារម្មណ៍មិនបានក៍ដក់កាំភ្លើងបាញ់ឡើងលើដើម្បីរំសាយកំហឹងតែប៉ុណ្ណោះ មិនបង្កឱ្យអ្នកណាម្នាក់រងរបួសនោះទេ ។

តែបើតាមប្រភពព័ត៌មានបង្ហើបឱ្យដឹងថា លោកផ្កាយ៣ហ៊ុន ជា អាចនិងបញ្ជូនទៅតុលាការ ក្រោយនាយករដ្ឋមន្ត្រីហ៊ុន សែន បញ្ជាឲ្យនាំខ្លួនរឿងបាញ់បោះជាង១០គ្រាប់ នៅកណ្ដាលក្រុង មកសាកសួរ។

សូមបញ្ជាក់ផងដែរថា មានករណីផ្ទុះអាវុធជាច្រើនគ្រាប់ជាប់ៗគ្នាតែម្ដង ចេញពីផ្ទះលេខ១១ បើកអាជីវកម្មវេរលុយយីហោ True Money នៅតាមបណ្ដោយផ្លូវ១០៨ កែងផ្លូវ៥១ ស្ថិតក្នុងភូមិ១១ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីវេលាម៉ោងប្រមាណ១០និង២០នាទីយប់ ថ្ងៃអង្គារ៍ ២រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ២៥៦២ ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៨។

បើសេចក្ដីរាយការណ៍បន្តថា ក្រោយពីឮសំឡេងគ្រាប់កាំភ្លើងផ្ទួនៗ គេសង្កេតឃើញវត្តមានអភិបាលខណ្ឌដូនពេញ កងកម្លាំងសមត្ថកិច្ចមូលដ្ឋាន មានទាំងកម្លាំងនគរបាលខណ្ឌដូនពេញ និងទាំងកម្លាំងអាវុធហត្ថខណ្ឌដូនពេញ បានចុះទៅកន្លែងកើតហេតុភ្លាមៗដែរ ប៉ុន្តែដូចជាមិនហ៊ានចូលទៅសាកសួរ នៅផ្ទះកើតហេតុនោះទេ បានត្រឹមឈរមើលនិងរាយការណ៍ទៅថ្នាក់លើ ព្រោះដឹងថាអ្នកផ្ទុះអាវុធនោះគឺលោកផ្កាយ៣ហ៊ុន ជា ក្មួយបង្កើតរបស់នាយករដ្ឋមន្ត្រី។

នេះជាលើកទី២ហើយករណីផ្ទុះអាវុធដោយលោកឧកញ៉ាផ្កាយមាស៣ ពីររូបដែលមានឥទ្ធិពលខ្លាំងក្លា គឺទី១ឧកញ៉ាថ្នាក់ឧត្តមសេនីយ៍ផ្លាយ៣យោធាអង្គរ័ក្ស ហូរ ចំរើន បាញ់ជាង១០គ្រាប់នៅក្នុងភូមិគ្រឹះរបស់លោកនៅសង្កាត់ដង្កោ បង្កឱ្យមានការភ្ញាក់ផ្លើល ដោយគ្មានសមត្ថកិច្ចណាហ៊ានចូលឃាត់ខ្លួនឡើង ។ ទី២គឺលោកឧកញ៉ាផ្កាយមាស៣ ហ៊ុន ជា មន្ត្រីនគរបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ ដែលបានបាញ់បោះយប់មិញនេះ។

មហាជនបាននិយាយថា បើលោកផ្កាយ៣ ហ៊ុន ជា ត្រូវបានតុលាកាឱ្យនាំខ្លួនយកទៅសួរនាំ មែននោះ វាពិតជាអយុត្តិធម៌ណាស់សម្រាប់រូបលោក ខណៈករណីដូចគ្នានេះលោកឧកញ៉ាផ្កាយ ៣ ហូរ ចំរើន បានរួចខ្លួន ដោយពុំឃើញមានចំណាត់ការអ្វីទាំងអស់ ពោលគឺឧកញ៉ាផ្កាយ៣ ហូរ ចំរើន នៅដេកសោយសុខយ៉ាងរុំភើយ ចំណែកឯឧកញ៉ាផ្កាយ៣ ហ៊ុន ជា បែរជាត្រូវជាប់ពន្ធនាគារ១៨ខែទៅវិញ តើយុត្តិធម៌ទេ ? ។

គេថាឧកញ៉ាថ្នាក់ឧត្តមសេនីយ៍ផ្កាយ៣ ដូចគ្នា តែវាសនាខុសគ្នា ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ