ព្រឹតិ្តការណ៍ថ្មីៗ

ពិធីប្រកាសដាក់ឲ្យដំណើរការជាផ្លូវការច្រកចេញចូល មួយសេវាអត្តសញ្ញាណម្មនៅឃុំសង្កាត់សាកល្បង

2 ខែ មុន 46 តូ សុផល

ខេត្តកែប ខេត្តកំពត ៖ ព្រឹកថ្ងៃទី២ ឧសភា ឆ្នាំ២០១៨ នៅសាលាឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប

បានរៀបចំពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការច្រកចេញចូលតែមួយ សេវាអត្តសញ្ញាណកម្ម នៅឃុំ សង្កាត់សាកល្បង នៅខេត្តកែប និងខេត្តកំពត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់៖
១, ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ម៉ៅ ចន្ទ័តារា អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
២, ឯកឧត្តម កែន សត្ថា អភិបាល នៃគណអភិបាលខេត្តកែប។
៣, ឯកឧត្តម ជីង ផល្លា អភិបាលរង នៃគណអភិបាលខេត្តកំពត។
និងការចូលរួមពី ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការរងនគរបាលជាតិ ឯកឧត្តម លោកជំទាវ អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រុមការងារបច្ចេកទេស ច្រកចេញចូលតែមួយសេវាអត្តសញ្ញាណកម្ម អភិបាលរងខេត្តកែប ស្នងការ ស្នងការរង និងមន្ត្រីជំនាញ នគរបាលខេត្តកែប, ខេត្តកំពត ប្រធាន អនុប្រធានមន្ទីរ អភិបាលក្រុង ស្រុក ចៅសង្កាត់ មេឃុំ មេភូមិ និងប្រជាពលរដ្ឋខេត្តកែបអភិបាលក្រុងកំពត ចៅសង្កាត់ទាំង៥ ចំណុះក្រុងកំពត និងមន្ត្រីពាក់ពន្ធ័ប្រមាណជាង៣៧៥នាក់។
តាមរបាយការណ៍របស់ឯកឧត្តម យិន ម៉ាលីណា អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដែលជាប្រធានក្រុមការងារបច្ចេកទេសច្រកចេញចូលតែមួយ សេវាកម្មអត្តសញ្ញាណកម្ម បានបញ្ជាក់ថា សេវាច្រកចេញចូលតែមួយខាងលើបានផ្តួចផ្តើម រៀបចំចាត់តាំងអនុវត្តន៍ ចាប់ពីពាក់កណ្តាលខែកក្កដា ឆ្នាំ២០១៧ តាមការអង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ ពីឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ម៉ៅ ចន្ទ័តារា ។ សេវានេះបង្កើតឡើងដំបូងមាន១០ឃុំ សង្កាត់ គឺនៅឃុំ សង្កាត់ទាំង៥ ក្នុងខេត្តកែប និងនៅសង្កាត់៥ទៀត ក្នុងក្រុងកំពត ខេត្តកំពត។ សេវានេះបង្កើតឡើងសំដៅបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋព្រោះថាយើងបានបង្ខិតសេវាចាំបាច់បួយនេះឱ្យដល់មូលដ្ឋាន ដើម្បីប្រជាពលរដ្ឋងាយស្រួល មកទទួលយកប្រើប្រាស់។ ការដំណើរការសេវានេះមួយផ្នែកជាការឧបត្ថម្ភ គាំទ្រពីអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងការចូលរួម សហការគាំទ្រ ពីអាជ្ញាធរខេត្ត និងស្នងការនគរបាលខេត្តទាំងពីរ កែប កំពត។
ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិ បណ្ឌិត ម៉ៅ ចន្ទ័តារា អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ឯកឧត្តម កែន សត្ថ អភិបាលខេត្តកែប បានលើកឡើងនូវការកោតសរសើរ សកម្មភាពការងារ របស់ក្រុមការងារបច្ចេកទេស មន្ត្រីជំនាញពាក់ពន្ធ័ ដែលបានរួមសហការ ធ្វើឱ្យសេវានេះដំណើរការដោយរលូន ទទួលបានលទ្ធផលជាវិជ្ជមាន។ ឯកឧត្តមក៏បានកញ្ជាក់បន្ថែមទៀតថា ដោយអនុវត្តន៍តាមគោលនយោបាយ គោលការណ៍ ដឹកនាំខ្ពង់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យប្រទេសជាតិយើងមានសន្តិភាពពេញបរិបូរណ៍ មានការអភិវឌ្ឍន៍ ប្រជាជនរស់នៅប្រកបដោយភាពសុខសាន្ត និងក្តីសង្ឃឹម ដែលចាំបាច់យើងទាំងអស់គ្នា ត្រូវតែរួមគ្នាបន្តគាំទ្រ ការពារ និងចូលរួមអនុវត្តន៍តាមការដឹកនាំដ៏ខ្ពង់ខ្ពស់នេះ ឱ្យបានច្រើនកុះករ និងយូរអង្វែងបន្តទៀត។ ទន្ទឹមនោះតាមអនុសាសន៍ និងការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ យើងបានធ្វើកំណែទំរង់សុីជំរៅ លើផ្នែករដ្ឋបាលដែនដី កងកំលាំងនគរបាលជាតិដែលបានធ្វើឱ្យសម្ថកិច្ចទាំពីរផ្នែកខាងលើក្លាយទៅជាផ្នែកបំរើសេវាដ៏មានប្រសិទ្ធភាព ឆាប់រហស័និងស្មោះត្រង់ ជូនប្រជាជនយើងគ្រប់ៗមូលដ្ឋាន។ ឯកឧត្តម ក៏បានផ្តល់អនុសាសន៍បន្ថែមពីបញ្ហាបច្ចេកទេស សីលធម៌មន្ត្រីជំនាញ និងបានសំណូមពរឱ្យគ្រប់ផ្នែកត្រូវរួមគ្នាធ្វើឱ្យបានសំរេចលទ្ធផលល្អសេវានេះ ដើម្បីជាពិសោធន៍ផង និងដើម្បីឈានទៅពង្រីកនៅឃុំ សង្កាត់ផ្សេងៗទៀតនៅពេលខាងមុខ។
មុននិងបញ្ចប់គណអធិបតី បានអញ្ជើញពិនិត្យដំណើរការផ្តល់សេវា ដោយមន្ត្រីជំនាញ នៅសាលាឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប និងបានផ្តល់វត្ថុអនុស្សាវរីយ៍ដល់អ្នកចូលរួម ដែលម្នាក់ៗទទួលបានថវិកា១មុឺនរៀល និងក្រមា១ ព្រមទាំងបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការច្រកចេញចូលតែមួយ សេវាអត្តសញ្ញាណកម្ម នៅឃុំ សង្កាត់ទាំងអស់ក្នុងខេត្តកែប និងនៅសង្កាត់៥ នៃក្រុងកំពត ខេត្តកំពត៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ