ព្រឹតិ្តការណ៍ថ្មីៗ

លុបបំបាត់ ចំណតបង់ប្រាក់របស់ក្រុមហ៊ុនសូណាត្រា ពីពេលនេះតទៅ!

7 ខែ មុន 1277 តូ សុផល

ភ្នំពេញ៖ ដោយបានទទួលនូវសំណូមពរយ៉ាងទទូចពីសំណាក់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន

ក៏ដូចជាបងប្អូនប្រជាពលរដ្ឋដែលមកទស្សនាកម្សាន្ដនៅរមណីយដ្ឋានប្រវត្តិសាស្រ្ដវត្តភ្នំ សួនកុមារវត្តភ្នំ សួនគោព្រៃវត្តភ្នំ និង ក្រោយសណ្ឋាគារឡឺរ៉ូយាល់ ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលបានយកកូនមកពិនិត្យ និងព្យាបាលជំងឺនៅមន្ទីរពេទ្យគន្ធបុប្ផាទី៤ផងដែរនោះ នៅព្រឹកថ្ងៃ អង្គារ៍ ២រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានដាក់ចេញជាគោលការណ៍ដល់មន្រ្ដីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ អនុវត្តដូចខាងក្រោម៖

១-អនុញ្ញាតឲ្យធ្វើការលុបបំបាត់ទាំងស្រុងរាល់ការយកភាស៊ី លើសេវាទទួលផ្ញើយានយន្ដគ្រប់ប្រភេទ របស់បងប្អូនប្រជាពលរដ្ឋ ដែលអញ្ជើញមកទស្សនាកម្សាន្ដនៅទីតាំងរមណីយដ្ឋានប្រវត្តិសាស្រ្ដវត្តភ្នំ សួនកុមារវត្តភ្នំ សួនគោព្រៃ និង ក្រោយសណ្ឋាគារឡឺរ៉ូយាល់ ចាប់ពីថ្ងៃនេះតទៅ ។

២-ចំពោះចំណតបង់ប្រាក់របស់ក្រុមហ៊ុនសូណាត្រាខាងលើ នៅចំណុចសួនគោព្រៃ ផ្លូវលេខ១០២ ផ្លូវលេខ១៩ ជុំវិញសួនកុមារវត្តភ្នំ និង ក្រោយសណ្ឋាគារឡឺរ៉ូយាល់ ត្រូវបានក្រុមហ៊ុនឯកភាពលុបបំបាត់ទាំងស្រុង ដោយពុំអនុញ្ញាតឲ្យមានចំណតបង់ប្រាក់តទៅទៀតឡើយ ដើម្បីសម្រួលដល់ការឈប់ចតយានយន្ដរបស់បងប្អូនប្រជាពលរដ្ឋមកទស្សនាកម្សាន្ដនៅរមណីយដ្ឋានប្រវត្តិសាស្រ្ដវត្តភ្នំ និង ដើម្បីសោភ័ណ្ឌភាពនៅក្នុងទីក្រុង ។

ក្នុងនាមរដ្ឋបាលខណ្ឌដូនពេញ ក៏ដូចជាក្នុងនាមប្រជាពលរដ្ឋគ្រប់មជ្ឍដ្ឋាន សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ព្រមទាំងមន្រ្ដីជំនាញពាក់ព័ន្ធទាំងអស់ ដែលតែងតែយកចិត្តទុកដាក់ទទួលយក និងដោះស្រាយរាល់សំណើរ សំណូមពរ របស់ប្រជាពលរដ្ឋក្នុងខណ្ឌដូនពេញ ក៏ដូចជារាជធានីភ្នំពេញទាំងមូល បានទាន់ពេលវេលា និងឆាប់រហ័ស ។

សូម ឯកឧត្តម អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ព្រមទាំងមន្រ្ដីរាជការក្រោមឱវាទទាំងអស់ ទទួលបាននូវសេចក្ដីសុខ សុភមង្គល និងបានសម្រេចគ្រប់ភារកិច្ច ក្នុងការដឹកនាំ និងអភិវឌ្ឍន៍រាជធានីភ្នំពេញ ឲ្យក្លាយជាទីក្រុងដែលប្រកបដោយសោភ័ណភាព ផាសុខភាព និងជាទីទាក់ទាញបំផុតវិនិយោគិន ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ បន្ថែមទៀត ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!